​កម្មករ​សាឡង់​បូម​ខ្សាច់ដែល​លង់​ទឹក​នៅ​ស្រុក​កៀន​ស្វាយ​​ សព​បាន​​​ផុសអណ្តែតហើយ

​ខេត្ត​កណ្តាល​ ៖ កម្មករ​សាឡង់​បូម​ខ្សាច់​ម្នាក់​ដែល​លោត​ទឹក​តាម​ចាប់​ទុយោ​ធ្លាក់​ពី​លើ​សាឡង់ ខណៈ​កំពុង​ធ្វើ​សកម្ម​ភាព​បូម​ខ្សាច់​នៅ​ចំណុច​កណ្តាល​ទន្លេ​មេគង្គ​បណ្តាល​ឱ្យ​លង់​ទឹក​លិច​បាត់​កាល​ពី​វេលា​ម៉ោង៤ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៥ តុលា ២០១៥ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ​ ​នោះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ផុស​អណ្តែត​ទឹក​ទើ​ជាប់​នឹង​ព្រួល​លប​ក្បែរ​ច្រាំង​ទន្លេ​ ស្ថិត​ក្នុង​ភូមិ​ក្អម​សំណ​​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែកកាល​ពី​វេលា​ម៉ោង​១១ និង​៤៧​នាទី​ព្រឹក​ ថ្ងៃ​ទី ២៧ តុលា ។

បន្ទាប់​ពី​មានការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញស​ព​អណ្តែត​ទឹក​ សមត្ថ​កិច្ច​ជំនាញ​បានសហការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ប៉ុស្តិ៍​ មន្ត្រី​ប៉េ​អឹម អាជ្ញា​ធរ​ភូមិ​-ឃុំ រួម​ជាមួយ​គ្រូ​ពេទ្យ​ស្រុក​លើក​ដែក​បាន​ចុះ​ទៅ​ជួល​ប្រជា​ពលរដ្ឋ​ឱ្យ​អូស​សព​យក​មកលើ​គោក​មាត់​ច្រាំង​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​។

ក្រោយ​ពី​ពិនិត្យ​រួច​ គណៈ​កម្មការ​ចម្រុះ​បាន​ប​ញ្ជាក់ថា សព​ជន​រង​គ្រោះមិន​មាន​ស្លាក​ស្នាម​អ្វី​ពាក់​ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ​ គឺ​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ឈ្លក់​ទឹក​ទន្លេ​ពិត​ប្រាកដ​មែន​​។

តាម​សម្តី​ក្រុម​គ្រួសារ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឈុត សុឃីម ​អាយុ​២៨​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់​ ប្រពន្ធ​ឈ្មោះ​ខួច អាយុ​២៥​ឆ្នាំ​ មាន​កូន​២នាក់ មាន​ស្រុក​កំណើត​ភូមិ​ព្រៃ​រុន ឃុំ​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​៕