ការជេរប្រមាថ​ព្រះសង្ឃ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

​ព្រះសង្ឃ ត្រូវបាន​ពុទ្ធសាសនិក​នៅក្នុង​ប្រទេស​កម្ពុជា ចាត់ទុកថា ជា​ស្រែបុណ្យ ជា​សាវក​របស់​ព្រះពុទ្ធ និង​ជា​ក្រុម​ឧ​ត្ត​ម​ភេទ​ដែលជា​ទីសក្ការៈ​។ តែ​កន្លងមកនេះ ពលរដ្ឋ​ខ្មែរ​ខ្លះ ហាក់​មិនសូវ​គោរព​ឲ្យ​តម្លៃ​ព្រះសង្ឃ​នោះឡើយ​។ ពេលខ្លះ មាន​ដល់​ជន​មួយចំនួន ជេរប្រមាថ ព្រះសង្ឃ​ផងដែរ​។ នៅក្នុង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា បានចាត់ទុក​ការប្រមាថ ព្រះសង្ឃ​ថា ជា​បទល្មើស​ដែល​ត្រូវ​ជាប់ពន្ធនាគារ​។

​ស្តា​ប់លោក ជា ធី​រិ​ទ្ធ ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ ដោយមាន​ការសាកសួរ​ពី​លោក រឿន ភា​រុន​៖

​សំណួរ​៖ ធី​រិ​ទ្ធ នៅក្នុង​ច្បាប់​អាណាចក្រ ប្រសិនបើ​ជន​ណាមួយ​ជេរប្រមាថ​ព្រះសង្ឃ​តើ​មានទោស​ទណ្ឌ​ឬទេ​? ហើយ​បើ​មាន តើ​ទោស​នោះ​ត្រូវ​ផ្តន្ទា​យ៉ាងដូចម្តេច​?

​ចម្លើយ​៖ បាទ ជាការ​ពិតណាស់ ជន​ណា​ដែល​ប្រមាថ​ទៅ​ទៅលើ​ព្រះសង្ឃ គឺ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដែល​ស្ថិតនៅក្នុង​ប្រភេទ​បទល្មើស​លហុ​។ នៅក្នុង​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា នៅ​ជំពូក​ទី ៥ ដែល​និយាយ​ពី ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​របស់​រដ្ឋ ត្រង់​មាត្រា ៥១៦ បានកំណត់​ពីបទ​ល្មើស​ប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង​តាជី​។ នៅក្នុង​មាត្រា​នេះ បាន​ចែងថា ការប្រមាថ ដែល​ប្រព្រឹត្តឡើង​ចំពោះ​ព្រះសង្ឃ ដូនជី ឬ​តាជី នៅក្នុង​ក្របខណ្ឌ​នៃ​មុខងារ​ឬ​នៅ​ក្នុងឱកាស​នៃ​ការបំពេញ​មុខងារ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ថ្ងៃ​ដល់ ៦ ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ពី ១០០០ រៀល ដល់ ១ សែន​រៀល​។ ហើយ​ថា អ្វី​ទៅជា​ការប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី ឬ​តាជី​? ផ្អែក​តាម​មាត្រា ៥០២ នៃ​ក្រម​ដដែល​នេះ  ការប្រមាថ គឺ​សំដៅ​ទៅលើ​ការប្រើ វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល (​ព្រ​សង្ឃ ដូនជី តាជី​)​។​

​សំណួរ​៖ ធី​រិ​ទ្ធ នេះ​គ្រាន់តែ​ជា​ទោសទណ្ឌ​នៃ​ការជេរប្រមាថ​ព្រះសង្ឃ​តែប៉ុណ្ណោះ ចុះ​ធី​រិ​ទ្ធ បើ​មាន​ករណី​ឈានទៅដល់​ការប្រើ​អំពើហិង្សា​ទៅលើ​ព្រះសង្ឃ​ទៀត តើ​ត្រូវ​មានទោស​បែបណា​ទៅវិញ​?

​ចម្លើយ​៖ អរគុណ​ភា​រុន ចំពោះ​សំណួរ​នេះ​។ ប្រសិនបើជា​ឈានដល់​ការប្រើ​អំពើហិង្សា​លើ​ព្រះសង្ឃ​ទៀត វា​ប្រាកដ​ច្បាស់​ណាស់​ថា ជន​នោះ​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​បន្ថែមទៀត​។ នៅ​ជំពូក​ទី ៥ ដដែល ត្រង់​មាត្រា ៥១៣ បាន​ចែងថា ជន​ណា​ដែល​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ចំពោះ ព្រះ​ស​ង្ឃ ដូនជី ឬ​តាជី ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​ទៅ ១០ លាន​រៀល​។ ហើយ​ភា​រុន នឹងមាន​ស្ថាន​ទម្ងន់ទោស ប្រសិនបើ​មាន​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ចេតនា ចំពោះ​ព្រះសង្ឃ ដូនជី ឬ​តាជី ឈានដល់​មានការ​កាត់​អវយវៈ ឬ​ពិការភាព​អចិន្ត្រៃយ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ​។ ជាងនេះទៅទៀត អ្នកប្រព្រឹត្ត​ត្រូវ​ជាប់ទោស​ពី ១០ ដល់ ២០ ឆ្នាំ កាលបើ​អំពើហិង្សា​នេះ បណ្តាល​ឲ្យ​ព្រះសង្ឃ​សុគត បើ​ទោះ​គ្មាន​ចេតនា​សម្លាប់​។ នេះ​ផ្អែក​តាម​មាត្រា ៥១៤  និង​មាត្រា ៥១៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​។​

