តុលាការ​នឹង​បញ្ចប់​សវនាការ​រឿង​គ្រូពេទ្យ​សង្ស័យ​ចម្លង​មេរោគ​អេដស៍​នៅ​ថ្ងៃ​នេះ

សាលា​ដំបូង​ខេត្ត​បាត់ដំបង នៅ​​ថ្ងៃ​ទី​២៨ ខែ​តុលា នឹង​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​គ្រូពេទ្យ ឈ្មោះ យ៉ែម ជ្រិន ដែល​មហា​ជន​សង្ស័យ​ថា​ ជា​អ្នក​​ធ្វើ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ដល់​​ប្រជាពលរដ្ឋ​​ជិត ៣០០​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ប៉ុន្តែ​ការ​​សម្រេច​ប្រកាស​សាលក្រម​នេះ នៅ​មិន​ទាន់​ដឹង​ថា ប្រកាស​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ បន្ទាប់​ពី សវនាការ​សាកសួរ​អស់​រយៈពេល​៥​ថ្ងៃ​និង​ថ្ងៃ​នេះ។

គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ទី​មួយ ប្រព្រឹត្ត​ដោយ​ចេតនា​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេដស៍ ទី​ពីរ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បើក​កន្លែង​ព្យាបាល​អ្នក​ជំងឺ​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ សុខាភិបាល។

ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើតេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​រកា ហើយ​រក​ឃើញ​​ថា មាន​ផ្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ១០​នាក់​ស្លាប់។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។