មហា​សន្និសីទ​ស្តី​ពី​បរិយាកាស​នៅ​ក្រុងប៉ារីស​នឹង​មាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​80​រូប​ចូលរួម

ប្រទេស​បារាំង​អះអាង​ថា ក្នុង​មហា​សន្និសីទ​ស្តី​ពី​បរិយាកាស​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ខាង​មុខ​នេះ នៅ​ក្រុងប៉ារីស​នឹង​មាន​វត្តមាន​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដល់​៨០​រូប​ចូលរួម ក្នុង​នោះ​មាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី ជាដើម ។

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក LAURENT FABIUS ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៧ តុលា ថា សម្រាប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ជា​ថ្ងៃ​ដំបូង​នៃ​សន្និសីទ​នេះ​នឹង​មាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ច្រើន​រូប​ចូលរួម ដោយ​យើង​ទទួល​រួច​ហើយ​នូវ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​៨០​រូប ក្នុង​នោះ​មាន​ប្រធានាធិបតី​អា​មេ​រិ​ក ចិន នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល ព្រមទាំង​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ។ លោក​បញ្ជាក់​ថា បណ្តា​មេដឹកនាំ​អឺរ៉ុប​ក៏​នឹង​មាន​វត្តមាន​ដែរ ។

ប្រទេស​បារាំង​ដែល​នឹង​ដឹកនាំ​ធ្វើ​សន្និសីទ​នេះ​សង្ឃឹម​សម្រេច​បាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​កម្រិត​ការ​កើន​កម្តៅ​បរិយាកាស ហើយ​បាន​អញ្ជើញ​មេដឹកនាំ​របស់​រដ្ឋ​១៩៥ ឱ្យ​ចូលរួម​ក្នុង​ការ​ចរចា​គ្នា ៕