ពេជ្រ សីហា និង សារឿន ច័ន្ទ ប៉ះសុទ្ធ​តែ​ជើង​ខ្លាំង​ថៃ នៅលើសង្វៀន SEA-TV

ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រដាល់ K.Cement នៅលើសង្វៀន SEA-TV អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ប៉ះជាមួយអ្នកប្រដាល់ថៃ២រូបដូចគ្នានាល្ងាចថ្ងៃ សៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ រួមមាន ពេជ្រ សីហា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង សារឿន ច័ន្ទ ក្លឹបសម្រែករាជសីហ៍ ។ ពេជ្រ សីហា ជួបជាមួយអ្នកប្រដាល់ថៃ Debanchong Fartex ក្នុងទម្ងន់៦៩គីឡូក្រាម ។

តាមសំដីលោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតបាននិយាយថា កីឡាករ Debanchong Fartex ជាម្ចាស់ខ្សែក្រវាត់ ហើយអ្នកប្រដាល់ថៃរូបនេះ មានបទពិសោធន៍លើសង្វៀន៩៩ដង គឺឈ្នះ៧៩លើក ចាញ់១៦លើក និងស្មើ៤លើក បើប្រៀបធៀបជាមួយសីហា គឺតិចជាងសីហា១៣ដង ដោយសីហាមានប្រវត្តិប្រកួតតែ១១២ដង គឺឈ្នះ៩០ដង ចាញ់១៤ដង ស្មើ៦ដង ។ ពេជ្រ សីហា ប្រកួតជាមួយថៃជោគជាំហើយ គ្រាន់តែជួបប្រកួតក្នុងស្រុកចំនួន២៥នាក់ទៅហើយ វាយឈ្នះថៃ១៦នាក់ ចាញ់៦នាក់ និងស្មើ៣នាក់ ។ សីហា ខ្លាំងកណ្តាប់ដៃ និងទាត់ តែបើជួបអាសន្ន ឬប៉ះដៃគូខ្លាំង គេក៏អាចវាយប្តូរកែងបានដែរ ។ គេជួបថៃលើកចុងក្រោយ គឺកីឡាករ Jongangfight ដោយវាយឈ្នះដោយពិន្ទុ ។

សារឿន ច័ន្ទ អ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍ ត្រូវជួបជាមួយអ្នកប្រដាល់ថៃ PhaRavy ក្នុងទម្ងន់ ៦០គ.ក្រ ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅ SEA-TV នេះ២ដង ហើយដោយវាយឈ្នះទាំង២ដង ដែលលើកទី១ ឈ្នះ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ដោយពិន្ទុ និងលើកទី២ បានផ្ដួល ផន ផល្លា ក្លឹបតាព្រហ្មមានជ័យក្នុងទឹកទី៣ ។ Pha Ravy អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ប្រហាក់ប្រហែលនឹង សារឿន ច័ន្ទ ដែរ ហើយប្រវត្តិប្រកួតរបស់គេ ក៏មិនជាលើសខ្វះគ្នាប៉ុន្មានដែរ ។ Pha Ravy ប្រកួតបានចំនួន ៦១ដង ដោយឈ្នះ៥៥ដង ចាញ់៦ដង មិនដែលស្មើ ខណៈដែល សារឿន ច័ន្ទ អ្នកប្រដាល់កម្ពុជា ប្រកួតបានចំនួន៦៨ដង ឈ្នះ៥៩ដង ចាញ់៨ដង និងស្មើ១ដង ។

សារឿន ច័ន្ទ ធ្លាប់ប្រកួតជាមួយថៃ៩នាក់ហើយកន្លងមក ដោយវាយឈ្នះថៃដោយពិន្ទុ៥ដង និងវាយសន្លប់២ដង និងចាញ់ថៃ២ដង ។ ការប្រកួតជាមួយថៃលើកចុងក្រោយនេះ សារឿន ច័ន្ទ វាយឈ្នះ YorthThanong ដោយពិន្ទុ ក្នុងនាម ជាអ្នកប្រដាល់ដែលមានកណ្តាប់ដៃលឿន រហ័ស និងខ្លាំងនោះ សារឿន ច័ន្ទ វាយមិនញញើតអ្នកប្រដាល់ថៃនោះឡើយ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់ខ្មែរគ្នាឯងវិញ អ៊ុ កំសត់ អ្នកប្រដាល់ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយ ទេស ជីវ៉ា អ្នកប្រដាល់ក្លឹបកងពលតូចលេខ៧០ ក្នុងទម្ងន់ ៦៣,៥គីឡូក្រាម រីឯ ឆាយ ម៉េត អ្នកប្រដាល់ក្លឹបសំរោងកោងខេត្តបាត់ដំបង ឡើងប្រកួតសងសឹកទល់នឹង សេង កំសត់ អ្នកប្រដាល់ក្លឹបគីសែមានរិទ្ធ ៕

ពេជ្រ សីហា និង សារឿន ច័ន្ទ ប៉ះសុទ្ធ​តែ​ជើង​ខ្លាំង​ថៃ នៅលើសង្វៀន SEA-TV

ពេជ្រ សីហា និង សារឿន ច័ន្ទ ប៉ះសុទ្ធ​តែ​ជើង​ខ្លាំង​ថៃ នៅលើសង្វៀន SEA-TV