កសិករ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​ពី​កម្ពស់​ទឹក​ទន្លេ​ទាប​ប៉ះពាល់​ដល់​ការ​ធ្វើ​ស្រូវ​ប្រាំង

ប្រជាកសិករ​ខេត្ត​កំពង់ឆ្នាំង ដែល​និយម​ធ្វើ​ស្រូវ​ប្រាំង ឬ​ស្រូវ​ប្រដេញ​ទឹក​ទន្លេ បារម្ភ​ពី​បញ្ហា​ស្មៅ​ដុះ​បោក​ដើម​ស្រូវ សត្វ​ល្អិត​ចង្រៃ សត្វ​កណ្ដុរ និង​ដី​មិន​សូវ​មាន​ជីជាតិ ខណៈ​ជំនន់​ទឹក​ទន្លេ​ឆ្នាំ​នេះ​តូច ទឹក​មិន​អាច​ហូរ​ចូល​បឹង ឬ​ព្រែក​បាន។ មន្ត្រី​កសិកម្ម​ក្នុង​ខេត្ត​ក៏​បង្ហាញ​ក្ដី​បារម្ភ​ដូច​កសិករ​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​បង្ហាញ​នូវ​យុទ្ធសាស្ត្រ ឬ​វិធានការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន​នៅ​ឡើយ។

ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​ប្រាំង ឬ​ស្រូវ​ប្រដេញ​ទឹក​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង មាន​ប្រមាណ ៣៦.០០០​ហិកតារ ក្នុង​ឆ្នាំ​២០១៥។ បច្ចុប្បន្ន​នៅ​ក្នុង​ស្រែ​ដែល​ធ្លាប់​តែ​មាន​ទឹក​ទន្លេ​ជន់​លិច និង​ស្រែ​ខ្លះ​នៅ​តំបន់​ខ្ពង់​រាប​មាន​ម្ចាស់​ចូល​ទៅ​ត្រួសត្រាយ​ស្មៅ ឬ​មែក​ឈើ​តូចៗ ដើម្បី​ត្រៀម​ព្រោះ​ស្រូវ​ប្រដេញ​ទឹក​នោះ បែរ​ជា​ឆ្នាំ​នេះ​នៅ​ក្នុង​ស្រែ​ទាំង​នោះ​​គ្មាន​ទឹក​គ្រប់គ្រាន់ និង​មាន​ស្មៅ​ដុះ​ទ្រុបទ្រុល​ទៅ​វិញ។

កសិករ​ម្នាក់​កំពុង​លាយ​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​លើ​ដី​ស្រែ​ទំហំ ២​ហិកតារ នៅ​ចំណុច​ទួលអំពិល ក្នុង​សង្កាត់​កំពង់ឆ្នាំង គឺ​លោក គៀត ភារម្យ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ កាល​ពី​ឆ្នាំ​ទៅ​ទឹក​ទន្លេ​ជន់​លិច​ស្រែ​លោក​នៅ​ជម្រៅ​ត្រឹម​ទ្រូង​មនុស្ស​នៅ​ឡើយ ប៉ុន្តែ​ឆ្នាំនេះ​ទឹក​ទន្លេ​មិន​បាន​ជន់​លិច​ស្រែ​របស់​លោក​ទេ។

លោក​បារម្ភ​ថា ទិន្នផល​ស្រូវ​សម្រាប់​ទុក​លក់ និង​ហូប​ខ្លះ​នោះ អាច​​ថយ​ចុះ​ជាង​រាល់​ឆ្នាំ៖ «បើ​ទឹក​លិច​ធ្វើ​ឲ្យ​ស្មៅ​រលួយ ដី​ផ្អាប់​អស់​ជាតិ​ពុល​ក្នុង​ដី ដល់​ទឹក​អត់​លិច​អ៊ីចឹង​មិន​ដឹង​ថា​ម៉េច វា​ស្ងួត។ ឥឡូវ​យើង​ចាំ​សហគមន៍​ដាក់​ទឹក​ឲ្យ​មិន​ដឹង​ថ្ងៃ​ណា យើង​ត្រូវ​ការ​ធ្វើ​មុន​បណ្ដើរៗ។ ...ឆ្នាំ​ទៅ​អត់​ផង! គ្រាន់​តែ​ឡើង​នៅ​ត្រឹម​ចុង​ដង្ហើម​អាច​យក​កាំបិត​ត្រាយ​វា​ទៅ​តាម​ទឹក​អស់​ហើយ​ស្មៅ»

លោក​បញ្ជាក់​ថា គ្រួសារ​លោក​បាន​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទិញ​ប្រេង​បូម​ទឹក ថ្នាំ​បាញ់​សម្លាប់​ស្មៅ ហើយ​ឆ្នាំ​នេះ​លោក​អាច​ប្រើ​ជី​គីមី​ដើម្បី​បំប៉ន​ដើម​ស្រូវ​ជំនួស​ដីល្បប់ ឬ​ជីជាតិ​ដី​នៅ​ក្នុង​ស្រែ ព្រោះ​តែ​ទឹក​ទន្លេ​មិន​ជន់​លិច​ដល់​ដី​ស្រែ​របស់​លោក។ ដី​ស្រែ​ទំហំ​ពីរ​ហិកតារ​ដែល​លោក​ធ្លាប់​ប្រើ​ជី​គីមី ៤​បាវ ហើយ​ទទួល​បាន​ល ​១០​តោន​ក្នុង​មួយ​រដូវ​នោះ អាច​នឹង​ថយ​ចុះ​ដោយសារ​បញ្ហា​ប្រឈម​ទាំង​នេះ។

