ការ​ស្លាប់​ទាហាន​អីុ​រ៉​ង់​កាន់តែ​ច្រើន​នៅ​ស៊ី​រី​បង្ហាញ​ពី​ការ​ចូលរួម​កាន់តែ​ខ្លាំង​របស់​ប្រទេស​នេះ​ជួយ​លោក​អាសា​ដ

ទាហាន​អីុរ៉​ង់​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​តាំងពី​ដើមខែ​តុលា​មក នៅ​ស៊ី​រី​ជា​សញ្ញា​នៃ​ការ​ហក់​ចូល​កាន់តែ​ខ្លាំង​របស់​ប្រទេស​នេះ ដើម្បី​ជួយ​ទ្រទ្រង់​រួម​ជាមួយ​រុ​ស្ស៊ី​ដល់​របប​លោក​ប្រធានាធិបតី​បា​ចា អាល់​អាសា​ដ ។

ចាប់តាំងពី​ថ្ងៃ​ទី​៩ តុលា មក ការ​ស្លាប់​របស់​ទាហាន​អីុ​រ៉​ង់​១៥​នាក់​នៅ​ស៊ី​រី​ត្រូវ​បាន​ប្រកាស​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ក្នុង​នោះ​មាន​សមាជិក​កង​ឆ្មាំ​បដិវត្តន៍​ជា​កងកម្លាំង​ពិសេស​ប្រមាណ​​ជា​១០​នាក់ ។ នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១១ ជា​ឆ្នាំ​ចាប់ផ្តើម​ជម្លោះ​នៅ​ស៊ី​រី ដែល​អីុ​រ៉​ង់​ប្រកាស​ជា​ផ្លូវការ​ពី​ចំនួន​ជន​រង​គ្រោះ​បែប​នេះ ។ ក្នុង​ចំណោម​ទាហាន​អីុ​រ៉​ង់​ដែល​ស្លាប់​ទាំងនេះ​មាន​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍ ឧត្តមសេនីយ៍ HOSSEIN HAMEDANI ជា​វីរបុរស​នៃ​សង្គ្រាម​អីុរ៉​ង់​-​អីុ​រ៉ា​ក់ (១៩៨០-១៩៨៨) ដែល​ស្លាប់​ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អិុ​ស្លា​ម​នៅ​តំបន់​អា​ឡែ​ប ព្រមទាំង​វរសេនីយ៍ឯក​២​រូប​ទៀត ។

ក្រោយ​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍​រូប​នេះ​កាលពី​ថ្ងៃ​ទី​៨ តុលា រូប​ធំ​ៗ​របស់​លោក​ត្រូវ​បាន​ដាក់​តាំង​តាម​បណ្តោយ​មហាវិថី​នានា និង​នៅ​តាម​បណ្តា​ឧទ្យាន​ក្រុង​តេ​ហេ​រ៉​ង់ ដើម្បី​ជា​ការ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​លោក ។

អ្នក​ស្លាប់​ឯទៀត​ៗ​ត្រូវ​បាន​អាជ្ញាធរ​អីុ​រ៉​ង់​ថា ជា​ពួក​អ្នក​ស្ម័គ្រចិត្ត ដែល​ការពារ​ផ្នូរ​របស់​បណ្តា​កូនចៅ ព្រះ​មហាម៉ាត់​នៅ​ស៊ី​រី ។

ប្រទេស​អីុ​រ៉​ង់​ពុំ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​បញ្ជូន​កង​ទាហាន​ទៅ​ស៊ី​រី​ឡើយ ដោយ​អះអាង​ថា បញ្ជូន​ទៅ​តែ​បណ្តា​ទីប្រឹក្សាយោធា​ជា​សមាជិក​កង​ឆ្មាំ​បដិវត្តន៍ ។ ក្រោម​បញ្ជា​របស់​បណ្តា​ទីប្រឹក្សា​ទាំងនេះ​មានការ​ចូលរួម​ប្រយុទ្ធ​របស់​ពួក​ជីវពល​ស៊ី​អីុ​ត​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ ព្រម​តាំង​ពួក​អ្នក​ស្ម័គ្រចិត្ត​អីុ​រ៉​ង់ អីុ​រ៉ា​ក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

