​តើ​លទ្ធិប្រជាធិបតេយ្យនៅ​បារាំង និង​កម្ពុជា មាន​អ្វី​ខុសប្លែកគ្នា​ទេ​?

ភ្នំពេញ​: ​មកទល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ បាន​ក្រេបជញ្ជក់​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចងក្រង​ដោយ​ប្រទេស​លោកខាងលិច គឺមាន​រយៈពេល ២៤​ឆ្នាំ​ហើយ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​បារី​ស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ ក្នុង​ស្មារតី​កិច្ចព្រមព្រៀង​នេះ ក្នុង​ចំណុច​មួយ​មានចែង​ច្បាស់​ពី​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​កម្ពុជា បាន​ហែល​ឆ្លងកាត់​របប​ជាច្រើន និង​សង្គ្រាម​រុំ​ា​រ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក​។​
​    ​
​ព្រឹ​ត្ដិ​ការណ៍​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​នូវ​តក្ក​ភាពជាក់ស្ដែង នៃ​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ប្រៀបធៀប​ទៅនឹង​ការ​អនុវត្ដ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​ប្រទេស​បារាំង ដែលជា​ប្រទេស​មហាអំណាច​មួយ ដែល​បានរួម​ចំណែក​ខ្នះខ្នែង​បញ្ចប់​ជម្លោះផ្ទៃក្នុង រវាង ភាគី​ខ្មែរ​ទាំង​បួន​ក្រុម និង​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​នោះ​។​
​    ​
​ដើម​សប្តាហ៍​នេះ ថ្ងៃទី​២៥-២៧ ខែតុលា ឆ្នាំ​២០១៥ ខណៈដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង ដើម្បី​ចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​រវាង​បារាំង​-​កម្ពុជា នោះ ក្រុម​អាណិកជន​ខ្មែរ​ប្រមាណ ១០០​នាក់ ធ្វើបាតុកម្ម​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​មានការ​គៀបសង្កត់​សិទ្ធិសេរីភាព​នៅ​កម្ពុជា ហើយ​បាន​បង្ហាញថា នៅ​ប្រទេស​បារាំង​គេ​បើកចំហរ​ឲ្យ​មាន​សិទ្ធិសេរីភាព​បូ​រិ​បូ​ណ៍ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​បញ្ចេញមតិ​ដោយ​សេរី តាមរយៈ​ធ្វើបាតុកម្ម ជាដើម​។

​ក្នុងន័យនេះ យើង​សូម​លើក​ជា​សំនួ​រថា តើ​នៅ​កម្ពុជា​មានការ​រឹតត្បិត​សិទ្ធិសេរីភាព ជាង​នៅ​ប្រទេស​បារាំង ឬក៏​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ទាំងពីរ មានដំណើរ​ប្រ​ព្រឹ​ត្ដិ​ទៅ ក្នុង​រង្វង់​ក្របខ​ណ្ឌ័​នៃ​លទ្ធិប្រជាធិបតេយ្យ​តែមួយ​?
​    ​
​នៅ​ប្រទេស​បារាំង​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន គេ​សង្កេតឃើញ​មានការ​លើក​កំពស់​សិទ្ធិសេរីភាព និង​ការបញ្ចេញមតិ​ទាំង​ក្រុមប្រឆាំង ក៏ដូចជា​ក្រុមគាំទ្រ​លោក ហ៊ុន សែន ពិតមែន​។​

