បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង សមត្ថកិច្ច​ជំនាញ​មិន​ចាត់វិធានការ​ទប់ស្កាត់​

កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ស្រុក​រុក្ខ​គិរី ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​ទៅ​តវ៉ា​ដល់​មុខ​សាលាស្រុក​ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បញ្ឈប់​ការបំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍​បន្តទៀត​។ ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​បាន​ឲ្យ​ដឹងថា ឈើ​ក្នុងព្រៃ​សហគមន៍​ទំហំ​ប្រមាណ​១០០០​ហិកតា​ត្រូវគេ​លួច​កាប់បំផ្លាញ​ជា​បន្តបន្ទាប់ ដើម្បី​យក​ឈើ​លក់​និង​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ អ្នកភូមិ​បាន​អំពាវនាវ​ឲ្យ​អភិបាលស្រុក​រុក្ខ​គិរី និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាស្រុក​រុក្ខ​គិរី កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ បានលើកឡើង​ថា​ព្រៃ​សហគមន៍​ជាង​១០០០​ហិកតា​នៅក្នុង​ចំណោម​ជាង​៣០០០​ហិកតា ត្រូវបាន​មន្ត្រីនគរបាល​និង​យោធា ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​ដែល​ប្រចាំការ​នៅក្នុង​តំបន់​នោះ បាន​ឃុបឃិត​គ្នា​កាប់​ឆ្ការព្រៃ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ពួកគាត់​ធ្លាប់​នាំគ្នា​ទៅ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​សហគមន៍​ព្រៃ​ត្រឡាច​ជាច្រើនលើក ប៉ុន្តែ​ពុំមាន​ប្រសិទ្ធិភាព​នោះទេ ព្រោះ​អ្នក​ដែល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ គឺជា​អ្នកមាន​លុយ អ្នកមានអំណាច​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​រុក្ខ​គិរី​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​សហគមន៍​នឹងត្រូវ​វិនាស​សាបសូន្យ​ជាមិនខាន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា កន្លងមក​លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​រុក្ខ​គិរី មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នោះទេ បើទោះបី​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ជា​បន្តបន្ទាប់​ក៏ដោយ​។ ហេតុនេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​រុក្ខ​គិរី​ជាបន្ទាន់ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស​ផងដែរ​៕

chansophal2លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង image