​ពលរដ្ឋ​ចោទ​នាយរង​ប៉ុស្ដិ៍​អន្តោប្រវេសន៍​ច្រក​ភ្នំ​ដិ​ន​ថា​ជា​មេខ្លោង​នាំ​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ខេត្តតាកែវ​បាន​រៀបរាប់ថា​បក្ខពួក​រប​ស់លោក ជ្រិ​ន ឆាយ បាន​ដឹកទំនិញ​ពី​ប្រទេស​យួន​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន ដោយ​ប្រើប្រាស់​រថយន្ដ​កូរ៉េ​២​តោន​កន្លះ​ជា​រៀងរាល់​យប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនិញគេចពន្ធ​ត្រូវ​យកមក​ស្ដុក​ទុក​នៅក្នុង​ឃ្លាំង​ចំនួន​២ ដែលមាន​ទីតាំង​ឃ្លាំង​ទី​១ នៅ​ខាងត្បូង​ផ្សារ​ទន្លាប់​៥០០​ម៉ែត្រ  ចំណែក​ឃ្លាំង​ទី​២ នៅ​ខាងត្បូង​ព្រែក​តា​ម៉ៅ ស្ថិតក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ហើយ​បញ្ហា​នេះ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​មិន​ខាន​។​

​ជុំវិញ​បញ្ហា​នេះ​មន្ត្រី​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​មួយរូប​បាន​បង្ហើប​ថា ដើមឡើយ​ទំនិញគេចពន្ធ​របស់លោក ជ្រិ​ន ឆាយ នាយរង​ប៉ុស្ដិ៍​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន ត្រូវគេ​ដឹក​តាម​រថយន្ដក្រុង​១៥ អេស​អេក​ពី​ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង​មក​ភ្នំពេញ  ប៉ុន្តែ​ដោយ​កន្លងទៅ​ខ្សែ​រថយន្តក្រុង​ទាំងនោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បែកធ្លាយ​ចេញ​ទំនិញគេចពន្ធ ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ​ទើប​ពួក​ឈ្មួញ និង​មន្ត្រី​ខិលខូច​គេ​ក៏​ប្ដូរ​ទិសដៅ ចេញ​តាម​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន ក្នុង​ទឹកដី​ខេត្តតាកែវ​វិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ផ្នែក​ខ្លះ​នៃ ទំនិញគេចពន្ធ​ទាំងនោះ ត្រូវបាន​លក់​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​ផ្សេង និង​រាជធានី​ភ្នំពេញ ហើយ​មាន​មួយចំនួន​ផ្សេងទៀត​ក៏ត្រូវ​បាន​គេ​ដឹក​បន្ត​ទៅកាន់​ប្រទេស​សៀម​ផងដែរ​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ​ទទួលបន្ទុក​ទំនាក់ទំនង​ព្រំដែន និង​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា លោក​នឹង​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ចំពោះ​ករណីនេះ​។ ចំណែក លោក ជ្រិ​ន ឆាយ មាន​តួនាទី​ជា​នាយរង​ប៉ុស្ដិ៍​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដិ​ន ដែល​រង​ការចោទប្រកាន់ មិនអាច​សុំ​ធ្វើការ​បំភ្លឺ​បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ច្រើនដង​ពុំមាន​អ្នកទទួល​។ ពាក់ព័ន្ធ​បញ្ហា​នេះ ប្រជាពលរដ្ឋ ក៏ដូចជា​អ្នករកស៊ី​ដឹកទំនិញ នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្ថិតក្នុង​ស្រុក​គិរីវង់ ខេត្តតាកែវ បាន​អះអាងថា នាយរង​ប៉ុស្ដិ៍​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​មួយ​នេះ គឺ​លោក ជ្រិ​ន ឆាយ ជា​មេខ្លោង​នាំ​ទំនិញគេចពន្ធ​ដ៍​ធំជាងគេ​នៅក្នុង​ខេត្តតាកែវ ហើយ​ករណីនេះ លោក ជ្រិ​ន ឆាយ មិនអាច​ធ្វើ​តែឯង​បានទេ​៕

pp-cantho-06