តាម​ទូរទស្សន៍​រដ្ឋ ជន​លេខ​២​នៃ​កង​ឆ្មាំ​បដិវត្តន៍ ឧត្តមសេនីយ៍ HOSSEIN SALAMI ថ្លែង​កាលពី​យប់​ថ្ងៃ​ទី​២៦ តុលា ថា កងទ័ព​ស៊ី​រី​ចាប់ផ្តើម​តាំងពី​ច្រើន​ខែ​មក​ហើយ នូវ​ការ​កសាង​ឡើង​វិញ ហើយ​ស្នើ​សុំ​ជំនួយ​បន្ថែម​ជាទី​ប្រឹក្សា ។ បែប​នេះ​យើង​បាន​បង្កើន​ចំនួន​ទីប្រឹក្សាយោធា​របស់​យើង ហើយ​លទ្ធផល​ទើប​យើង​មាន​អ្នក​ស្លាប់​ច្រើន​នៅ​ស៊ី​រី ដែល​តាម​ពិត​មិនជា​ច្រើន តែ​ច្រើន​ជាង​កាលពីមុន ។ ឧត្តមសេនីយ៍​រូប​នេះ​បន្ត​ថា បណ្តា​ទីប្រឹក្សាយោធា​អីុរ៉​ង់​ទាំងនេះ​ពុំ​អាច​ស្ថិត​នៅ​តែ​ក្នុង​បន្ទប់ ដោយ​ពួក​គេ​ត្រូវ​មាន​វត្ត​មាននៅ​តាម​ទីលាន​ដែរ ។

ក្រុង​តេ​ហេ​រ៉​ង់​ពុំដែល​បង្ហាញ​ពី​តួលេខ​ផ្លូវការ​នៃ​វត្តមាន​អីុរ៉​ង់​នៅ​ស៊ី​រី​ឡើយ ក៏​ប៉ុន្តែ​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​អះអាង​កាលពី​ពាក់កណ្តាល​ខែតុលា​ថា មាន​ទាហាន​អីុរ៉​ង់ ឬ​យុទ្ធ​ជន​ជួយ​ទ្រទ្រង់​ដោយ​អីុ​រ៉​ង់រ​ហូត​ដល់​២.០០០​នាក់ ចូលរួម​នៅ​ជិត​ទីក្រុង​អា​ឡែ​ប ក្នុង​ការ​វាយលុក​មួយ​ប្រឆាំង​បណ្តា​ក្រុម​ឧទ្ទាម ។

ការ​វាយលុក​នេះ​ត្រូវ​បាន​សម្របសម្រួល​ជាមួយ​របប​លោក​អាសា​ដ និង​រុ​ស្ស៊ី​ដែល​ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា ប្រឆាំង​បណ្តា​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ ក្នុង​នោះ​មាន​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ផង ។

កងទ័ព​ស៊ី​រី​អះអាង​កាលពី​ថ្ងៃ​ទី​២៧ តុលា ថា បណ្តា​យន្តហោះ​តួ​ក​គី កា​តា និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម បាន​ដឹក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អិុ​ស្លា​ម​៥០០​នាក់​ទៅ​កាន់​ទីក្រុង​អា​ដេ​ន​របស់​យេ​ម៉ែ​ន ។ ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ព​ស៊ី​រី​និយាយ​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អិុ​ស្លា​ម​៥០០​នាក់​ដែល​ប្រយុទ្ធ​នៅ​ស៊ី​រី​បាន​ដកថយ​ចេញពី​ប្រទេស​ក្រោម​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ។

រដ្ឋាភិបាល​ស៊ី​រី​ចាប់តាំងពី​យូរ​មក​ហើយ ចោទប្រកាន់​ប្រទេស​តួ​ក​គី កា​តា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ថា ជួយ​ទ្រទ្រង់​ដល់​បណ្តា​ក្រុម​ភេរវ​ករ​នៅ​ស៊ី​រី​តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​ទីនោះ​មក ។

ចំណែក​ខាង​ផ្នែក​ការទូត​វិញ សហរដ្ឋ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៧ តុលា ថា អីុ​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​នៃ​របប​ក្រុង​ដា​ម៉ាស់​អាច​ចូលរួម​ក្នុង​ការ​ចរចា​ស្តី​ពី​វិបត្តិ​ស៊ី​រី ដោយ​ទន្ទឹម​នឹង​នេះ​លើក​ឡើង​ពី​ឆន្ទៈ​របស់​ខ្លួន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​ពួក​រដ្ឋ​អិុ​ស្លា​ម ។ សហរដ្ឋអាមេរិក​ក៏​លើក​ឡើង​ផង​ដែរ​ពី​លទ្ធភាព​បញ្ជូន​កងកម្លាំង​ពិសេស​ទៅ​ស៊ី​រី ៕