អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រើនរម្លឹក​ចុងក្រោយ ឲ្យ​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ ប្រញាប់​បង់ពន្ធ​

ភ្នំពេញ: នៅ​ថ្ងៃទី​២៨​តុលា​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ក្រើនរំលឹក​ជា​លើកចុងក្រោយ ចំពោះ​ម្ចាស់​យានយន្ត​ដែល​គ្មាន​ពន្ធ​នាំចូល​គ្រប់​ប្រភេទ ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ជាបន្ទាន់​។ ការ​ក្រើនរម្លឹក​ជា​លើកចុងក្រោយ​នេះ បានធ្វើ​ឡើង  ខណៈដែល​វិធានការ​រដ្ឋបាល ក្នុង​ការចាប់​ផាកពិន័យ ជិត​ចាប់ផ្ដើម​អនុវត្តន៍​ហើយ​។​

​សេចក្ដីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​ឲ្យ​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ​គ្រប់​ប្រភេទ ដែល​មិនទាន់បាន​ចូលមក​បង់ពន្ធ​នាំចូល និង​ពន្ធអាករ​ដោយ​ស្ម័គ្រចិត្ត​ថា ការទទួល​បង់ពន្ធ​អាក​រយាន​យន្ត​ក្នុងដំណាក់កាល​អនុគ្រោះ​លើ​ប្រាក់​ពិន័យ ជិត​ដល់ពេល​បញ្ចប់​ហើយ​។ បន្ទាប់ពីនោះ គឺជា​ដំណាក់កាល​នៃ​ការ​ប្រតប​ត្តិ​ការបង្ក្រាប និង​បង្ខំ​ឲ្យ​បង់ពន្ធ អាករ និង​ប្រាក់​ពិន័យ ដោយ​ពុំមាន​ការអនុគ្រោះ​។

​សេចក្ដីជូនដំណឹង​ដដែល បញ្ជាក់ថា "​នេះ​គឺ​ការ​ក្រើនរំលឹក​ចុងក្រោយ​ហើយ​។ ដូច្នេះ​សូម​ម្ចាស់​យានយន្ត ដែល​គ្មាន​ពន្ធ​គ្រប់​ប្រភេទ រួសរាន់​ចូលមក​បង់ពន្ធ និង​អាករ​ឲ្យ​បាន​ឆាប់​។ បើ​មិន​ដូច្នោះ​ទេ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹងមាន​វិធាន​ការចាប់​បង្ក្រាប​យានយន្ត​គ្មាន​ពន្ធ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការលើកលែង នៅ​ទូទាំងប្រទេស​"​។

​សូមបញ្ជាក់ថា សេចក្តីជូនដំណឹង​ក្រើនរម្លឹក​ចុងក្រោយ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នេះ បានធ្វើ​ឡើង ចំពេល​ដែល​ក្រុម​អ្នកបើករថយន្ត​ដឹក​ដី​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៨​តុលា​នេះ បាន​លើកគ្នា មក​តវ៉ា ដាក់​ញត្តិ នៅ​ទីស្នាក់ការ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៅ​ទល់មុខ​ធនាគារជាតិ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។  

​ក្រុមអ្នកតវ៉ា បានស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បន្ធូរបន្ថយ ឬក៏​លើកលែង​ក្នុងការ​បង់ពន្ធ ព្រោះ​ឡាន​ដឹក​ដី​ទាំងនោះ ពួកគេ​បាន​ទិញ​ពី​អ្នកលក់ ដើម្បី​មក​ធ្វើ​អាជីវកម្ម​បន្ត​ប៉ុណ្ណោះ​៕​