កំពែង ខ្មៅ​, ម៉​ន លី​ហួរ និង​បាង កា​យ៉ាក នរណា​សម្រេច​គោលដៅពេល​ជួប​កីឡាករ​ថៃ​លើក​នេះ?

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​៣១ តុលា ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​នឹង​ដល់​ថ្ងៃ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នោះ​មិន​ទាន់​ដឹង​ថា​ខ្លាំង​ប៉ុនណា​នោះ​។

គ្រូ​អន្តរជាតិ​ទី​១ កីឡាករ​កំពែង ខ្មៅ មក​ពី​ក្លិប​ក្រសួងកសិកម្ម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ VE TAN ក្នុង​ប្រភេទ​ទម្ងន់​៥៣​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ប៉ុន្តែ​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា​អួត​ថា គេ​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ប្រទេស​ថៃ ដែល​មិន​ងាយ​នរណា​យកឈ្នះ​ដោយ​ស្រួល​ឡើយ ។ ចំណែក កំពែង ខ្មៅ ពេល​នេះ​កំពុង​ឡើង​កូដ​ខ្លាំង ព្រោះ​មួយ​រយៈ​មកនេះ​ការ​ប្រកួត​របស់​គេ​កម្រ​ចាញ់​ណាស់ មិនតែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន​ញាក់សាច់​គ្រប់​គ្នា​ទៀត​ផង​។ កំពែង ខ្មៅ មាន​ផ្លែ​កែង និង​ជង្គង់​ល្អ​គួរសម ចលនា​វាយ​ចេញ​ក៏​រហ័សរហួន​ថែម​ទៀត ប៉ុន្តែ​អ្នក​ប្រដាល់​ខ្ចី​វស្សា​រូប​នេះ មិន​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ទេ ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​អាច​ដឹង​ច្បាស់​។

គូ​អន្តរជាតិ​ទី​២ កីឡាករ​ម៉​ន លី​ហួរ​មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ SATHANFA ក្នុង​ប្រភេទ​ទម្ងន់​៥៨​គីឡូក្រាម ។ ម៉​ន លី​ហួរ មួយ​រយៈ​មកនេះ​ត្រូវ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ចាត់​ទុក​ថា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មិនដឹង​ថា គេ​អាច​ទៅ​រួច​ឬ​អត់ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ មិនដឹង​ថា​ថ្វីដៃ​ប្រកួត​របស់​គេ​ខ្លាំង​ដល់​កម្រិត​ណា0x017d7 ទោះបី​យ៉ាងណា ក្រុម​អ្នកវិភាគ​មួយ​ចំនួន​អះអាង​ថា កីឡាករ​ថៃ​ដែល​ឆ្លង​ដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពេល​នេះ​សុទ្ធតែ​ខ្លាំង​ស្ទើរតែ​ទាំងអស់ ។ ដូច្នេះ​បើ​កីឡាករ​ម្ចាស់​ស្រុក​ហ៊ាន​តែ​មើល​ស្រាល​លើ​គេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ​បាង កា​យ៉ាក មក​ពី​ក្លិប​កីឡាប្រដាល់​ខេត្តកោះកុង ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ JORM HOT​ក្នុង​ប្រភេទ​ទម្ងន់​៥៨​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ ប៉ុន្តែ​ល្បី​ថា​ខ្លាំង ដូច្នេះ​ការ​ប្រកួត​លើក​នេះ​គេ​សង្ឃឹម​ឈ្នះ​ច្រើន ។ ទោះបី​យ៉ាងណា បាង កា​យ៉ាក ត្រៀម​ស្វាគមន៍​ជា​និច្ច ព្រោះ​តាម​រយៈ​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជាយ​ដែន​រាប់​ភ្លេច សមត្ថភាព​ត្រឹម JORM HOT មិនជា​បញ្ហា​អ្វី​សម្រាប់​រូបគេ​នោះ​ឡើយ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ស៊ូ ប៉ាន់​យ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ជួប​ប្រកួត​ជាមួយ​កីឡាករ​គួ​ន សុវណ្ណ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ​សៀវ សំណាង មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ​សាន លី​ណា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ និង​កីឡាករ​សែន រ៉ា​ដូ មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ​សាំង គឺ​ម មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