វិធី៥យ៉ាង​ ជួយលួងលោម និងសម្រួលអារម្មណ៍ មិត្តដែលកំពុងខូចចិត្ត បែកបាក់ស្នេហា

វាពិតជាពិបាកខ្លាំងណាស់មែនទេ នៅពេលដែលយើងឃើញ មិត្តភក្តិសំណព្វរបស់យើង ខូចចិត្តយ៉ាងខ្លាំងព្រោះតែ គេទើបនឹងបែកបាក់ស្នេហា ហើយខ្លួនយើងផ្ទាល់នេះ ពិតជាចង់ជួយគេខ្លាំងណាស់ដែរ តែមិនដឹងគួរជួយដោយវិធីណា និងមិនដឹងថាគួរធ្វើបែបណាឲ្យសម ខ្លាចធ្វើទៅគេមិនពេញចិត្ត ឬរឹតតែពិបាកចិត្តថែមទៀត។

យ៉ាងណាមិញ ខាងក្រោមនេះគឺជា វិធីណែនាំទាំង៥យ៉ាង ដែលបានដកស្រង់ ចេញពីប្រភពព័ត៌មាន​បរទេសមួយ ដើម្បីអាចឲ្យអ្នក យល់ដឹងអំពីរបៀប ក្នុងការជួយលួងលោម ឬក៏កំដរមិត្តភក្តិ ដែលកំពុងខូចចិត្ត ជាពិសេសរឿងស្នេហាតែម្តង៖

១.ទុកឲ្យគេសម្តែង នូវអារម្មណ៍ដែលមាន នៅក្នុងខ្លួនចេញមកក្រៅ

វាជារឿងធម្មតាទេ ដែលមនុស្សទាំងអស់ តែងតែមានអារម្មណ៍អាក្រក់ នៅពេលដែលពួកគេ បែកបាក់ស្នេហា ដូច្នេះអ្នកត្រូវចាំថា មិនថាមិត្តភក្តិរបស់អ្នក មានអារម្មណ៍បែបណានោះទេ វាគ្រាន់តែជាអារម្មណ៍ដែល មានពេលកំណត់ប៉ុណ្ណោះ។ មិនថាពួកគេខឹង, កើតទុក្ខ ឬក៏សម្តែងអាកប្បកិរិយា មិនចេះគិតគូរ យ៉ាងណាទេ អ្នកគួរតែកុំប្រកាន់ អំពីសកម្មភាពរបស់គេ តែផ្ទុយទៅវិញ អ្នកគួរតែលើកទឹកចិត្ត ឬក៏លួងលោមគេជានិច្ច។ ត្រូវចាំថា អ្នកនៅតែជាមិត្តភក្តិរបស់គេ និងរង់ចាំគាំទ្រគេជានិច្ច មិនថាមានរឿងអ្វី កើតឡើងក៏ដោយ។

វិធី៥យ៉ាង​ ជួយលួងលោម និងសម្រួលអារម្មណ៍ មិត្តដែលកំពុងខូចចិត្ត បែកបាក់ស្នេហា
អ្នកខូចចិត្ត ជៀសមិនផុតពី អារម្មណ៍សោកសៅ និងមួម៉ៅនោះឡើយ

២.គួរទុកពេលសម្រាប់ខ្លួនឯងផង ប្រសិនបើចាំបាច់

នេះមានន័យថា វាជារឿងសំខាន់មួយ ដែលអ្នកគួរដឹងអំពី កម្រិតដែលអ្នកអាច ផ្តល់ទៅកាន់មិត្តភក្តិ របស់អ្នកបាន។ ជាការពិតនៅពេល ដែលមិត្តភក្តិយើងខូចចិត្ត វត្តមានរបស់យើង ក្នុងការនៅកំដរគេ គឺជារឿងសំខាន់ ក៏ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវធ្វើរឿងរ៉ាវ ផ្ទាល់ខ្លួនខ្លះផងដែរ ដូច្នេះជាការល្អ អ្នកគួរតែប្រាប់ ឲ្យគេដឹងថាតើ ពេលណាអ្នកអាចទំនេរ ចេញក្រៅដើរលេង ជាមួយគេបាន ដូច្នេះហើយមិត្តភក្តិ របស់អ្នកនឹងមិនរង់ចាំ មើលផ្លូវអ្នក ហើយការយល់ច្រឡំនានា ក៏មិនមាននោះដែរ។

