បាង កាយ៉ាក ប៉ះ Jorm Hot ដើម្បី​ការពារ​ខ្សែ​ក្រវាត់ Naga World ខណៈ​កម្ពុជា ២រូប​ជួប​ថៃ​ដូចគ្នា

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងថៃ៣រូប ឆ្លងដែនណាត់ជួប សាកជើងខ្លាំងកម្ពុជា គឺអ្នកប្រដាល់ បាង កាយ៉ាក ក្លឹបអប្សរាគុនខ្មែរ រីឯប្រដាល់ ម៉ន លីហួរ ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក និងអ្នកប្រដាល់ កំពែងខ្មៅ ក្លឹបក្រសួងកសិកម្ម សែន រ៉ាដេត ក្លឹបក្រសួងការពារជាតិ នៅលើសង្វៀនអប្សរា ក្នុងកម្មវិធីប្រកួតប្រចាំខែតុលា របស់ស្ថានីយទូរទស្សន៍អប្សរា ដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភពីណាហ្គាវើល នាល្ងាចថ្ងៃសៅ ទី៣១ ខែតុលា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ ។

អ្នកប្រដាល់ បាង កាយ៉ាក ក្លឹបអប្សរាគុនខ្មែរ និងជាម្ចាស់ខ្សែក្រវាត់ Naga World ទម្ងន់៥៧គីឡូក្រាម ប៉ះអ្នកប្រដាល់ថៃ Jorm Hot ។ កាយ៉ាក់ ជាអ្នកប្រដាល់ដែលមិនទាន់ស្គាល់ចាញ់ម្តងណានៅឡើយ នៅក្នុងកំណត់ត្រាប្រកួត៥០លើករបស់គេ ។ ចំពោះ Jorm Hot អ្នកប្រដាល់ថៃម្នាក់នេះ ពុំដែលមកប្រកួតនៅភ្នំពេញទេ កាលពីពេលកន្លងមក ។

តាមលោក សុខ សំណាង អ្នកចាត់ចែងកម្មវិធីប្រដាល់នៅសង្វៀនអប្សរាបានឲ្យដឹងថា Jorm Hot នេះ នៅស្រុកថៃជាជើងខ្លាំងគ្មានអ្នកណាឈ្នះគេទេ ក្នុងប្រភេទទម្ងន់៥៧គ.ក្រនេះ កាលដែលមកជួប កាយ៉ាកនេះ គឺដើម្បីចង់ស្គាល់ថ្វីដៃកាយ៉ាក ដែលល្បីថាខ្លាំង មិនដែលស្គាល់ចាញ់នោះ ។ អ្នកប្រដាល់ បាង កាយ៉ាក មិនធ្លាប់ដែលប្រកួតចាញ់អ្នកប្រដាល់ថៃណាម្នាក់នៅឡើយទេ ក្នុងការប្រកួតនៅក្នុងស្រុកក្តី និងក្រៅស្រុកក្តី ។ កាយ៉ាក មានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ ហើយមានកលល្បិចខ្ពស់ក្នុងការប្រកួត ។ កាយ៉ាក មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត ។

ចំពោះអ្នកប្រដាល់ ម៉ន លីហួរ ម្ចាស់ខ្សែក្រវាត់ គូបូតា ទម្ងន់៥៧គីឡូក្រាម ត្រូវស្វាគមន៍អ្នកប្រដាល់ថៃ Sa Than Fa នេះជាលើកទី១ សម្រាប់ ម៉ន លីហួរ ហើយដែលបានជួបប្រកួតជាមួយថៃនេះ ។

បើតាមលោកសុខ សំណាង បានឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះខ្លាំងគួរសមដែរ ប៉ុន្តែយ៉ាងណាមិនជាលើសលីហួរប៉ុន្មានទេ គឺអាចស៊ីសងគ្នាបាន ។ ម៉ន លីហួរ ប្រកួតនៅក្នុងស្រុក ពិបាករកដៃគូណាស់ ព្រោះល្មមៗគឺមិនអាចប៉ះជា មួយគេបានឡើយ លីហួរ វាយឈ្នះអ្នកប្រដាល់រួមជាតិ សឹងតែអស់ហើយ ដែលការប្រកួតចុងក្រោយនេះ គេវាយឈ្នះយុគ យក្សផ្លែ ក្លឹបអប់រំកាយកីឡា ខេត្តបាត់ដំបងដោយពិន្ទុ ។ ចំណែកអ្នកប្រដាល់ កំពែងខ្មៅ ប៉ះអ្នកប្រដាល់ថៃ VE TAN មានទម្ងន់៥៣គ.ក្រ ។

អ្នកប្រដាល់ថៃ VE TAN នេះក៏ដូច២នាក់ខាងលើដែរ គឺគ្មានដឹងប្រវត្តិថា គេប្រកួតបានប៉ុន្មានដងនោះឡើយ ។ ណា មួយសមនឹងគេមិនដែលមកប្រកួតនៅស្រុកខ្មែរទៀត រឹតតែងងឹតឈឹងអំពីសមត្ថភាពរបស់គេនោះ ។ កំពែងខ្មៅ ធ្លាប់ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ៤ដងហើយ ដោយវាយឈ្នះថៃ៣ដង និងចាញ់ម្តង ដែលលើកទី១ គេវាយថៃឲ្យសន្លប់ក្នុងទឹកទី១ លើកទី២ និងលើកទី៣ គេវាយឈ្នះថៃដោយពិន្ទុ តែជួបថៃលើកទី៤នោះ វាយចាញ់ដោយពិន្ទុ ។ កំពែងខ្មៅមានស្នៀតទាត់ កែង និងជង្គង់ល្អ ហើយវាយលឿនរហ័ស ឯកម្លាំងស៊ុហ្វក៏រឹងមាំដែរ ៕

បាង កាយ៉ាក ប៉ះ Jorm Hot ដើម្បី​ការពារ​ខ្សែ​ក្រវាត់ Naga World ខណៈ​កម្ពុជា ២រូប​ជួប​ថៃ​ដូចគ្នា