មន្ត្រី​ប៉ុស្ដិ៍​លេខ​5​ថា ឈាន ហុង បាត់​ឱកាស​តំណាង​ជាតិ​ទៅ​ប្រកួត​នៅ​ថៃ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​បរាជ័យ​របស់​ឈាន ហុង ក្រោម​រន្ទះ​ជើង​មហា​ទម្ងន់​របស់​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ស៊ីម៉ង់​អូដ្ឋ កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន មន្ត្រី​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​បង្ហាញ​ការ​សោកស្ដាយ​ភ្លាម​ៗ​ថា កីឡាករ​រូប​នេះ​បាន​បាត់បង់​ឱកាស​តំណាង​ជាតិ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​ឲ្យ​ប៉ុស្ដិ៍​លេខ​៥​ខកចិត្ត​មិន​តិច​ទេ​។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​ប្រាប់​កោះសន្តិភាព ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​ស៊ីម៉ង់​អូដ្ឋ ថ្វីបើ​លោក​បាន​ដាក់​កីឡាករ​កម្ពុជា​៦​រូប និង​ថៃ​២​រូប​ឲ្យ​ឡើង​ប្រកួត​ដណ្ដើម​ជើងឯក​គ្នា ប៉ុន្តែ​គោលដៅ​ដែល​លោក​ចង់បាន​គឺ​កីឡាករ​កម្ពុជា​ប៉ុណ្ណោះ​សម្រាប់​ឲ្យ​ឡើង​កាន់​តំណែង​កំពូល​នោះ ។ ក្នុង​ចំណោម​កីឡាករ​ទាំង​៨​រូប​លោក​ថា ជើង​ខ្លាំង​២​រូប​គឺ​កីឡាករ​ថៃ MeerachaiMenayuthin និង​កីឡាករ​ឈាន ហុង នឹង​មាន​ម្នាក់​ក្លាយជា​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ យ៉ាងណា​ក៏​ដោយ លោក​ចង់​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ច្រើន​ជាង ដោយសារ​តែ​ប៉ុស្ដិ៍​លេខ​៥​មាន​បំណង​លើក​ស្ទួយ​វិស័យ​ប្រដាល់​នៅ​លើ​ឆាក​អន្តរជាតិ ក្រោម​ការ​សហការ​ជាមួយ​ប៉ុស្ដិ៍​ទូរទស្សន៍​ថៃ ។ ការ​បរាជ័យ​របស់ ឈាន ហុង លោក​ថា គឺជា​ការ​បើកឱកាស​ឲ្យ​កីឡាករ​ថៃ​កាន់​ពាន ហើយ​ក៏​ជា​ការ​បាត់បង់​គម្រោង​ដែល​លោក​គូសវាស​សម្រាប់​ជំហាន​បន្ត​ផង​ដែរ ។ លោក​និយាយ​ថា​៖ «​មិន​ថា​ខ្ញុំ​លម្អៀង​ទេ ប៉ុន្តែ​នៅ​ពេល​កីឡាករ ឈាន ហុង ធ្លាក់​អ​ញ្ចឹ​ង គឺ​ប្រហែលជា​ថៃ​កាន់​ពាន​ហើយ ។ អ​ញ្ចឹ​ង​បើ​ថៃ​កាន់​ពាន ខ្ញុំ​ពិតជា​មិនដឹង​ត្រូវ​រៀបចំ​ការ​ប្រដាល់​ជាមួយ​ប៉ុស្ដិ៍​ថៃ​យ៉ាងម៉េច​ទេ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជើងឯក​ហ្នឹង​!» ។ លោក​ថា តាម​គម្រោង ប្រសិនបើ​កីឡាករ​កម្ពុជា​ក្លាយជា​ម្ចាស់​ជើងឯក