ជើងខ្លាំង២ក្រុម ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ ជើង​ឯក​ថ្នាក់​ជាតិ​កីឡា E-Sport

ភ្នំពេញ៖ ការប្រកួតកីឡាអេឡិចត្រូនិក (E-Sport) ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ នៃវគ្គជម្រុះប្រចាំតំបន់ទី១ បានបញ្ចប់ និងរកឃើញក្រុមជើងខ្លាំងចំនួន២ក្រុម ដែលត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងឱកាសបុណ្យសមុទ្រ លើកទី៤ នាខេត្តកំពតហើយ គឺមានក្រុម Overcome មកពីខេត្តស្វាយរៀង និងក្រុម You Willknow មកពីខេត្ត កណ្ដាល ។

តំបន់ទី១នេះបានប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែតុលា ឆ្នាំ២០១៥ ដោយមានក្រុមកីឡាករ E-Sport តំណាងខេត្តចំនួន៤ក្រុម ចូលរួមប្រកួតប្រជែងលើវិញ្ញាសា AK Online គឺមានកីឡាករមកពីខេត្តស្វាយរៀង, ខេត្តព្រៃ វែង, ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ។

ជាលទ្ធផលក្រុម YouWillKnow មកពីខេត្តស្វាយរៀង បានជាប់ចំណាត់ថ្នាក់លេខ១ បន្ទាប់ពីប្រកួតឈ្នះ៣ប្រកួត ជាប់ៗគ្នាក្នុងនោះឈ្នះក្រុម Boyond ដោយលទ្ធផល ៣-១, ឈ្នះក្រុម V-Friend ដោយលទ្ធផល ៣-១ និងឈ្នះលើក្រុម Overcome ជាមួយនឹងលទ្ធផលបច្ចេកទេស ៣-២ ។ រីឯក្រុម Overcome ជាប់លេខ២ ដោយឈ្នះ២ និងចាញ់១ គឺឈ្នះក្រុម V-Friend ដោយលទ្ធផល ៣-១ និងឈ្នះក្រុម Boyond ដោយលទ្ធផល ៣-២ ។

គួរបញ្ជាក់ថា សម្រាប់ជើងឯកលេខ១ ប្រចាំតំបន់ គឺក្រុម YouWillKnow ទទួលបានប្រាក់រង្វាន់ ១.៥០០ដុល្លារ និង ក្រុមលេខ២ Overcom ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារ ។ ប៉ុន្ដែសម្រាប់ការត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅ ខេត្តកំពត ក្នុងបុណ្យសមុទ្រ នាថ្ងៃទី១១-១២ ខែធ្នូខាងមុខ ប្រសិនបើក្រុមណាឈ្នះលេខ១ នឹងទទួលបាន ៣.០០០ ដុល្លារ, លេខ២ ទទួលបាន ២០០០ដុល្លារ និងលេខ៣ នឹងទទួលបាន ៥០០ដុល្លារ ។ ប៉ុន្ដែការប្រកួតនៅសល់៥តំបន់ ទៀត ដែលត្រូវធ្វើការប្រកួតជម្រុះជាបន្ដបន្ទាប់ ដើម្បីស្វែងរកក្រុមជើងខ្លាំង២ក្រុមក្នុងមួយតំបន់ឡើងទៅប្រកួតវគ្គផ្ដាច់ ព្រ័ត្រ ។

នៅក្នុងសប្ដាហ៍នេះដែរ ក៏នឹងមានការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់តំបន់ ដើម្បីស្វែងរក២ក្រុមខ្លាំងប្រចាំតំបន់ទី២ផង ដែរ ដោយមានខេត្តជាសមាជិកដូចជា ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ត្រូវធ្វើការប្រកួតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ។

សូមបញ្ជាក់ថា វិញ្ញាសា AK Online ជាប្រភេទកីឡាអេឡិចត្រូនិក ដែលតម្រូវឲ្យកីឡាករធ្វើការសហការគ្នាជាក្រុម និងរៀបចំយុទ្ធសាស្ត្រ ទៅតាមទីតាំងភូមិសាស្ត្រខុសៗគ្នា ដើម្បីយកជ័យជំនះលើក្រុមម្ខាងទៀត ។ កីឡាប្រភេទនេះ គឺផ្ដោតសំខាន់ទៅលើ ការហ្វឹកហាត់ខួរក្បាល ភាពប៉ិនប្រសប់ក្នុងការដឹកនាំ ថ្វីដៃក្នុងការប្រើប្រាស់កុំព្យូទ័រក្នុងការបញ្ជាបាញ់ទៅលើគូសត្រូវ ហើយកីឡាប្រភេទនេះត្រូវបានរាប់បញ្ចូលទៅក្នុងសហព័ន្ធកីឡាជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

ជើងខ្លាំង២ក្រុម ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ ជើង​ឯក​ថ្នាក់​ជាតិ​កីឡា E-Sport

ជើងខ្លាំង២ក្រុម ដណ្ដើម​បាន​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ ជើង​ឯក​ថ្នាក់​ជាតិ​កីឡា E-Sport