លោក​ស៊ុន ចាន់ថុល ជំរុញ​លើកទឹកចិត្ត​ឲ្យ​ធុរកិច្ច​ជន និង​វិនិយោគិន​ចិន ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ​: ​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​នៅក្នុង វេទិកា​ស្តីពី​វិថី​សូត្រ​សមុទ្រ​កម្ពុជា​-​ចិន ដែលមាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ដោយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន និង​មេដឹកនាំ​ពាណិជ្ជកម្ម​មួយចំនួន​នៅ​កម្ពុជា​។ វេទិកា​នេះ​មាន​ធុរកិច្ច​ជន​និង​វិនិយោគិន​ប្រមាណ​ជា​២០០​នាក់​អញ្ជើញ​ចូលរួម​។

​វេទិកា​នេះ​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន សមាគមន៍​ធុរកិច្ច​ចិន​-​អាស៊ាន សភាពាណិជ្ជកម្ម​កម្ពុជា សមាគមន៍​ខ្មែរ​-​ចិន​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា សមាគមន៍​ធុរកិច្ច​អានិកជន​ទីក្រុង​ម៉ា​កាវ ចិន​-​ហុងកុង​នៅ​កម្ពុជា និង​តំបន់​អភិវឌ្ឍន៍​រួម Jiansu Tongzhou Ray River-Sea​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​នូវ​ទិដ្ឋភាព​ទូទៅ ទាក់ទង​នឹង ហេតុផល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​(goo.gl/uwdGZV) និង​បាន​ជម្រាបជូន​អ្នកចូលរួម​វេទិកា​នោះ អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ការអនុវត្ត​កំណែទម្រង់​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ពន្យល់​អំពី ទិដ្ឋភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​នឹង​ជួយ អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ឆ្ពោះទៅកាន់​ការរីកចម្រើន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ធុរកិច្ច​ជន និង​វិនិយោគិន​ចិន ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី បាន​សន្យា​គាំទ្រ គោលនយោបាយ​ខ្សែក្រវាត់​មួយ​វិថី​មួយ ការកសាង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ជា​គំនិត​ផ្តួចផ្តើម​មួយ ដែល​នឹង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅ​កម្ពុជា និង​បានស្នើ​ឲ្យ​អ្នកចូលរួម​វេទិកា ជួយ​ផ្សព្វផ្សាយ​បន្ថែម អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទៅវិញទៅមក​របស់​ប្រទេស​ទាំងពីរ​៕