សមត្ថកិច្ច​ថៃ​បញ្ជូន​សាច់ញាតិ​ជន​រំលោភ​សម្លាប់​នារី​ថៃ​ម្នា​ក់មក​ស្រុក​វិញ​

បាត់ដំបង: ក្រុមគ្រួសារ​សាច់ញាតិ​ចំនួន​៦​នាក់ របស់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រំលោភសម្លាប់​នារី​ម្នា​ក់នៅ​ទីក្រុង​បាងកក​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​ឲ្យ​ត្រឡប់មកស្រុកកំណើត​វិញ​ហើយ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃទី​២៨ខែតុលា ឆ្នាំ​២០១៥ តាម​ច្រក​អន្តរជាតិ​ដូង ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ដែល​បាន​រំលោភ​សម្លាប់​នារី​ជនជាតិ​ថៃ​នោះ​មាន ឈ្មោះ​រិត សា​រ័ត្ន  អាយុ២៤​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ។ រីឯ​នារី​ជនជាតិ​ថៃ រងគ្រោះមានឈ្មោះ រុក គុណ​អៃរ៉ា​ដា អាយុ​២៥​ឆ្នាំ នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​២១ខែតុលា ឆ្នាំ​២០១៥ ព្រមទាំង​បាន​រត់គេចខ្លួន​មក​ស្រុកកំណើត​វិញ​។

​ក្រោយមក​ក៏ត្រូវ​តុលាការ​ថៃ​ចេញ​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន ហើយ​ភាគី​តម្រួត​ថៃក៏បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៤ខែតុលា ឆ្នាំ​២០១៥​។ ក្រោយមកទៀត​តុលាការ​ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជាបណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ​។​

​ដោយឡែក​ក្រុមគ្រួសារ​សាច់​ញាត់​របស់​ជនសង្ស័យ​ចំនួន​៦​នាក់​ក្នុងនោះ​ក៏មាន​ស្ត្រី​ជាម្ដាយ ដែល​បានធ្វើការ​នៅ​ទីក្រុង​បាងកក​ដូចគ្នា​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ និង​តម្រួតថៃ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ក្រោយពេល ដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន​១ម៉ោង​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​គឺ​ភាគី​ថៃ​បាន​បញ្ជូន​ជន​ទាំង​៦​នាក់​នេះ​មកកាន់ស្រុកកំណើត​វិញ​ហើយ​តាម​ច្រក​អន្តរជាតិ​ដូង​៕​

សមត្ថកិច្ច​ថៃ​បញ្ជូន​សាច់ញាតិ​ជន​រំលោភ​សម្លាប់​នារី​ថៃ​ម្នា​ក់មក​ស្រុក​វិញ​