អង្គ​កឋិន​ទាន៣​រួម​គ្នា​ប្រមូលបច្ច័យ​បាន​​​ជាង​​២០៤​លាន​រៀល​​​ដង្ហែចូល​វត្ត​ទួល​ទ្រា​ត្បូង

ខេត្ត​ត្បូងឃ្មុំ​ ៖  អង្គ​កឋិនទាន​​​៣​រួម​គ្នា​ ​​ដង្ហែ​ចូល​វត្ត​ទួល​ទ្រា​ត្បូង ​ស្ថិត​នៅ​ឃុំ​ជុប ​ស្រុក​ត្បូងឃ្មុំ ដែល​កំពុង​​ជួប​ការ​ខ្វះខាត​បច្ច័យ​​កសាង​សមិទ្ធផល​នានា សម្រាប់​បម្រើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​ ដោយ​បាន​ធ្វើ​ឡើង​យ៉ាង​​អធិក​អធម នា​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ២០១៥ នេះ​ ​​​ដោយ​មានការ​ចូលរួម​ពី​សំ​ណាក់​ពុទ្ធ​បរិ​ស័​ទជិត​ឆ្ងាយ ព្រមទាំង​អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ។

លោក ​ប្រាជ្ញ ចន្ទ  អភិបាល​​ខេត្ត​​ ​បាន​មាន​ប្រសា​ស​ន៍​​ថា ​​រូប​​លោក និង​​​អភិបាលរង​ខេត្ត ​ព្រម​ទាំង​មន្ត្រីរាជការ​សាលាខេត្ត​​ទាំង​មូល​បាន​ឯកភាព​គ្នា​ដោយ​​ធ្វើ​អង្គ​កឋិនទាន​នៅ​ថ្ងៃ​ទី២៧ តុលា ២០១៥ ដើម្បី​ប្រមូល​បច្ច័យ​​កសាង​សមិទ្ធផល​នានាក្នុង​វត្ត​ទួល​ទ្រា​ត្បូងដែល​កំពុង​​​ជួប​កង្វះខាត​នោះ  ។

លោក​អភិបាលខេត្ត​ ​បាន​បន្ត​ថា ​វត្ត​នេះ​​​ចាប់ផ្តើម​កសាង​តាំងពី​​ឆ្នាំ​១៩៧៩ ​​ហើយ​​សមិទ្ធ​ផល​​នានា​ក៏​​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​​គួរ​ឲ្យកត់សម្គាល់​ផង​ដែរ ​និង​មាន​ព្រះ​ចៅអធិការ​វត្ត​ចំនួន​៣​អង្គ​ គឺ​ ព្រះ​ចៅអធិការ​វត្ត​អង្គ​ទី​១ ​និង​ទី​២ ​បាន​ទទួល​អ​និច្ច​ធម្ម ​​ដោយ​ឡែក ​ព្រះ​ចៅអ​ធិ​ការ​វត្ត​ទី​៣​កំពុង​​គ្រប់គ្រង​វត្ត​សព្វ​ថ្ងៃនេះ ​មាន​ភិក្ខុ​និង​សាមណេរ​សរុង​ទាំងអស់​​ជាង​១០០​អង្គ ​។   

លោក​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​វត្ត​​ខាង​លើនេះ ត្រូវការ​បច្ច័យ​សម្រាប់​កសាង​មហា​កុដិ​​​កម្ពស់​៣​ជាន់​ មាន​​៥២​បន្ទប់ ​តាមគម្រោង​​ត្រូវ​កសាង​ឲ្យ​បាន​រួចរាល់
នៅ​​ឆ្នាំ​២០២២​ ខាង​មុខនេះ​ ​ដោយ​មាន​​តម្រូវ​ការ​បែប​នេះ​​ហើយ​ ទើប​​មន្ត្រីរាជការ​ស្ថាប័ន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​រួម​សហការ​គ្នា​ធ្វើ​អង្គ​កឋិនទាន​នៅ​ថ្ងៃ​ទី​២៧ តុលា ២០១៥
និង​​​ដង្ហែ​ជាមួយ​អង្គ​កឋិនទាន​ចំនួន​២​ផ្សេង​​ទៀត ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា ​មក​កាន់​វត្ត​ទួល​ទ្រា​ត្បូង​ ប្រមូល​បាន​បច្ច័យ​​សរុ​ប​​ចំនួន​២០៤.៣០០.០០០​រៀល ៕

​ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​