​នៅ​ទីក្រុង​ប៉ារីស ក្រុមប្រឆាំង​បាន​កេណ្ឌ​គ្នីគ្នា​បាន​ប្រមាណ ១០០​នាក់ ស្រែក​អាក្រោស នៅ​ទីសាធារណៈ​ដែល​អាជ្ញាធរ​បារាំង​កំណត់​ឲ្យ​ច្បាស់លាស់ និង​មិនត្រូវ​បង្ក​ភាពអនាធិបតេយ្យ​ជាដាច់ខាត​។ ចំណែកឯ​ក្រុម​អ្នកគាំទ្រ​លោក ហ៊ុន សែន មាន​បងប្អូន​អាណិកជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង និង​ប្រទេសជិតខាង​រាប់​ទសវត្សរ៍​មកហើយ អ្នកមាន​សញ្ជាតិ​ពីរ (​ខ្មែរ​-​បារាំង​...)  និង​បណ្ដា​និស្សិត ដែល​ទៅ​រៀន​នៅ​ប្រទេស​បារាំង បានមក​ចូលរួម​តាម​ការ​ស្ម​គ្រ័​ចិ​ត្ដ​ប្រមាណ​ជាង​មួយ​ពាន់​នាក់ ដើម្បី​ស្ដាប់​នូវ​បទឧទ្ទេសនាម​របស់លោក ហ៊ុន សែន គឺ​ស្ថិតក្នុង​ភាព​ស្ងៀមស្ងាត់ សន្ដិភាព និង​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​។ តែបើ​ទោះ​ក្នុង​សភាព​បែបនេះ​ក្ដី បែរជា​ត្រូវ​ក្រុមប្រឆាំង​និយាយ​បំផ្លើស​ថា មានការ​បង្ខិតបង្ខំ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មក​ស្តាប់​ទៅវិញ​។​

​ចំណុច​នេះ អ្នកវិភាគ​នយោបាយ​មួយចំនួន​បាន​ចោទសួរ​ទៅវិញ​ថា តើ​រដ្ឋាភិបាល​បារាំង​អាច​អនុញ្ញាត​ឲ្យ​មានការ​បង្ខិតបង្ខំ​ពី​គណបក្សនយោបាយ​ណាមួយ​ពី​ក្រៅប្រទេស មកលើ​ដែន​អធិបតេយ្យ​របស់គេ​ដែរឬទេ​? បញ្ហា​នេះ ក្រុមប្រឆាំង​ក្ដី​ឬ​បក្សប្រឆាំង​ក្ដី​អាច​ឆ្លើយបាន​ដោយ​ខ្លួនឯង​!

​នៅ​កម្ពុជា​៖ ដំណើរការ​ក្នុងការ​អនុវត្ដ​បែបបទ​ក្រម​សីស​ធម៌​នៃ​លទ្ធិប្រជាធិបតេយ្យ ហាក់ដូច​ជាមាន​ភាពខុស​ពី​ប្រទេស​បារាំង ត្រង់​ថា នៅ​កម្ពុជា​មានតែ​បក្សប្រឆាំង ឬ​ក្រុមប្រឆាំង​ប៉ុណ្ណោះ ដែល​តែង​ស្រែក​ក្ដែ​ងៗ​ថា មានការ​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងន័យនេះ អ្នកវិភាគ​នយោបាយ ដែលជា​និច្ចកាល​តាមដាន​ពី​សភាពការណ៍ និង​ដំណើរការ​ប្រ​ព្រឹ​ត្ដិ​ទៅ​ជាក់ស្ដែង​នៅ​កម្ពុជា បាន​សង្កេតឃើញ​យ៉ាង​ប្រត្យក្ស​នឹង​ភ្នែក អំពី​ភាព​ច្រ​ទ្បោ​ង​ខាម​របស់​ក្រុម និង​បក្សប្រឆាំង នូវ​ការប្រើ​អំពើហិង្សា ការស្រែក​អាក្រោស បែប​បំបះបំបោរ​នៅតាម​ផ្លូវថ្នល់​សាធារណៈ ការ​កេណ្ឌ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​មក​គាំទ្រ​ពួកខ្លួន​បណ្ដាល​ឲ្យ​ពួកគេ​បាត់បង់​ពេលវេលា​រកស៊ី​ចិ​ញ្ជឹ​ម​ជីវិត បង្ក​ដល់​ការបាត់​សណ្ដាប់​ធា្ន​ប់​សង្គម​ក្នុង​គោលបំណង​តែ​ម្យ៉ាង គឺ "​បម្រើ​មហិច្ឆតា​ស្រេកឃ្លាន​អំណាច​" តាមរបៀប​ប​ដិ​វត្ដ រហូត​មានពេលខ្លះ​បង្ក​ដល់​ការរង​របួស​យ៉ាងធ្ងន់ធ្ងរ​ដល់​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាច្រើន​នាក់ ទៀតផង​។

