ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​សមុទ្រ​នៅ​លី​ប៊ី​ជាមួយ​មនុស្ស​ជិះ​23​នាក់

យោង​តាម​ប្រភព​ព័ត៌មាន​យោធា​មួយ​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ជាមួយ​មនុស្ស​ជិះ​២៣​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៧ តុលា ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ក្រុង​អាល់​ម៉ា​យ៉ា ចម្ងាយ​២៥​គីឡូម៉ែត្រ ខាងកើត​រដ្ឋធានី​លី​ប៊ី ក្រុង​ទ្រី​ប៉ូ​លី ។

ប្រភព​នេះ​គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ដែល​ប្រើ​សម្រាប់​សង្គ្រោះ​តាម​ផ្លូវអាកាស​នេះ បាន​ធ្លាក់​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​អាល់​ម៉ា​យ៉ា ពេល​ដឹក​មនុស្ស​២៣​នាក់ ក្នុង​នោះ​មាន​បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​ផង ។ សាកសព​មនុស្ស​១២​នាក់​រហូត​មក​ទល់​ពេល​នេះ​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក ក្នុង​នោះ​រួម​ទាំង​សាកសព​លោក HOSEIN BODAYA និង​លោក DUHAIN AL RAMMAH អ្នក​ទទួលខុសត្រូវ​យោធា​នៃ​ក្រុមចម្រុះ​ជីវពល FAJR LIBYA ដែល​ត្រួតត្រា​រដ្ឋធានី​លី​ប៊ី​ផង ។

ប្រភព​នេះ​បន្ត​ថា ប្រហែលជា​គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ព្រោះ​ឧទ្ធម្ភាគចក្រ​នេះ​ធ្លាក់​ក្នុង​សមុទ្រ ហើយ​រក​ឃើញ​លិច​បាត់​ក្នុង​តំបន់​ទឹក​ជ្រៅ​មួយ ។

វរសេនីយ៍ឯក ALI SHEIKHY អ្នកនាំពាក្យ​យោធា​របស់​ក្រុមចម្រុះ FAJR LIBYA  គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​នេះ​រង​ការ​បាញ់ប្រហារ​នៅ​អាល់​ម៉ា​យ៉ា ទើប​បណ្តាល​ឱ្យ​វា​ធ្លាក់ ។

ប្រទេស​លី​ប៊ី​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ជាមួយ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សភាពការណ៍​សន្តិសុខ​ចាប់តាំងពី​ការ​ផ្តួលរំលំ​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី ដោយសារ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច​ពី​ឆ្នាំ​២០១១​មក ។ ប្រទេស​នេះ​ក៏​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ផង​ដែរ ជាមួយ​រដ្ឋាភិបាល​២ និង​សភា​២ ដែល​ប្រឆាំង​គ្នា​ដោយ​រដ្ឋាភិបាល​មួយ​មា​នទី​តាំងនៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី ហើយ​រដ្ឋាភិបាល​មួយទៀត​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​មា​នទី​តាំងនៅ​ទីក្រុង TOBROUK ភាគ​ខាងកើត​ប្រទេស ។ ក្រោយ​ការ​ដួល​រលំ​នៃ​របប​លោក​កា​ដា​ហ្វី មក ប្រទេស​សំបូរ​ប្រេងកាត​នេះ​ពុំ​អាច​បង្កើត​រដ្ឋអំណាច​កណ្តាល​ដែល​ខ្លាំង​មួយ​បាន​ឡើយ ។ អ​.​ស​.​ប បាន​ខិតខំ​រៀបចំ​ឱ្យ​មានការ​ចរចា​រវាង​ភាគី​លី​ប៊ី​ផ្សេង​ៗ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤​មក ក៏​ប៉ុន្តែ​ជម្លោះ​នៅ​បន្ត​ទោះបី​មានការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​រវាង​បណ្តា​ភាគី​ដែល​ច្បាំង​គ្នា​ក្តី ៕