ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង នៅតែ​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង

មេ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ដែលមាន​ប្ដី​ជា​មន្ត្រី​សមត្ថកិច្ច​ប្រដាប់អាវុធ​ខ្មែរ​នោះ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​កែច្នៃ​ឈើ​ប្រណីត​ជា​គ្រឿង​សង្ហា​រឹម​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​សុខ​ស្រួល​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ បើ​និយាយ​ពី​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ប្រការនេះ​លោក ឆេង គឹម​សុន គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​សិប្បកម្ម​ខុសច្បាប់ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង ពុំមាន​ការថយចុះ​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង មាន​ទីតាំងនៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ខេត្តស្ទឹងត្រែង ហើយ​សិប្ប​កម្មនេះ​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​មួយថ្ងៃៗ​មាន​ទូក​ដឹកឈើ​ពី​១០​ទៅ​២០​គ្រឿង​បាន​ចូលមក​ទម្លាក់​ឈើ​ឲ្យ​រោង​សិប្បកម្ម​របស់​យាយ​ព្រឿង ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បើកភ្នែក​មើល​ទាល់តែសោះ​។ ជាងនេះទៅទៀត​មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក់ គឺជា​អ្នកកាង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ផងដែរ ទើប​ឈ្មួញ​យួន​រូបនេះ​អាច​បន្តសកម្មភាព​យ៉ាង​ក្រអឺតក្រទម​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​តូចតាច​នៅក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​ទូក​ដឹកឈើ​ប្រណីត​ពី​១០​ទៅ​២០​គ្រឿង​ចូលមក​ទម្លាក់​ឈើ​ប្រណីត​ឲ្យ​សិប្បកម្ម​របស់ យាយ​ព្រឿង នៅក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ​។ បើតាម​ពិនិត្យ​ជាក់ស្ដែង​ឈើ​ប្រណីត​ដែល​ជនល្មើស​ដឹក​ចូលក្នុង​សិប្បកម្ម​របស់ យាយ​ព្រឿង ក្នុង​មួយថ្ងៃៗ​មាន​បរិមាណ​ពី​២០០​ទៅ​៣០០​ម៉ែត្រគូប​។ យាយ​ព្រឿង មិន​ត្រឹមតែ​កែច្នៃ​ឈើ​ប្រណីត​នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​បាន​ចែកចាយ​ទៅដល់​សិប្បកម្ម​ដទៃទៀត​យ៉ាង​ពេញបន្ទុក​ផងដែរ ដោយសារតែ​គាត់​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈើ​ដែល​គេ​ដឹកជញ្ជូន​តាម​ទូ​កម​កល​ក់​ឲ្យ យាយ​ព្រឿង គឺជា​ឈើ​ខុសច្បាប់​ពុំមាន​ប្រភព​ច្បាស់លាស់​ឡើយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​ផងដែរ​៕

7573_2 7573