Roma សង្ឃឹម​ឡើង​កំពូល​តារាង ត្រូវ​ឈ្នះ Udinese យប់​នេះ

ក្លិប Roma ត្រូវ​ស្វែង​រក​ជ័យ​ជម្នះ​ជា​លើក​ទី ៥ ជាប់ៗ​គ្នា​ក្នុង​ផ្ទះ​ខ្លួន​ឯង​ ​នៅ​ពេល​ជួប​ក្រុម Udinese នៅ​រាត្រី​នេះ ដើម្បី​​ឡើង​ឈរ​​លើ​កំពូល​តារាង​នៃ​ ក្រប​ខ័ណ្ឌ Serie A របស់​ប្រទេស​អ៊ីតាលី។

Roma

ក្រោយ​ពី​​ការ​ចាប់​ផ្តើម​មិន​សូវបាន​ល្អ Roma បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ប៉ុន្តែ លោកគ្រូ​បង្វឹក​សញ្ជាតិ​បារាំង Garcia បាន​បដិសេធ​ក្នុង​ការ​និយាយ​ពី​ការ​ឈ្នះ​ពាន Serie A ជា​លើក​ទី ១ របស់​ពួក​គេ​នៅ​ឡើយ​ បើ​គិត​ចាប់​តាំង​ពីឆ្នាំ ២០០១ ដែល​នៅ​ពេល​នោះ​លោក Fabio Capello​ ជា​គ្រូបង្វឹក។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើងគ្រាន់​តែ​រក្សា​ការ​ធ្វើ​ការងារ​របស់​យើង ហើយនៅពេល​នេះ យើង​ត្រៀម​ឈរលេខ ១ ក្រោយពីការប្រកួត​មួយ​ភាគបួននៃ​រដូវកាល​នេះ​។ ខ្ញុំមិនចាំ​បាច់​ប្រាប់​កីឡាករ​របស់ខ្ញុំថា ពួក​គេ​ត្រូវតែរក្សាការ​លេងឲ្យ​បាន​ល្អ​នៅ​លើ​ទីលានឡើយ​។ យើង​​ជឿ​ជាក់​លើ​ខ្លួន​យើង​ផ្ទាល់ ប្រសិន​បើសាមគ្គីគ្នា និង​បង្ហាញ​ពី​មនុស្ស​ធម៌ ប៉ុន្តែ វា​នៅ​សល់​ការ​ប្រកួត​ជាច្រើន​ទៀត»។

ទោះ​បី​ជា​យ៉ាង​ណា លោក Garcia នឹងគ្មាន​វត្ត​មាន​របស់​ខ្សែ​បម្រើ​​ដែល​ជាប់ពិន័យ​ព្យួរ Daniele de Rossi ក៏​ដូច​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់បាល់បាន​ច្រើន​​ជាង​គេ Salah ដែលត្រូវ​បាន​ពិន័យកាត​ក្រហម​នៅ​​ពេល​ជិត​បញ្ចប់​ការ​ប្រកួតកាលពីថ្ងៃ​ អាទិត្យ​ក្នុង​ទីក្រុង Florence​​៕