នោះ​លោក​នឹង​បញ្ជូន​ឲ្យ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ ដូច​គ្នា​នឹង​ប៉ុស្ដិ៍​លេខ​៥​បាន​ទទួល​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បែប​នេះ​ដូច​គ្នា​ក្នុង​ពេល​ខាង​មុខ ។ ប៉ុន្តែ​នៅ​ពេល​កីឡាករ​ឈាន ហុង ធ្លាក់​មក​នៅ​លេខ​៣ លោក​ថា ផែនការ​ដែល​បាន​ជជែក​ជាមួយ​ថៃ គឺ​ពិតជា​សម្រេច​ឡើង ។

យោង​តាម​កិច្ចព្រមព្រៀង​ជាមួយ​សហព័ន្ធ​ថៃ និង​ទូរទស្សន៍​ប៉ុស្ដិ៍​ថៃ លោក​អះអាង​ថា បើ​ការ​ប្រកួត​ជើងឯក​ស៊ីម៉ង់​អូដ្ឋ​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​កម្ពុជា​លើក​ពាន នោះ​កីឡាករ​កម្ពុជា​នឹង​មាន​កិត្តិយស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នាម​តំណាង​ជាតិ និង​ជា​ម្ចាស់​ជើងឯក​ដើម្បី​បង្ហាញ​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​ប្រសិនបើ​កីឡាករ​ថៃ​ក្លាយជា​ម្ចាស់​ជើងឯក​វិញ កីឡាករ​ថៃ​ក៏​បាន​ឡើង​ប្រកួត​បែប​នេះ​ដែរ ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​ប្រយោជន៍​ចំពោះ​កម្ពុជា​ដែល​ជា​អ្នក​ប្រឹងប្រែង​រៀបចំ​ព្រឹត្តិការណ៍​ទៅ​វិញ​។ លោក​មាន​ប្រសាសន៍​ថា​៖«​ការ​ប្រកួត​ហ្នឹង​យើង​ដាក់​ថៃ​ឲ្យ​មក​ប្រកួត​គឺ​ដើម្បី​ឲ្យ​កីឡាករ​កម្ពុជា​ដែល​ឈ្នះ​កាន់តែ​មាន​កិត្តិយស និង​អាច​ដាក់​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថៃ​បាន ។ សម្រាប់​កីឡាករ​កម្ពុជា​យើង​សង្ឃឹម​តែ​ឈាន ហុង​ម្នាក់​ទេ ដល់​ពេល​គាត់​ធ្លាក់​ខ្ញុំ​យល់​ថា​អត់​មាន​អ្នក​ឈ្នះ​MeerachaiMenayuthin​ទេ ដោយសារ​តែ​ការ​ប្រកួត​វិល​ជុំ​កន្លង​មក យើង​ឃើញ​ថា​គាត់​ស៊ី​កីឡាករ​ខ្មែរ​ទាំងអស់​!»​។ ទោះជា​ការ​ប្រកួត​ជើងឯក​ស៊ីម៉ង់​អូដ្ឋ​នៅ​សល់មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត និង​កីឡាករ​ថៃ​ដើម្បី​យក​លេខ​១ និង​លេខ​២ នៅ​ស​ប្ដា​ហ៍​ក្រោយ និង​កីឡាករ​ឈាន ហុង ប៉ះ​ជាមួយ​ថៃ ប៊ុ​ន​ហាន យក​លេខ​៣ និង​លេខ​៤ ក៏​លទ្ធផល​ជាក់ស្ដែង​លោក​ថា ទំនងជា​មិន​ខុស​ពី​អ្វី​ដែល​លោកព្យាករ​នោះ​ឡើយ​។ លោក​យល់​ថា កីឡាករ​ថៃ​នឹង​ឈរ​លេខ​១​ដោយសារ​តែ​ផ្អែក​តាម​សមត្ថភាព​គឺ វ៉ា​ន់ ចាន់​វ៉េ​ត នឹង​ពិបាកទៅ​រួច ហើយ​កីឡាករ​ឈាន ហុង