រញ្ជួយ​ដី​នៅ​អាស៊ី​ខាងត្បូង​ចំនួន​អ្នក​ស្លាប់​កាន់តែ​កើន​ពិសេស​នៅ​ប៉ា​គី​ស្ថាន

ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​២៧ តុលា បាន​ខិតខំ​ចូល​ទៅ​ដល់​បណ្តា​តំបន់​ដាច់​ស្រយាល​ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ជាង​៣៥០​នាក់ ហើយ​ក្នុង​តំបន់​ភ្នំ​នានា​នៃ​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុលចូល​ទៅ​កាន់ បណ្តា​តំបន់​ដាច់​ស្រយាល​ដែល​រង​ការ​ប៉ះពាល់​តុល្យការ​ជន​រង​គ្រោះ​អាច​កើន​ខ្ពស់​ថែម​ទៀត ។

នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ពួក​ឧទ្ទាម​តា​លី​បង់​ដែល​មាន​វត្តមាន​ច្រើន​ក្នុង​តំបន់​មួយ​ចំនួន​អាច​បង្កើត​ឧបសគ្គ​ដល់​ការ​ជួយ​សង្គ្រោះ តែ​ពួក​ឧទ្ទាម​នេះ​សន្យា​ជួយ​ដល់​បណ្តាជន​រង​គ្រោះ ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៥​រី​ស្ទ័​រ នេះ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៦ តុលា បណ្តាល​ឱ្យ​មានការ​បាក់​ដី និង​ការ​ផ្តាច់​ផ្លូវ​គមនាគមន៍​នានា ។

តំបន់​មួយ​ចំនួន​នៅ​តែ​ស្ថិត​នៅ​ដាច់​ពី​ពិភព​ខាងក្រៅ ។ ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ប៉ូលិស​ឧទាហរណ៍​មិន​អាច​ចូល​ទៅ​ជួយ​អាជ្ញាធរ​នៅ COHISTAN ជា​ស្រុក​មួយ​នៃ​ខេត្ត KHYBER PAKHTUNKHWA  ភាគ​ពាយ័ព្យ​ប្រទេស​ជា​តំបន់​មាន​ប្រជាជន​ប្រមាណ​ជា​៥០០.០០០​នាក់ ។

ជន​រង​គ្រោះ​ភាគច្រើន​គឺ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​អ្នក​ស្លាប់​ឡើង​ដល់​២៤៨​នាក់ ក្នុង​នោះ​២០២​នាក់​នៅ​ខេត្ត KHYBER PAKHTUNKHWA ។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​ណា​វ៉ាស់ សារី​ហ្វ ដែល​ទើប​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អា​មេ​រិ​កបាន​សន្យា​ជួយ​ជន​រង​គ្រោះ​ឱ្យ​អាច​កសាង​ផ្ទះសម្បែង​ឡើង​វិញ ក្រោយ​រង​ការ​បំផ្លាញ ។ កងទ័ព​ប៉ា​គី​ស្ថាន​បាន​ជួយ​ដឹក​អ្នក​របួស​តាម​ឧទ្ធម្ភាគចក្រ ហើយ​មន្ទីរពេទ្យ​យោធា​ទាំងអស់​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ។

តុល្យការ​ផ្លូវការ​នៃ​ជន​រង​គ្រោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៧ តុលា រៀបរាប់​ពី​មនុស្ស​ស្លាប់​ឡើង​ដល់​១១៥​នាក់ ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​រង​របួស ផ្ទះ​៧.០០០​ខ្នង​រង​ការ​បំផ្លាញ ៕