សំណួរ​៖ ធី​រិ​ទ្ធ និយាយ​ដល់​ទោសទណ្ឌ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ព្រះសង្ឃ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​បើ​មាន​ការប្រើ​អំពើហិង្សា​ទៅលើ​មនុស្ស​ធម្មតា មិនមែនជា​ព្រះសង្ឃ ដូនជី ឬ​តាជី វិញ តើ​កម្រិត​នៃ​ទោស​នោះ​ដូចគ្នា​ទេ បើ​វា​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា​ដូចគ្នា​?

​ចម្លើយ​៖ ត្រង់ចំណុច​នេះ​ល្អ​ណាស់ ភា​រុន គឺ​វា​មាន​កម្រិត​នៃ​ការដាក់ទោស​ផ្សេងៗ​គ្នា បើទោះបីជា​បទល្មើស​ហិង្សា​ដោយ​ចេតនា​ដូចគ្នា ពោលគឺ​ប្រព្រឹត្ត​ហិង្សា​ចំពោះ​ព្រះសង្ឃ ដូនជី ឬ​តាជី មាន​កម្រិត​ទោស​ធ្ងន់​ជាង ប្រព្រឹត្ត​ទៅលើ​មនុស្ស​ធម្មតា​ដែល​មិនជា​ព្រ​សង្ឃ​។ អំ​បិ​ញ​មិញ ខ្ញុំ​បាន​និយាយ​ហើយ​អំពី​កម្រិត​ទោស​ចំនួន ៣ កម្រិត នៅក្នុង​បទល្មើស​ហិង្សា​ដោយ​ចេតនា​ដូចគ្នា ដែល​ធ្វើ​ទៅលើ​ព្រះសង្ឃ ដូនជី ឬ​តាជី ដែល​កម្រិត​ទោស​ទាំង ៣ នេះ មាន​ជាប់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ  និង​មាន​ពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ ព្រមទាំង​មាន​ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ​។ ដោយឡែក​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ហិង្សា​ទៅលើ​មនុស្ស​ធម្មតា មានន័យថា ជន​ដែល​រងគ្រោះ​នោះ​មិនមែនជា​ព្រះសង្ឃ ដូនជី តាជី​។ ឧទាហរណ៍​ឲ្យ​ងាយ​យល់ ដូច​ភា​រុន​ និង​រូបខ្ញុំ ដែលមាន​អាយុ​ប្រហាក់ប្រហែល នៅ​កម្លាំង​ដូចគ្នា ប្រ​សិ​បើ​ខ្ញុំ​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា​ទៅលើ​ភា​រុន តាម​ក្រមព្រហ្មទណ្ឌ​មាត្រា ២១៧ ខ្ញុំ​ត្រូវ​ជាប់ពន្ធនាគារ​តែ​ពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន ដល់ ៦ លាន រៀល តែបើ​ខ្ញុំ​ប្រព្រឹត្ត​បែបនេះ​ទៅលើ​ព្រះសង្ឃ ដូនជី ឬ​តាជី​ខ្ញុំ​ត្រូវ​ជាប់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ​។ ហើយ​បើ​ឈានដល់​ការ​កាត់​អវយវៈ ឬ​ធ្វើ​ឲ្យ​ភា​រុន ពិការភាព​ទៀត ខ្ញុំ​ត្រូវ​ជាប់ទោស​ពី ៥ ដល់ ១០ ដែល​ខុសពី​ទោស​ដែល​ប្រព្រឹត្ត​ទៅលើ​ព្រះសង្ឃ​ត្រូវ​ជាប់ពន្ធនាគារ​ពី ៧ ទៅ ១៥ ឆ្នាំ​។ លើសពីនេះ បើសិនជា​ខ្ញុំ​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ភា​រុន ស្លាប់ បើ​ទោះ​គ្មាន​ចេតនា​សម្លាប់ ខ្ញុំ​ត្រូវ​ជាប់ទោស​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ដែល​ផ្ទុយ​ពី​កម្រិត​ទោស​ដែល​ប្រព្រឹត្ត​លើ​ព្រះសង្ឃ ដូនជី ឬ​តាជី ត្រូវ​ជាប់គុក​ពី ១០ ទៅ ២០ ឆ្នាំ​។​នេះ​បើ​ផ្អែក​តាម​មាត្រា ២២២ និង​មាត្រា ២២៣ នៃ​ច្បាប់​ដដែល​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​