ទំនិញ​ខូចគុណភាព​ជិត​៥០០​គីឡូក្រាម​ត្រូវ​​សមត្ថកិច្ច​ដុត​កម្ទេច​ចោល​

​ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​សាខាកាំ​កុងត្រូល​ខេត្ត​ ដឹកនាំ​ដោយលោក ​ចាន់ វាសនា​ ប្រធានសាខា​កាំកុងត្រូល​​​ ដោយ​សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច និង​អាជ្ញាធរដែនដី​ ​ចុះពិនិត្យទំនិញ​វេចខ្ចប់​ស្រាប់ និង​ម្ហូបអាហារ កាលពីព្រឹកថ្ងៃ​ទី​២៧ ​តុលា ២០១៥ នៅ​ឃុំស្រែ​សង្គម ស្រុកកោះ​ញែក ​ដោយ​រក​ឃើញ​​​ទំនិ​ញ​ខួច​គុណភាពជិត​៥០០គីឡូក្រាម​ យកទៅ​ដុត​កម្ទេច​ចោល​ ។

លោក ចាន់​ វាសនា​ បានឱ្យ​​ដឹង​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ខាង​លើ​​នេះ ផ្តោត​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួស​កាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មាន អនា​ម័យ និង​ទំនិញ​គ្មាន​សុវត្ថិភាព ​ព្រម​ទាំង​​​​​ដកហូត​យក​ទៅ​កម្ទេច​​ចោល​​ ដើម្បីការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ ។

ទន្ទឹម​នឹង​នេះ​ដែរ​​ ក្រុមការងារ​ក៏​បានធ្វើការ​ណែនាំ​អាជីវករឱ្យ​ចៀស​វាងប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ទៅ​លើ​ផលិតផល​ម្ហូបអាហារ និង​បាន​ពន្យល់​ដល់​អាជីវករឱ្យ​​យល់​ដឹង​​​ពី​អនា​ម័​យ និង​ការរៀបចំទំនិញ​លក់ដូរ​ឱ្យ​​មាន​សណ្តាប់ធ្នាប់តាម​ប្រភេទ​ទំនិញ​ហូប​ចុក ទំនិញប្រើប្រាស់ដាក់​ឱ្យ​​ដាច់​ដោយឡែក​ពី​គ្នា​ ។

លោក ចាន់ វាសនា បាន​បញ្ជាក់​ថា ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ​ បាន​រក​ឃើញទំនិញ​ខូចគុណភាព​ ដូច​ជា ​មី​កញ្ចប់ ងៀត​គោ​កញ្ចប់ ស្រា​បៀរ Expert ភេ​ស​ជ្ជៈ​ម៉ាក
forstar និង​នំ​កញ្ចប់​ផ្សេង​ៗ សរុប​ប្រមា​ណ​ជិត​៥០០​គីឡូក្រាម ហើយ​រាល់​ទំនិញ​ខូចគុណភាព​ទាំង​​អស់នេះ ក្រុមការងារ​បាន​យក​ទៅដុត​កម្ទេច​ចោល​នៅ​វេលា​ម៉ោង១
និង​១០​នាទី​រសៀល​ថ្ងៃ​២៧​ តុលា នៅ​អធិការដ្ឋាននគរបាល​ស្រុកកោះ​ញែក​​​តែ​ម្តង​ ៕