៣.កំដរមិត្តភក្តិ ធ្វើរឿងអ្វីៗដែល គេធ្លាប់រីករាយ ពេលដែលបានធ្វើ សកម្មភាពទាំងនោះ

វាជាវិធីដ៏ល្អបំផុតមួយ ក្នុងការជួយឲ្យ មិត្តរបស់អ្នកឆាប់រំសាយ អារម្មណ៍ពីរឿងរ៉ាវខូចចិត្ត នោះគឺការយក អាហារទៅឲ្យគេបរិភោគ ឬក៏នាំគេទៅញ៉ាំអាហារ ដែលគេចូលចិត្ត។ បើមិនដូច្នោះទេ អ្នកក៏អាចកំដរគេដើរលេង ឬក៏ធ្វើអ្វីៗដែល រូបគេចូលចិត្តធ្វើជាដើម តែគួរជៀសវាង នាំទៅកន្លែងដែល អាចឲ្យគេនឹកឃើញដល់ អនុស្សាវរីយ៍រវាងគេ និងអតីតគូស្នេហ៍ ព្រោះថានេះរឹតតែ ធ្វើឲ្យគេពិបាកចិត្ត ថែមមួយកម្រិតទៀត។

៤.ជម្រុញឲ្យមិត្តភក្តិ របស់អ្នកមានសកម្មភាព រស់រវើក

ជាធម្មតានៅពេល មនុស្សយើងខូចចិត្ត ភាគច្រើនពួកគេ តែងតែសំងំនៅផ្ទះ ហើយគ្មានអ្វីធ្វើក្រៅពី គេងនិង មើលទូរទស្សន៏នោះឡើយ ដែលកត្តាទាំងនេះ មិនមែនជារឿងល្អ សម្រាប់ពួកគេនោះឡើយ។ ដូច្នេះយើងដែលជា មិត្តភក្តិរបស់គេនោះ គួរតែជម្រុញ និងលើកទឹកចិត្ត ឲ្យគេចេញទៅក្រៅ ស្រូបយកខ្យល់អាកាស ដើរលំហែកាយ ហើយបើសិនជាអាចនោះ គួរតែធ្វើដំណើរកំសាន្ត ទៅកាន់ទីឆ្ងាយក័បាន ព្រោះថាវាជាឱសថដ៏ល្អមួយ សម្រាប់រំងាប់អារម្មណ៍ ខូចចិត្ត។

៥.បណ្តោយឲ្យគេ ធ្វើនូវសកម្មភាពអ្វី​ដែល គេចូលចិត្ត

ប្រសិនបើមិត្តរបស់អ្នក ដែលកំពុងខូចចិត្ត ចូលចិត្តលេងបាល់ទាត់ គួរនាំគេទៅលេងបាល់ ឬក៏គេចូលចិត្តលេងហ្គេម នាំគេទៅលេងហ្គេម ព្រមទាំងទិញរបស់ ញ៉ាំជាច្រើនដើម្បី ឲ្យរូបគេរីករាយ ក្នុងអំឡុងពេលដែល គេកំពុងជក់ចិត្ត នឹងសកម្មភាពដែលជា ចំណង់ចំណូលចិត្ត របស់គេផ្ទាល់។ ព្រោះថាការធ្វើបែបនេះ គឺជារឿងសំខាន់ ក្នុងការធ្វើឲ្យគេ នឹកឃើញឡើងវិញ នូវចំណង់ ក៏ដូចជាអ្វីដែលអាចធ្វើឲ្យគេរីករាយ ដើម្បីអាចឲ្យគេឆាប់បំភ្លេចនូវរឿងរ៉ាវ ស្នេហាដែលខកបំណង។

នេះគឺជាវិធី៥យ៉ាង ដែលអាចឲ្យអ្នក ជួយសម្រួលអារម្មណ៍ និងលួងលោម មិត្តភក្តិរបស់អ្នកដែល កំពុងតែខូចចិត្ត ជាពិសេសគឺអ្នកទើប នឹងបែកបាក់ស្នេហា ឲ្យគេឆាប់ជាសះស្បើយ និងមានអារម្មណ៍ ប្រក្រតីឡើងវិញ៕

វិធី៥យ៉ាង​ ជួយលួងលោម និងសម្រួលអារម្មណ៍ មិត្តដែលកំពុងខូចចិត្ត បែកបាក់ស្នេហា
ការបែកបាក់ស្នេហា ជារឿងមួយធ្វើឲ្យមនុស្ស ខូចចិត្ត

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត