សម្តេច ស ខេង មិនទាន់​ឆ្លើយតប​លិខិត​ស្នើសុំ​ជួប​របស់លោក កឹម សុខា

​រាជធានី​ភ្នំពេញ​៖មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្លែងថា មកដល់ពេលនេះ សម្តេច​ក្រឡាហោម ស ខេង មិនទាន់​ឆ្លើយតប​យ៉ាងណា​ទៅនឹង​លិខិត​ស្នើសុំ​ជួប​របស់លោក កឹម សុខា អនុប្រធាន​CNRP​នៅឡើយ​ទេ​។ 

​    ​គួរ​បញ្ជាក់ថា លោក​កឹម សុខា បានធ្វើ​លិខិត​ដាក់ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​សុំ​ជួបពិភាក្សា​បញ្ហា​មួយចំនួន សំខាន់​បញ្ហា​ទាក់ទង​ករណី​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ និង​ការរំខាន​លំនៅដ្ឋាន​របស់លោក កឹម សុខា អំឡុង​ផ្ទុះ​មហា​បាតុកម្ម​ប្រឆាំង​រូបលោក ។ 

​    ​មន្ត្រី CNRP បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ញ្ញត្តិ​ដាក់​ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្តា​ស្ថានទូត​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​រាជរដ្ឋាភិបាល កាលពី​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ អំពី​ហេតុការណ៍​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​    ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ដឹកនាំ​ប្រជុំ​ក្រុមតំណាងរាស្ត្រ​របស់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ទាក់ទង​ការប្រើ​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​របស់ខ្លួន​ចំនួន​២​រូប ពី​សំណាក់​មនុស្ស​មួយក្រុម កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ជាមួយ​តំណាងរាស្ត្រ​របស់ខ្លួន លោក​កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ មួយចំនួន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​របស់ខ្លួន​ដែល​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​៕ 

សម្តេច ស ខេង មិនទាន់​ឆ្លើយតប​លិខិត​ស្នើសុំ​ជួប​របស់លោក កឹម សុខា