នឹង​បាន​លេខ​៣​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​កីឡាករ​ថៃ ប៊ុ​ន​ហាន មាន​របួស​បាក់ដៃ​មិន​អាច​មក​ប្រកួត​បាន​តាម​ការ​កំណត់​ទុក ។ យ៉ាងណា​ក៏​ដោយ លោក​ថា ប្រសិនបើ វ៉ា​ន់ ចាន់​វ៉េ​ត អាច​ឈ្នះ​កីឡាករ​ថៃ ហើយ​ឈរ​តំណែង​ជើងឯក​មែន នោះ​លោក​ពិតជា​បង្ហាញ​មោទនភាព​ដើម្បី​បញ្ជូន​ចេញ​ឲ្យ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ ។ លោក​និយាយ​ថា​៖«​ព្រឹត្តិការណ៍​ហ្នឹង​ឲ្យ​តែ​ខ្មែរ​យើង​ឈ្នះ ប៉ុស្ដិ៍​លេខ​៥​នឹង​បញ្ជូន​ឲ្យ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ភ្លាម​ក្នុង​នាម​ជា​ជើងឯក ប៉ុន្តែ​ការ​ប៉ះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បើជា​ឈាន ហុង ខ្ញុំ​សង្ឃឹម​ច្រើន​ជាង តែ​វ៉ា​ន់ ចាន់​វ៉េ​ត គឺ​ទាល់តែ​ចាំ​អ៊ុត​សិន​!» ។

កាលពី​ថ្ងៃ​សៅរ៍​នោះ បើ​កីឡាករ​ឈាន ហុង​ឈ្នះ​កីឡាករ​ថៃ នោះ​នឹង​ឡើង​មក​ប្រកួត​ជាមួយ​វ៉ា​ន់ ចាន់​វ៉េ​ត យក​លេខ​១ លេខ​២ ដែល​១០០​ទាំង​១០០​គឺ​គេ​ជ្រើស​យក​ឈាន ហុង​។ ម្យ៉ាង​ផ្អែក​តាម​ការ​ប្រកួត​នា​ថ្ងៃ​នោះ កីឡាករ​កម្ពុជា​ឈាន ហុង​ក៏​មាន​ប្រៀប​ជាង​ដាច់​ទៅ​លើ​កីឡាករ​ថៃ​ផង​ដែរ បន្ទាប់​ពី​មានឱកាស​វាយ​ឲ្យ​កីឡាករ​ថៃ​បាក់​ខ្ទង់ច្រមុះ​តាំងពី​ទឹក​ទី​១ ។ ប៉ុន្តែ ចុងបញ្ចប់​កីឡាករ​ថៃ​នៅ​តែ​ជា​អ្នក​បន្ត​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដដែល ដោយសារ​ឈាន ហុង គេច​មិន​ផុត​ប៉ុន្មាន​ជើង​ដ៏​ខ្លាំង​របស់​គូប្រកួត ហើយ​បណ្ដាល​ឲ្យ​សន្លប់​។ អ​ញ្ចឹ​ង​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ឱកាស​នោះ ។ វា​ក៏​ជា​រឿង​ដ៏​កម្រ​ផង​ដែរ​ដែល​អ្នក​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ បញ្ចេញ​ទស្សនៈ​ខកចិត្ត​ចំពោះ​ការ​ធ្លាក់​ចេញ​របស់​ឈាន ហុង ដែល​មិន​ខុស​ពី​បើកផ្លូវ​ឲ្យ​កីឡាករ​ថៃ​ក្លាយជា​ម្ចាស់​ជើងឯក​នោះ​ទេ ។

ការ​ប្រកួត​បញ្ចប់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​៧ វិ​ច្ឆ​កា ដោយ​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត ក៏​បាន​បង្ហាញ​ជំហរ​ដូច​គ្នា​ថា ពិបាក​យកឈ្នះ​កីឡាករ​ថៃ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ដែរ ៕