ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ខួប ៧០​ឆ្នាំ ថ្ងៃ​បង្កើត​អគ្គស្នងការ​ទី​២ កងទ័ព​ប្រជាជន​វៀតណាម​

: តាម​ការអញ្ជើញ​របស់​ក្រសួង​ការពារ​ប្រទេស នៃ​សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ថ្ងៃ​បង្កើត​ស្ថាប័ន​អគ្គស្នងការ​ទី​២ ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣​ដល់​២៥ ខែតុលា​ឆ្នាំ​២០១៥ នៅ​រដ្ឋធានី​ហាណូយ​។​
    
​ក្រសួងការពារជាតិ​បាន​ផ្សាយ​ថា នៅក្នុង​ពិធី​នោះដែរ ក៏មាន​វត្តមាន​លោក ទ្រឿ​ង តឹ​ន​សាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​បក្ស រដ្ឋសភា រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ដឹកនាំ​គ្រប់​កងឯកភាព​ក្នុង​កងទ័ព​ប្រជាជន​វៀតណាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេង​នួន សា​យ៉ា​ឡា​ត រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ អញ្ជើញ​ចូលរួម​ផងដែរ ។​
    
​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​នោះ លោក ទៀ បាញ់ បាន​សម្តែង​នូវ​ការកោតសរសើរ​ដ៏​ស្មោះ​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​អគ្គស្នងការ​ទី​២ ដែល​បាន​បង្កើត​ស្នាដៃ និង​សមិទ្ធផល​នានា​ជាច្រើន​ជូន​អង្គភាព​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្នុង​បុព្វហេតុ​រំដោះ​ប្រទេសជាតិ​រួចផុត​ពីរ​បប​អាណានិគមនិយម​ឈ្លានពាន​បរទេស ទទួលបាន​ឯករាជ្យ អធិបតេយ្យភាព​ទឹកដី និង​ការបង្រួបបង្រួម​ជាតិ ព្រមទាំង​បាន​បំពេញភារកិច្ច​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ជាច្រើន​ទៀត ជូន​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ឲ្យ​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ។​
    
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់​បន្ថែមថា នាពេល​កន្លងមក អគ្គស្នងការ​ទី​២​ក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​ពង្រឹង​ចំណងមិត្តភាព   សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លើ​ការ​​ផ្លាស់ប្តូរ​​ដំណើរ​ទស្សនកិច្ច​ការផ្លាស់​ប្តួ​រ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ក្នុង​គោលបំណង​ដក​បទពិសោធន៍​និង​លើកកម្ពស់​សមត្ថភាព​លើ​វិស័យ​ព័ត៌មានវិទ្យា​ទំនើប ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅតាម​សភាពការណ៍​វិវត្តន៍​ថ្មីៗ នាពេល​បច្ចុប្បន្ន ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង ក្រៅ​តំបន់​និង​ពិភពលោក ។​
    
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់​យ៉ាងច្បាស់​ថា ដោយ​អនុវត្តន៍​តាម​នយោបាយ​ឈ្នះ​ឈ្នះ រហូតមកដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាងរឹងមាំ​។​
​ដោយឡែក​សេដ្ឋកិច្ច និង​សង្គម​មាន​សន្ទុះ​អភិ​វ​ឌ្ឈ​ន៍​ខ្លាំងក្លា មាន​កិត្តិយស និង​កិត្យានុភាព​ជាតិ​ត្រូវបាន​លើកកម្ពស់​ឥតឈប់ឈរ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ក៏​ត្រួវបាន​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។​
    
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់  បាន​ជម្រាប​ថា នាពេល​បច្ចុប្បន្ន កងយោធពល​ខេមរភូមិន្ទ​បាននិងកំពុង​អនុវត្តន៍​យ៉ាងសកម្ម​នូវ​កម្មវិធី​កែទម្រង់​នានា  លើ​គ្រប់​វិស័យ​របស់ខ្លួន​អោយបាន​គ្រប់​ជ្រុងជ្រោយ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​សមត្ថភាព ដើម្បី​ធានា​ឲ្យ​ការបំពេញភារកិច្ច​កាន់​តែមាន​ប្រសិទ្ធភាព ជា​កម្លាំង​មាន​វិជ្ជាជីវៈ​ជំនាញ មាន​សមត្ថភាព​ពេញលេញ ចូលរួម​ក្នុង​បេសកកម្ម​នានា​ប្រកបដោយ​ជោគជ័យ ។​
    
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មាន​មោទនភាព​ចំពោះ​សមិទ្ធផល​នានា ដែល​ក្រុមការងារ​របស់​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​ប្រកបដោយ​ប្រសិទ្ធិភាព តាម​ផែនការ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៥​នេះ ដូចជា ការផ្លាស់ប្តូរ​បទ​ពិ​សោធន៍​​ការអប់រំ​ចិត្តសាស្ត្រ កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ ការផ្លាស់ប្តូរ​គណៈប្រតិភូ​ការងារ និង​គណៈប្រតិភូ​សម្រាក​បំប៉ន​សុខភាព ការបណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​សិក្ខាកាម​កម្ពុជា ។​ល​។ បាន​ដំណើរការ​ដោយ​រលូន​តាម​កម្មវិធី​គ្រោងទុក ។​
   
 ជាការ​លើកទឹកចិត្ត​ដល់​អង្គភាព​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​ការពារ កសាង និង​ការអភិវឌ្ឍន៍​​ប្រទេសជាតិ​ឲ្យ​មាន​ភាព​រីកចម្រើន នៅក្នុង​ពិធី​ប្រារព្វ​ខួប​លើក​ទី​៧០​នេះ ថ្នាក់ដឹកនាំ​បក្ស រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រសួង​ការ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ ជូន​អង្គភាព​អគ្គស្នងការ​ទី​២​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដែល​បង្ហាញ​ពី​ការពង្រីក​ចំណងមិត្តភាព​សាមគ្គីភាព  រវាង​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម កាន់តែ​ជិតស្និទ្ធ​ថែមទៀត​៕​