ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​

ភ្នំពេញ: ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា MOU រវាង​តំណាង​រដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន វើ​លដ៍ ប្រ៊ី​ដ៍​ឡេ​ន ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន Strait Construction Group Pte Ldt ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៨​តុលា​នេះ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
 
​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានលើកឡើង​ក្នុងឱកាស​នោះ​ថា ក្នុង​ការងារ​កែទម្រង់​ទាក់ទង​នឹង​វិស័យ​ដីធ្លី ពិសេស​ទាក់ទង​នឹង​លំនៅឋាន មានតម្លៃ​ទាប​សម្រាប់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន​។
​លោក​ទេសរដ្ឋមន្ត្រី​បន្តថា គោលនយោបាយ​នេះ បានចង្អុលបង្ហាញ​នូវ​ជម្រើស​ចំនួន​៧ ដើម្បី​ដោះស្រាយ​បញ្ហា​លំនៅឋាន ក្នុងនេះ ជម្រើស​ដ៏​សំខាន់​មួយ គឺ​ជម្រើស កិច្ចសហការ​រវាងរ​ដ្ឋ​ជាមួយ​វិស័យ​ឯកជន​។ ជាការ​ពិត ដូចដែល​អង្គប្រជុំ​ជ្រាប​ហើយ ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ការផ្គត់ផ្គង់​លំនៅឋាន​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធ្ងន់ធ្ងរ ពីព្រោះ​ត្រូវការ​វិនិយោគ​ដ៏​ធំធេង​ទៅលើ​វិស័យ​ដីធ្លី សំណង់ ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ព្រមទាំង​សេវា​ផ្សេងៗ​។ ដូច្នេះ​ទាមទារ​ឱ្យមាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​រដ្ឋ​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​ផ្នែក​ផ្សេងទៀត​។​

​ដោយឡែក សម្រាប់​ជម្រើស “​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​” ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម លើកឡើង​នូវ​គោលនយោបាយ ចំនួន ៣ ដែល​ចុះហត្ថលេខា​លើ MOU នាពេលនេះ រួមមាន​៖
(១). ករណី​ដែល​រដ្ឋ​មាន​ដី ឬ​គ្មាន​ដី អាច​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដូចជា​នៅក្រោយពេល​សាងសង់​រួច ក្រុមហ៊ុន​អាច​លក់​លំនៅឋាន​មួយចំនួន ក្នុងតម្លៃ​ទីផ្សារ​ជូន​អតិថិជន​របស់ខ្លួន ហើយ​មួយចំនួនទៀត ប្រគល់ជូន​រដ្ឋ​សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប​។​

(២). រដ្ឋ​អាច​ផ្ដល់​ដី​ក្នុង​ចំណែក​ណាមួយ ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដើម្បី​សាងសង់ លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប ដោយ​តម្រូវឱ្យ​បង់​រំលស់​ក្នុង​រយៈពេល​វែង ដោយ​គ្មាន​ការប្រាក់​។​

(៣). រដ្ឋ​អាច​ផ្ដល់​ការអភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​សង្គម ក្នុងករណី​ដែល​ផ្នែក​ឯកជន​មាន​ដី និង​ទុន​សម្រាប់​វិនិយោគ ប៉ុន្តែ​ត្រូវ​ផ្ដល់​មក​រដ្ឋ​វិញ​ក្នុង​សមាមាត្រ​ណាមួយ ដែល​រដ្ឋ​អាច​យកមកប្រើ​សម្រាប់​ជា​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប​។​

​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្រោយ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា នៅ​ថ្ងៃទី​២៨​តុលា​នេះ រវាង​អគ្គនាយកដ្ឋាន​លំនៅឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយ​ក្រុមហ៊ុន​វើ​លដ៍​ប្រ៊ី​ដ៍​ឡេ​ន ខូ​អិ​ល​ធី​ឌី ក៏ដូចជា​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន វើ​លដ៍​ប្រ៊ី​ដ៍​ឡេ​ន ខូ​អិ​ល​ធី​ឌី ជាមួយ​ក្រុមហ៊ុន Strait Construction Group Pte Ldt ភាគី​ទាំង ៣ នឹង​រួមគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ ស្របតាម​គោលការណ៍ ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ របស់​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្ត​សកម្មភាព​ជាក់លាក់ ក្នុងការ​សិក្សា​លើកឡើង តាមរយៈ​ការសម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នូវ​ជម្រើស​ជាក់ស្ដែង​សមស្រប​លើ​ផ្នែក​បច្ចេកទេស ផ្នែក​ហិរញ្ញ​វ​ត្តុ និង​ផ្នែក​គតិយុត្ត រួមបញ្ចូល​ទាំង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការទិញ ឬ​ការជួល​លំនៅឋាន​សាធារណៈ​... ដើម្បី​សុំ​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល និង​ឈានទៅ​អនុវត្ត​គម្រោង​អភិ​ឌ្ឍ​ជាក់ស្ដែង​។​

​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បាន​គូសបញ្ជាក់ថា កិច្ចសហការ​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ទាំងពីរ ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី លំនៅឋាន​របស់​រាជរ​ដ្ឋា​ភិ​បាល នាពេលនេះ ជាការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការខិតខំ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​សិទ្ធិ​ទទួលបាន​លំនៅឋាន​សមរម្យ ស្របតាម​ស្មារតី​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​៕​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សង់ផ្ទះ លក់​ក្នុងតម្លៃ​ទាប​ឲ្យ​ប្រជាពលរដ្ឋ​
ពិធីចុះ MOU រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី២៨តុលា
 ( រូបភាព និងអត្ថបទពីហ្វេសប៊ុកលោក Chin Vanchan )