តួ​ឯក​ស្រី​ដ៏​ស្រស់​សោភា​​ម្នាក់​​ហាត់​ល្បុក្កតោ ត្រៀម​សម្ដែង​រឿង​វាយ​តប់

តួ​ឯក​ស្រី​ដ៏​ស្រស់​សោភា​​ម្នាក់​​ហាត់​ល្បុក្កតោ ត្រៀម​សម្ដែង​រឿង​វាយ​តប់

ល្បុក្កតោ​​ដែល​កីឡាករ​ហ្វឹក​ហាត់​សម្រាប់​ការ​ប្រកួត និង​សម្តែង​ ពេល​នេះ​ក៏​មាន​តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត សាច់សខ្ចី​​មួយ​រូប​ចាប់​ផ្ដើម​ហ្វឹក​ហាត់​ដូច​គ្នា​ប៉ុន្តែ​មិន​មែន​ដើម្បី​ឡើង​សង្វៀន​ទេ គឺ​ហាត់​ដើម្បី​ត្រៀម​សម្ដែង​ខ្សែ​ភាពយន្ត​ភាគ​វាយតប់​សម្រាប់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។

 

តួ​ឯក​ស្រី​ដ៏​ស្រស់​សោភា​​ម្នាក់​​ហាត់​ល្បុក្កតោ ត្រៀម​សម្ដែង​រឿង​វាយ​តប់

សិទ្ធ នារី កំពុង​ហាត់​ល្បុក្កតោ​ជាមួយ​កីឡាការិនី សំ ថារ័ត្ន

 

​តួ​សម្ដែង​ស្រី​​ឈ្មោះ សិទ្ធ នារី ដែល​កំពុង​ហាត់​ល្បុក្កតោ​នៅ​ក្លិប Cambodian Top Team បាន​និយាយ​ថា មាន​ការ​លំបាក​ខ្លះ​ដែរ​ចំពោះ​ការ​ហាត់​នេះ ព្រោះ​ត្រូវ​ជម្នះ​ជាមួយ​អាកាសធាតុ​ក្ដៅ​រាល់​ថ្ងៃ។ ចំណែក​ក្បាច់​ហាត់​វិញ​ក៏​មិន​ស្រួល​ប៉ុន្មាន​ឡើយ ដោយសារ​ជា​លើក​ដំបូង​សម្រាប់​នាង​ដែល​មិន​ធ្លាប់​មាន​មូលដ្ឋាន​គ្រឹះ​ពី​មុន​មក។ យ៉ាង​ណា​​ក្ដី តារា​សម្ដែង​ថ្មី​រូប​នេះ​បាន​អះអាង​ថា​ធ្វើ​​ឲ្យ​បាន​ល្អ​ពិតៗ មិន​មែន​ជា​ការ​កាត់​ត​ដូច​រឿង​ផ្សេង​ឡើយ។

 

​​តួ​សម្ដែង​ថ្មី​រូប​នេះ​ទើប​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត​​លើក​ទី១ ប៉ុណ្ណោះ ដោយ​ទទួល​តំណែង​ជា​តួ​ឯក​តែ​ម្ដង។ ខ្សែ​ភាពយន្ត​ភាគ​ដែល​នាង​នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​ធ្នូ​ខាង​មុខ​ មាន​​ចំណង​ជើង​ថា «Little Miss Vengeance» ឬ​ជា​ភាសាខ្មែរ «វីរនារី​ក្នុង​ភ្លើង​គំនុំ» ជា​ស្នាដៃ​របស់​​ផលិតកម្ម Eye Dream Creative Productions។ ក្នុង​ខ្សែ​ភាពយន្ត​នេះ តួ​ឯក​ស្រី​តម្រូវ​ឲ្យ​មាន​ឈុត​ឆាក​វាយ​គ្នា ទើប​ចាប់​ផ្ដើម​មក​ហាត់​ល្បុក្កតោ​តែ​ម្ដង។

លោក ធី វ៉ាន់ថា ដែល​ជា​អ្នក​ដឹក​នាំ​រឿង​បាន​បង្ហើប​ប្រាប់​ថា សាច់​រឿង​ទាំង​មូល​និយាយ​ពី​ក្មេង​ស្រី​ម្នាក់ ដែល​ចាប់​ផ្ដើម​ក្លាយ​ជា​នារី​ក្លាហាន និង​រឹង​មាំ​បន្ទាប់​ពី​ឪពុក​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់។ លោក​បាន​បញ្ជាក់​ទៀត​ថា អ្វី​ដែល​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សាច់​រឿង​នេះ គឺ​​ចង់​បង្ហាញ​ប្រជាជន​កម្ពុជា​ថា​នារី​ក៏​​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់​មិន​ចាញ់​បុរស​ដែរ៕

 

តួ​ឯក​ស្រី​ដ៏​ស្រស់​សោភា​​ម្នាក់​​ហាត់​ល្បុក្កតោ ត្រៀម​សម្ដែង​រឿង​វាយ​តប់

 

សូម​ទស្សនា​ការ​រៀបរាប់​របស់​តួ​សម្ដែង​ថ្មី​៖

 

 

អត្ថបទ៖ គង់ វិសាល