យុទ្ធនាការ​ទ្រុងទ្រាយ​ធំ​​បង្ក្រាប​បទល្មើស​នេសា​ទ​ខុស​ច្បាប់​​៣​ថ្ងៃ​​នៅ​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង​ ៖ រយៈពេល​​៣​ថ្ងៃ​​ ចាប់​ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃ​ទី​២៧ ​តុលា​ ២០១៥​ កម្លាំង​រដ្ឋបាល​ជលផល​​សហការ​ជាមួយ​កម្លាំង​​ចម្រុះ​​​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ ដកហូត​វត្ថុ​តាង​ជា​ច្រើន​ដោយ​​ធ្វើការ​កម្ទេច​ចោល​នៅ​​នឹង​កន្លែង​ ស្ថិត​នៅ​តំបន់​ចំណុចអូ​តា​ឡាស ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

​លោក ដៀប បូ​រា នាយ​រង​ខណ្ឌ​ជលផល​​ស្ទឹងត្រែង​ ​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​រយៈពេល​៣ថ្ងៃ​​ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​​​ដែល​ដឹកនាំ​ដោយ​កម្លាំង​រដ្ឋបាល​ជលផល​ខេត្ត ​​សហការ​ជាមួយ​កម្លាំង​ឆ្មាំ​ទន្លេ​​ប៉ុស្តិ៍​អភិរក្ស​សត្វ​ផ្សោត​អន្លង់​​ឈើទាល សហគមន៍​នេសាទ​ក្រឡាពាស ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ​ព្រះ​រំកិល កម្លាំង​វរ​សេនា​តូច​នគរ​បាល​​ការពារ​ព្រំដែន​គោក​លេខ​៧០១ និង​កង​អនុ​សេនា​តូច​ទី​៧ ​​ចុះ​​បង្ក្រាប​បទល្មើស​ទ្រុងទ្រាយ​ធំ​នៅ​​​ទី​តាំង​ខាលើ ​​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ ​រួម​មាន​ ដាយ​(​ជី​ម​)​ចំនួន​១៧​កន្លែង សាច់អួន​​២​មាត់​ប្រវែង​៤០​ម៉ែត្រ ក្រៅពី​នោះ​មាន​ឌុ​ក​ចំនួន​១​គ្រឿង ថ្ម​២៥,៥​តោន បង្គោល​ឈើចំនួន​១២៦០​ដើម ព្រួល​៤៥០​ម៉ែត្រ និង​បាន​​ណែនាំអប់រំ​ប្រជា​នេសាទ​ម្នាក់ ដែល​​​ដឹក​សាច់​អួន សម្រាប់​ដាក់​ដាយ​នោះ​ផង​ដែរ ។

​លោកនាយ​រង​ខណ្ឌ​ បាន​បន្ត​ថា​ នៅ​រដូវ​បើក​នេសាទ ជា​ពេល​ដែល​ត្រី​ត្រូវធ្វើ​ចរាចរ​ណ៍ចេញពី​អូរចុះ​ទៅ​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ និង​តំបន់​ទន្លេសាប ដែល​កម្លាំង​ជំនាញរ​ដ្ឋ​បាល​ជលផល ​ត្រូវ​ចុះ​​​បង្ក្រាប​រាល​ករណី​កើតឡើង​នៅ​បទល្មើស​នេសាទ​នៅ​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ត្រី​ធ្វើ​ចរាច​ណ៍​ពី​តំបន់​មួយ​ទៅ​តំបន់​ដទៃ​ទៀត ជា​ពិសេស​ដូច​ករណី​បទល្មើស​ខាងលើ​ដែរ ​ត្រូវ​​ជំរុញ​​ឲ្យ​មានការ​បង្ក្រាប ​និង​កម្ទេច​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​ទាំង​​អស់​ដើម្បី​ឈាន​ទៅ​ដល់​ការ​លុបបំបាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​​នៅ​ទន្លេ​ទាំង​បួន​នៃខេត្ត​ស្ទឹ​ត្រែង​ ៕​