​សភាព​ដូច​បាន​រៀបរាប់​ខាងលើ ទើប​រដ្ឋាភិបាល​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ក្រុម និង​បក្សប្រឆាំង​បន្ដ​នូវ​ភាពអនាធិបតេយ្យ​បែបនេះ​តទៅទៀត បាន​ចាត់​វិធានការណ៍​នានា​ដើម្បី​ញុំ​ា​ង​ឲ្យ​ប្រទេស​វិល​រក​ភាពស្ងប់ស្ងាត់ រហូតដល់​បច្ចុប្បន្ន​។
​រឿង​ដែល​គួរ​ឲ្យ​ពិចារណា​ថែមទៀត​នោះ គឺ​ការប្រៀបធៀប​គ្នា​រវាង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​បារាំង ព្រោះថា ទន្ទឹមនឹង​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារាំង ក៏មាន​ការធ្វើ​បាតុកម្ម​នៅ​កម្ពុជា​ផងដែរ ព្រោះថា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​វិមាន​រដ្ឋសភា មាន​ក្រុមបាតុករ​ប្រមាណ​ជាង​៥​ពាន់​នាក់ បានទាមទារ​សុំ​ឲ្យ​មានការ​ដកដំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បាន​ចេញមក​សម្ដែង​មតិ​របស់ខ្លួន​តាមបែប​បទ​លទ្ធិប្រជាធិបតេយ្យ​។
​ដោយឡែក​ក្នុងនោះ គឺ​អាស្រ័យ​លើ​បែបបទ​នីតិវិធី​របស់​រដ្ឋសភា និង​សិទ្ធិសេរីភាព​របស់​សមា​ជិ​ក​សភាតំណាងរាស្ដ្រ​ទាំង​១២៣​រូប ក្នុងការ​បញ្ចេញមតិរ​បស់​ខ្លួន​។​

​ក្នុង​បរិ​ការ​ដូច​បាន​រៀបរាប់​ខាងលើ តាម​លក្ខណៈ និង​បែបបទ​លទ្ធិប្រជាធិបតេយ្យ​វា​ពុំមែន​ជា​អ្វីដែល​ហៅថា "​ប្លែក​" នោះទេ ឬក៏​ពុំមែន​ជា​អ្វី​ដែលជា​អំណាច​ផ្ដាច់ការ ការគៀបសង្កត់ វៀរចាក​ពី​លទ្ធិប្រជាធិបតេយ្យ​នោះ​ក៏​ទេ​ដែរ​។ ព្រោះថា នៅ​ប្រទេស​ណាក៏ដោយ ពិសេស​ប្រទេស​លោកខាងលិច ចំពោះ​ការបោះឆ្នោត​សម្ដែង​មតិ (A motion of no confidence) លើ​អ្នកដឹកនាំ​ជាន់ខ្ពស់​ណា​ម្នាក់ គឺជា​បុព្វសិទ្ធិ​របស់​សមាជិកសភា​ម្នាក់ៗ ក្នុង​ស្ថាប័ន​នីតិបញ្ញតិ​។

​ក្នុងន័យនេះ ចំពោះ​កម្ពុជា​ក៏​មិន​លើសខ្វះ​អ្វី​ពី​ប្រទេស​នានា​នោះដែរ ដូច្នោះ​រាល់​ការផ្ដល់​សេចក្ដី​ទុក​ចិ​ត្ដ ឬ​មិន​ទុកចិត្ដដ​ល់​ឥស្សរ​ជនណាម្នាក់ គឺ​អាស្រ័យ​លើ​សមាជិកសភា (៥០%​បូក​១) ទុក​ជាការ​ស្រេច​។ ដូចនេះ រឿង​កៅអី​របស់លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា គឺជា​ករណី​ជាក់ស្តែង​នោះឯង​។

​ជា​សរុប សមាជិក​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បោះឆ្នោត​គាំទ្រ​លោក កឹម សុខា ក្លាយជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ក៏​អាចមាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់ លោក កឹម សុខា បាន​វិញ​ដែរ​។ នេះហើយ ដែល​គេ​ហៅថា របៀបរបប​សម្រាប់​ប្រទេស​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ គឺ​ស្ថិតនៅក្នុង​រង្វង់​ក្របខ​ណ្ឌ័​តែមួយ​៕​