បទល្មើស​បំផ្លាញ​ឈើ​ប្រណីត​នៅក្នុង​ព្រៃ​សហគមន៍​ព្រះ​រកា ខេត្តព្រះវិហារ កើតឡើង​យ៉ាង​ពេញបន្ទុក

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា​ជាបន្ទាន់ ព្រោះ​ឈើ​ប្រណីត​ក្នុងព្រៃ​នេះ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​រិះគន់ថា​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត និង​លោក អ៊ិត ភូមិ​រ៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ប្រណីត​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នោះទេ​។ បច្ចុប្បន្ន​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា​ដូចជា សុ​ក្រំ ធ្នង់ បេង នាងនួន​ជាដើម កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ហើយ​មាន​ឈ្មួញ​ធំៗ​ជា​អ្នកប្រព្រឹត្ត​ផ្ទាល់​តែម្ដង​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ទាំង​៣​ខាងលើ​បាន​ឲ្យ​ដឹងថា ពួកគាត់​តែង​ប្រមូល​ផ្ដុំគ្នា​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដោយ​ខ្លួនឯង ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ព្រៃ​ព្រះ​រកា គឺជា​ព្រៃ​ធម្មជាតិ​ដ៏​ធំ​ទី​ពីរ​បន្ទាប់ពី​ព្រៃ​ឡង់ មាន​ទំហំ​៩៨០០០​ហិកតា​។ បច្ចុប្បន្ន​ព្រៃ​ធម្មជាតិ​ដែល​សំបូរ​ទៅដោយ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​និង​ជា​ជម្រក​សត្វព្រៃ​ផង​នោះ កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ជាពិសេស​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត និង​លោក អ៊ិត ភូមិ​រ៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មិន​ត្រឹមតែ​កើតមាន​បទល្មើស​កាប់​ឈើ​ប្រណីត​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​រាលដាល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក​ផងដែរ​៕

12039422_457754284403497_6996180663238782333_n 12049291_457754264403499_8131408398940392406_n 12042910_457754391070153_4347950899267627888_n