ស្ត្រី​ខ្មែរ​រងគ្រោះ ៤ នាក់​បន្ថែមទៀត ត្រូវបាន​ក្រសួងការបរទេស ជួយសង្គ្រោះ​ជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាស​នៅ​ថ្ងៃទី​២៨​តុលា​នេះ​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន ៤​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ ហើយ​ជួប​ការលំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​សេចក្តីប្រកាស​ដដែល បង្ហាញថា ស្ត្រី​រងគ្រោះ​ទាំង ៤ នាក់​នោះ រួមមាន​៖   
១-​ពល​ការិនី​ខ្មែរ​រងគ្រោះ​ឈ្មោះ អ៊ី តូច នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង  បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៤  បានមក​ស្ថានទូត នៅ​ថ្ងៃទី ២២ ខ តុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី អ៊ី តូច នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥  វេលា​ម៉ោង ១៦:០០ នាទី រសៀល តាម​ជើងយន្តហោះ AK៥៣៤​។  

២- ពល​ការិនី​ខ្មែរ​រងគ្រោះ ៣​នាក់​ទៀត ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ វេលា​ម៉ោង ០៧:៥០ នាទី ព្រឹក តាម​ជើងយន្តហោះ AK៥៣៦  មានឈ្មោះ​៖

-​នៅ ស្រី​នាង អាយុ ២២ ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល  បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០១៥  សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ ត្រូវបាន​បងស្រី​បង្កើត​នាំយកទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ធ្វើការ​នៅ​ហាង បោកគក់​សំលៀកបំពាក់​។​

- ឌី ចាន់​ស្រ៊ូ  អាយុ ២០ ឆ្នាំ នៅ​ភូមិ​កំពង់​បឹង  ឃុំ​កំពង់​ហាវ  ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បានមក​ស្ថានទូត​នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៥  សុំ​ជួយ​ឲ្យ​បាន វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤  ធ្វើការ​តាម​ផ្ទះ​។​

-  សំ ស៊ីណា (​ឈ្មោះ​ពិត សំ ស៊ី​ណែ​ត​) អាយុ ២០ ឆ្នាំ នៅ​ភូមិ​តា​ញ៉ោ​ក ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ កាលពី​ឆ្នាំ​២០១២ ធ្វើការ​នៅ​ហាង​លក់​បាយ​។​

​អ្នកនាំពាក្យ​បន្តថា កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក ជូន​ដល់​ពល​ការិនី​ទាំង ៤ នាក់​៕​