ជម្លោះ​សមុទ្រ​ចិន​៖ ហ្វីលីពីន​សប្បាយចិត្ត​ពេល​ឃើញ​នាវាចម្បាំង​អាមេរិក ខណៈ​ចិន​កំពុង​ក្តៅក្រហាយ​

​ខណៈពេលដែល​ភាព​តានតឹង​កំពុងតែ​កើតមាន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ក្រុង វ៉ា​ស៊ិន​តោន បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​តំបន់​នោះ ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​។ វត្តមាន​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន បាន​សម្តែង​ភាព​ត្រេកអរ​ខ្លាំង ដ្បិត​ហ្វីលីពីន​អាចមាន​ដៃគូ​រឹង​ម៉ាំ ដើម្បី​ទប់ទល់​នឹង​សកម្មភាព​បំពាន​របស់​ចិន​លើ​តំបន់​ជម្លោះ​។​

​លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​នី​ណូ អា​ហ្គី​ណូ បាន​សារ​ទរ​ចំពោះ​វត្តមាន​របស់​នាវាចម្បាំង​អាមេរិក មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក បានចាត់ទុក​សកម្មភាព​នេះ នឹងធ្វើ​ឲ្យ​មាន​តុល្យភាព នៃ​សន្តិសុខ​នៅក្នុង​តំបន់​ជម្លោះ​។​

​ថ្លែងការណ៍​ក្នុង​វេទិកា​អ្នកសារព័ត៌មាន​អន្តរជាតិ លោក ប៊ែ​រ​នី​ណូ បាន​អះអាងថា​ភាគី​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង​ទាំងអស់ មាន​សិទ្ធិ​ក្នុងការ​ចរាចរ​នៅក្នុង​តំបន់​ជម្លោះ​។ ថ្វី​ដ្បិត​អាមេរិក មិនមែនជា​ភាគី​ជម្លោះ ក៏ដោយ លោក ប៊ែ​រ​នី​ណូ ក៏បាន​ថ្លែងការណ៍​ការពារ​ថា អាមេរិក នៅតែ​អាចធ្វើ​ដំណើរ​មកកាន់​តំបន់​ជម្លោះ​ដោយ​សេរី​ដោយយោង​តាមច្បាប់​អន្តរជាតិ​បាន​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៧​ម្សិលមិញ​នេះ អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​ចរាចរ​មិន​ឆ្ងាយ​ពី​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​ប៉ុន្មាន​នោះទេ​។ វត្តមាន​នេះ គឺធ្វើឡើង​ក្រោម​ច្បាប់​អន្តរជាតិ ពោលគឺ​អាមេរិក បាន​អះអាង​អន្តរាគមន៍​របស់ខ្លួន​ដើម្បី​ការពារ​នូវ​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង ចរាចរ​តាម​ផ្លូវទឹក​នៅក្នុង​តំបន់​ជម្លោះ​។

​យ៉ាងណាក៏ដោយ វត្តមាន​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មានការ​ភ្ញាក់ផ្អើល និង ប្រតិកម្ម​ខ្លាំង ហើយ​ចាត់ទុក​សកម្មភាព​នេះ​ថា បាន​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​ដែនសមុទ្រ​។ ក្នុងនោះ ចិន ក៏បាន​ព្រមាន​អាមេរិក កុំ​ឲ្យ​បង្កបញ្ហា​នៅក្នុង​តំបន់​ជម្លោះ ខណៈពេលដែល​គ្មាន​បញ្ហា​អ្វី​សោះ​បានកើត​ឡើង​។ ទោះបីជា​ចិន​ធ្លាប់​អះអាងថា​មិន​ប្រើ​កងកម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ក៏ដោយ រដ្ឋាភិបាល​ចិន​ក៏បាន​ព្រមាន​ទុកជាមុន​ថា ចិន​នឹង​ចាត់វិធានការ​ឆ្លើយតប​យ៉ាង​សមស្រប ប្រសិនបើ​មាន​សកម្ម​ភាពមិនប្រក្រតី​នៅក្នុង​តំបន់​ជម្លោះ​នោះ​។​

​សូមបញ្ជាក់​ផងដែរ ហ្វីលីពីន គឺជា​សម្ព​ន្ធ័​មិត្ត​របស់​អាមេរិក​យ៉ាង​ជិតស្និទ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ហើយ គេ​មិនអាច​ប្រកែក​បាន​ថា ការពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​ទាំងពីរ​ជាពិសេស​លើ​វិស័យ​យោធា គឺ​ដើម្បី​ទប់ទល់​ទៅនឹង​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​ដំណើរការ​ឡើងវិញ​នូវ​មូលដ្ឋាន​យោធា​អាមេរិក​ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​របស់​ចិន​។​

​សូម​រម្លឹក​ផងដែរ ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មានដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ រយៈពេល​កន្លងមក គេ​សង្កេតឃើញថា មានតែ​ហ្វីលីពីន​នោះទេ ដែល​ហ៊ាន​មុខ​តវ៉ា​ខ្លាំងក្លា​ទៅនឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ចិន​នៅក្នុង​តំបន់​ជម្លោះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​