ខ្វះ​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ​ជាង​3.000​នាក់​ខណៈ​គ្រូ​អនុ​វិទ្យាល័យ​លើស​ចំនួន​3.000​នាក់

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ក្រសួង​នៅ​ខ្វះ​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ​ផ្នែក​គណិត​​​វិទ្យា និង​វិទ្យាសាស្ត្រ​ចំនួន ៣ ៧០០​នាក់ ប៉ុន្តែ​គ្រូបង្រៀន​នៅ​កម្រិត​អនុ​វិទ្យាល័យ​លើស​ចំនួន​៣០០០​នាក់ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា ក្នុង​ពិធី​សម្ពោធ​វិធីសាស្ត្រ​បង្រៀន​គ​ណិ​ត្យ​វិទ្យា​ថ្មី​របស់​ចក្រភព​អង់​គ្លេសស្តី​ពី «​ល្បែង​ល្បងប្រាជ្ញា​គណិត​វិទ្យា​» លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន មាន​ប្រសាសន៍​ថា បញ្ហា​ខ្វះ​គ្រូបង្រៀន​បណ្តាល​ឲ្យ​នាយក​សាលា​មួយ​ចំនួន​សម្រេច​យក​គ្រូ​កម្រិត​អនុ​វិទ្យាល័យ​ទៅ​បង្រៀន​ថ្នាក់​កម្រិត​វិទ្យាល័យ ។ ដូច្នេះ គ្រូ​កម្រិត​អនុ​វិទ្យាល័យ​មិនសូវ​មាន​សមត្ថភាព​បង្រៀន​ថ្នាក់​កម្រិត​វិទ្យាល័យ​នោះ​ទេ ដែល​ជា​ហេតុ​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា គ្រូ​កម្រិត​ថ្នាក់ទាប​មិន​អាច​បង្រៀន​ថ្នាក់​ដែល​ហួស​ពី​សមត្ថភាព ឬ​ចំណេះដឹង​នោះ​ទេ ដូច​ជា​គ្រូ​អនុ​វិទ្យាល័យ​មិន​អាច​ទៅ​បង្រៀន​កម្រិត​វិទ្យាល័យ ឬ​គ្រូ​វិទ្យាល័យ​ទៅ​បង្រៀន​កម្រិត​ឧត្តម​បាន​ឡើយ ។ ដូច្នេះ ត្រូវ​តែ​ធ្វើការ​បណ្តុះបណ្តាល​គាត់ មិន​ដូច​ការ​លើក​ឡើង​ថា មាន​គ្រូ​មួយ​ចំនួន​ខ្វះ​សមត្ថភាព​ទៅ​បង្រៀន​ថ្នាក់ខ្ពស់​នោះ​ទេ ។

ចំពោះ​បញ្ហា​គ្រូបង្រៀន​កម្រិត​ទាប​ទៅ​បង្រៀន​កម្រិត​ខ្ពស់​នេះ លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ «​អី​ុ​ចឹ​ង ក្រសួង​បាន​បង្កើត​កម្មវិធី​មួយ​ហៅ​ថា បង្កើន​សមត្ថភាព​គ្រូបង្រៀន តាម​រយៈ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ដែល​មាន​កម្រិត​ទាប ។ ក្រៅពី​ធ្វើការ​បណ្តុះបណ្តាល​គ្រូ​ក្រសួង​នឹង​ធ្វើ​កំណែទម្រង់​សាលា​គោ​រុ​កោសល្យ​ផង​ដែរ​» ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព