ក្រោយរញ្ជួយដី ៣ប្រទេស ជប៉ុន ចិន កូរ៉េ​ខាង​ត្បូង ប្ដេជ្ញា​សហការ​ដើម្បី​គ្រប់​គ្រង​គ្រោះ​មហន្ដរាយ

តូក្យូ៖ បន្ទាប់គ្រោះមហន្ដរាយរញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ បានវាយប្រហារ ៣ប្រទេសរួមមាន ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងរាលដាលដល់ឥណ្ឌា បណ្ដាលឲ្យមានអ្នកស្លាប់ សរុបជាង៣៦០នាក់ និងរងរបួស រាប់ពាន់នាក់ទៀតនោះ ខណៈពេលនេះ ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានរួមគ្នាប្ដេជ្ញាសហការគ្នា ដើម្បីគ្រប់គ្រង់គ្រោះមហន្ដរាយ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា រដ្ឋមន្រ្តីនៃ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយមកពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានព្រម ព្រៀងគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្សព្វផ្សាយផែនការរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តឡើងកាលក្នុងខែមីនា ដើម្បីឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ និងការកាត់បន្ថយផល ប៉ះពាល់របស់ខ្លួន។

កិច្ចប្រជុំមួយនេះធ្វើឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានលោក តារ៉ូ កូណូ រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្ដរាយជប៉ុន លោក ឌូ យូពី អនុរដ្ឋមន្រ្តីក្រសួងកិច្ចការងារស៊ីវិលចិន និងលោក លី សុងហូ អនុរដ្ឋមន្រ្តីកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការងារសុវត្ថិភាព និងសន្តិសុខសាធារណៈ បានចុះហត្ថ លេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីការរួមគ្នាប្ដេជ្ញាលើកកម្ពស់ផែនការខាងលើរយៈពេល ១៥ឆ្នាំ៕