ក្រសួង​ការ​បរទេស​អាមេរិក​ថ្កោលទោស​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

ក្រសួង​ការ​បរទេស​អាមេរិក ថ្កោលទោស​អំពើ​ហិង្សា​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ តុលា នៅ​មុខ​រដ្ឋសភា។

មន្ត្រី​នាំ​ពាក្យ​ការិយាល័យ​កិច្ចការ​សាធារណៈ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការ​បរទេស​អាមេរិក អ្នកស្រី ខាតធីណា អាដាម (Katina Adams) ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៧ តុលា ថា ក្រសួង​ការ​បរទេស​អាមេរិក បាន​ដឹង​ព័ត៌មាន​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក គង់ សភា និង​លោក ញ៉យ ចំរើន ឲ្យ​រង​របួស​ធ្ងន់។

អ្នកស្រី​បន្ត​ថា សហរដ្ឋ​អាមេរិក ថ្កោលទោស​អំពើ​ហិង្សា​នេះ។ អ្នកស្រី ខាតធីណា អាដាម បន្ថែម​ទៀត​ថា បាតុករ​មិន​អាច​យក​លេស​ប្រើប្រាស់​សិទ្ធិ​ប្រមូល​ផ្តុំ និង​សម្ដែង​មតិ ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា​បាន​ឡើយ។

ក្រសួង​ការ​បរទេស​អាមេរិក ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ និង​មាន​តម្លាភាព​ចំពោះ​ករណី​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​នេះ និង​ត្រូវ​ធានា​សុវត្ថិភាព​ដល់​អ្នក​នយោបាយ​មក​ពី​គ្រប់​គណបក្ស​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។