មិនដឹង ព្រះរាជអាជ្ញា ឬក៏​មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ ជា​អ្នក​ដោះលែង​មេក្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​

ខេត្តកំពង់ស្ពឺ: មេក្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​អាវុធហត្ថ​ស្រុក​ភ្នំស្រួច ចាប់ខ្លួន​
​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​ដោះលែង​ដោយ​ស្ងាត់ៗ​។ ប្រភព​ខ្លះ​ថា មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ជា​អ្នក​ដោះលែង តែ​ខ្លះ​ក៏​ថា ព្រះរាជអាជ្ញា​តុលាការខេត្ត​កំពង់ស្ពឺ ជា​អ្នក​ដោះលែង​មេក្លោង​ជួញដូរ​គ្រឿងញៀន ដោយ​ស្ងាត់ៗ​។ ចំណែក​ក្រុមមន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច ដែល​ខិតខំ​ចាប់​ជនសង្ស័យ ទម្រាំ​តែ​បាន​មេក្លោង​ជួញដូរ​គ្រឿងញៀន​នោះ បាន​សម្តែង​ការមិនសប្បាយចិត្ត​។​

​ប្រភព​បាន​ទម្លាយ​អោយដឹងថា ជនសង្ស័យ​ក្នុង​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន មានឈ្មោះ​ ​ហេង សាលី ចាប់ខ្លួន​នៅ​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ ដោយ​ដកហូត​បាន​គ្រឿងញៀន និង​វត្ថុតាង​មួយចំនួន រួមទាំង​ឡាន​មួយគ្រឿង​។

​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​ជនសង្ស័យ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​ទៅវិញ​។ ការដោះលែង​នេះ មិនដឹង​ជា មូលហេតុ​អ្វី ត្រូវ​ដោះលែង​នោះទេ​។​

​ប្រភព​ខ្លះទៀត បាន​បន្តថា បន្ទាប់ពី​បញ្ជូន​ជនសង្ស័យ​ទៅដល់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ខាង​ជំនាញ ក៏បាន​ធ្វើ​នីតិវិធី​បែបបទ បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ ​បានសម្រេច​ដោះលែង​ជនសង្ស័យ​ទៅវិញ​។​

​មិនទាន់មាន​ការបកស្រាយ​បែបណា​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និង​ព្រះរាជអាជ្ញា​តុលាការខេត្ត​កំពង់ស្ពឺ ជុំវិញ​ដំណឹង​នៃ​ការដោះលែង​មេក្លោង​គ្រឿង​ញៀន​​នោះ​​នៅឡើយ​ទេ​៕​