លោក​កឹម​សុខា សរសេរ​លិខិត​ស្នើសុំ​ជួប​សម្តេច​សខេង ដើម្បី​ពិភាក្សា​ពី​បញ្ហានយោបាយ ដែល​កំពុង​ឡើង​កំដៅ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​លិខិត​ដាក់ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ដើម្បី​សុំ​ជួបពិភាក្សា​បញ្ហា​មួយចំនួន​។ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ​។​

​ការស្វែងរក​ជួប​មុខ​មេដឹកនាំ​កំពូល​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នោះ ក៏​ទាក់ទង​ករណី​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ និង​ការរំខាន​លំនៅដ្ឋាន​របស់លោក​កឹម សុខា ផងដែរ​។ ករណី​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​លោក ជូ​ង ជូ​ងី មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​តុលាការ​ផងដែរ​។ ប៉ុន្តែ​មេធាវី នៅ​មិនទាន់​យកពាក្យ​បណ្តឹង ទៅ​ដាក់​នៅឡើយ​ទេ​។​

​មន្ត្រី​ដដែល បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ញ្ញត្តិ​ដាក់​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្តា​ស្ថានទូត ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​រាជរដ្ឋាភិបាល កាលពី​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ អំពី​ហេតុការណ៍​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

មកដល់ថ្ងៃទី២៨តុលានេះ លោកកឹមសុខា កំពុងស្ថិតនៅប្រទេសថៃ ជាមួយនឹងភរិយា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ក្នុងគោលបំណង សួរសុខ​ទុក្ខ​អាការៈជំងឺរបស់តំណាងរាស្ត្រពីររូប ដែលត្រូវគេវាយ គឺលោក ញ៉យ ចំរើន និង​លោក គង់សុភា នៅមន្ទីរពេទ្យថៃ។ ចំណែកសម្តេចសខេង កំពុង​បំពេញ​ទស្សនកិច្ច ចូលរួម​កិច្ច​ប្រជុំ នៅប្រទេស​វៀតណាម នាថ្ងៃទី២៨​តុលា​នេះ៕