ក្រុមហ៊ុន NORTHROP ទទួល​កុងត្រា​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទំនើប​B-3

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ តុលា ថា ក្រុមហ៊ុន​ការពារ​អា​មេ​រិ​ក NORTHROP GRUMMAN នឹង​ផលិត​នា​ពេល​ខាង​មុខ​នេះ នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ដែល​មាន​រង្វង់​ប្រតិបត្តិការ​ឆ្ងាយ​ជំនាន់​ថ្មី​ជា​កុងត្រា​មួយ​មាន​ទឹកប្រាក់​ដល់​ទៅ​ជិត​៥០​ពាន់​លាន​អឺ​រ៉ូ ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ការ​បញ្ជា​ទិញ​ផ្តោត​លើ​យន្តហោះ​ធុន​នេះ​ច្រើន​បំផុត​១០០​គ្រឿង ដែល​ក្នុង​១​គ្រឿង​ៗ​មាន​តម្លៃ​៥១១​លាន​អឺ​រ៉ូ ហើយ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់ពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​២០២០​ទៅ ។

អនាគត​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​មានឈ្មោះ​ថា LRSB ឬ B-3 ដែល​គ្រោង​ផលិត​សម្រាប់​ជំនួស​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចាស់​ៗ​ធុន B-52 ដែល​ប្រើ​ក្នុង​សម័យ​សង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាម​នៅ​វៀតណាម ដែល​អាយុកាល​របស់​យន្តហោះ​ទាំងនេះ​គឺ​៥១​ឆ្នាំ​ហើយ ព្រមទាំង​យន្តហោះ​ធុន B-1 ដែល​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ទស​វត្ស​ឆ្នាំ​១៩៨០ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​​មេ​រិ​ក លោក ASHTON CARTER ឱ្យ​ដឹង​ថា គម្រោង​នេះ​គ្រោង​វិនិយោគ​ទឹកប្រាក់​យ៉ាងច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​ទំនើប​បំផុត ហើយ​យន្តហោះ​ទាំងនោះ​អាច​ផ្ទុក​គ្រាប់បែក និង​គ្រាប់​មី​ស៊ី​ល​ក្នុង​ចំនួន​ច្រើន និង​អាច​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​យ៉ាង​ឆ្ងាយ ។ ទិស​ដៅ​គឺ​បង្កើន​សមត្ថភាព​ការពារ​អាកាស​ដូច​គ្នា​នឹង​រុ​ស្ស៊ី ព្រមទាំង​ចិន ដែល​បោះ​វិនិយោគ​ទឹកប្រាក់​យ៉ាង​មហាសាល ដើម្បី​បំពាក់​បណ្តា​ប្រព័ន្ធ​មី​ស៊ី​ល និង​រ៉ា​ដា ដែល​សុ​ក្រិត​បំផុត ។

ក្រុមហ៊ុន​យក្ស​ប៊ូ​អីុ​ង និង LOCKHEED MARTIN បាន​បដិសេធ​គម្រោង​នេះ​ទើប​ធ្លាក់​លើ​ក្រុមហ៊ុន NORTHROP ។ លោក RICHARD ABOULAFIA ជា​អ្នក​ជំនាញការ​ម្នាក់​ខាង​យន្តហោះ​ធ្លាប់​និយាយ​កាលពី​ពាក់កណ្តាល​ខែកញ្ញា​ថា យន្តហោះ​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​នេះ​មាន​សណ្ឋាន​ដូច​ស្លាប​ហោះ​មួយ​ដូច​គ្នា​នឹង​យន្តហោះ​ធុន B-2 ដែរ ។ B-2 កសាង​ដោយ​ក្រុមហ៊ុន NORTHROP ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​១៩៩០ ។ វា​អាច​ហោះ​បាន​យ៉ាង​ខ្ពស់​បំផុត តែ​មាន​ល្បឿន​ពុំ​លឿន​ជាង​សំឡេង​ឡើយ ៕