​បញ្ជូន​​ជនសង្ស័យ​​៣​នាក់​ទៅ​​​សាលាដំបូង​​ខេត្ត​ ពាក់​ព័ន្ធ​៣​​​ករណី​​​ផ្សេង​គ្នា​

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ២០១៥ នេះ ជនសង្ស័យ​៣​នាក់ ត្រូវ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង ដែល​ជាប់​ពាក់ព័ន្ធ​៣​ករណី​ផ្សេង​គ្នា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ថ្លែង​ឱ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​សុខ​សន្តិភាព​សុ​វត្តិភាព កម្លាំង​នគរបាល​ខេត្ត​តែងតែ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​នូវ​រាល់​បទល្មើស​ផ្សេង ចាប់តាំងពី​ទីប្រជុំជន​រហូត​ដល់​ជនបទ ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៧ តុលា ២០១៥ កម្លាំង​នគរបាល​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាប់​ពាក់ព័ន្ធ​បទល្មើស​៣​ករណី​ផ្សេង​គ្នា ក្នុង​នោះ​ហិង្សា​ដោយ​ចេតនា ចំនួន​២​ករណី និង​ឃាត់ខ្លួន​តាម​ដីកា​១​ករណី ។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​១-​ឈ្មោះ​ឈិ​ត វាសនា អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ហាង​ប៉ា​ប៉ូ​ឡូរ ស្នាក់​នៅ​ក្នុង​ហាង​មាន​ទីតាំង (​កោះ​តូច​) ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ (​ពី​បទ​បង្ករ​របួស​ស្នាម​) ២-​ឈ្មោះ​លុយ ច​ន្ថា អាយុ​៣៦​ឆ្នាំ មាន​ទីតាំង (​កោះ​តូច​) ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ (​ពី​បទ​បង្ករ​របួស​ស្នាម​) និង​៣-​ឈ្មោះ​ឈូ​ន ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ក្រុម​២១ ភូមិ​១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​ពី​បទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។