ចំណែក​កសិករ​ឈ្មោះ សួន សុភា កំពុង​បូម​ទឹក​ដាក់​ស្រែ​បណ្ដើរ និង​ទប់​ភ្លឺស្រែ​បណ្ដើរ រៀបរាប់​ថា នៅ​ចំណុច​ដែល​លោក​ធ្វើ​ស្រូវ​ពង្រោះ​នោះ​មាន​ផ្នែក​ខ្លះ​ទឹក​ទន្លេ​ហូរ​ចូល ប៉ុន្តែ​មិន​លិច​ស្មៅ ឬ​ព្រៃ​របោះ​ដែល​ដុះ​នៅ​តាម​ភ្លឺស្រែ​ទេ។ ដូច្នេះ​សន្ទូង ឬ​ស្រូវ​ដែល​បាន​ព្រោះ​ប្រឈម​នឹង​បញ្ហា​ស្មៅ​ដុះ​បោក​ដើម​ស្រូវ សម្បូរ​សត្វ​ល្អិត​ចង្រៃ និង​កណ្ដុរ​កើត​កូន​ច្រើន​ទៅ​បំផ្លាញ​ស្រូវ​ប្រជា​កសិករ​មិនខាន៖ «រាល់​ឆ្នាំ​គេ​ធ្វើ​ពី​លើៗ​មក ហើយ​ខ្ញុំ​ធ្វើ​តាម​ក្រោយ​គេ​ដល់​ឥឡូវ​នេះ​គេ​អត់​ទាន់​ធ្វើ ខ្ញុំ​ធ្វើ​មុន ព្រោះ​ខ្ញុំ​អាង​មាន​ទឹក​នេះ​បូម​ដាក់ ហើយ​គេ​ចាំ​សហគមន៍​ដាក់​ម៉ាស៊ីន​មក គេ​នឹង​បូម​ទឹក​ដាក់​ស្រែ​ហើយ​យក​អាត្រាក់​មក​វាយ។ សម្រាប់​ខ្ញុំ​ចាំ​ធ្វើ​តាម​គេ ខ្ញុំ​គ្មាន​ថវិកា​ធ្វើ»

កសិករ កំពង់ឆ្នាំង ៦២០
សកម្មភាព​របស់​ប្រជា​កសិករ​រៀបចំ​ដី​ស្រែ​នៅ​តំបន់​ទួលអំពិល ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ព្រោះ​ស្រូវ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Chin Chetha

 

ក្រុម​ប្រជាកសិករ​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​ជំនាញ​ពាក់ព័ន្ធ​ជួយ​សម្រួល​លើ​តម្លៃ​ផ្គត់ផ្គង់​ទឹក តម្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី​គីមី​ដាក់​ស្រែ​កុំ​ឲ្យ​ឡើង​ថ្លៃ​ពេក ខណៈ​ដែល​កសិករ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​នេះ។

ប្រជាកសិករ​មួយ​ចំនួន​មាន​ដី​បង្កបង្កើនផល​នៅ​តំបន់​ទួលអំពិល អាច​ផលិត​ស្រូវ​ប្រាំង​មិន​អស់​ផ្ទៃ​ដី​ដែល​ខ្លួន​មាន និង​ធ្លាប់​ធ្វើ​រាល់​ឆ្នាំ ដោយ​ឆ្នាំ​នេះ​ដើម​កក់ ឬ​ស្មៅ​ដុះ​ច្រើន​ពេក​ត្រូវ​ជួល​គ្រឿង​ចក្រ​រៀបចំ​ដី។

ប្រជា​កសិករ​កំពុង​រៀបចំ​ដី​ព្រោះ​ស្រូវ​បណ្ដើរៗ​ដោយ​ខ្លះ​ជួល​គោយន្ត​សំអាត​ស្មៅ ឬ​រាស់​ដី​ឲ្យ​រាប​ស្មើ​ក្នុង​មួយ​ហិកតារ​តម្លៃ ១២​ម៉ឺន​រៀល និង​ជួល​ត្រាក់ទ័រ​តម្លៃ​ប្រមាណ ២៧​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ថា បញ្ហា​ទឹក​ទន្លេ​តូច​មិន​ហូរ​ចូល​អាង ព្រែក និង​ស្រែ​កសិករ​នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​កសិកម្ម​ផ្ទាល់​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លំបាក​របស់​កសិករ​ធ្វើ​ស្រូវ​ប្រាំង ឬ​ស្រូវ​ប្រដេញ​ទឹក។

លោក​ថា ផ្ទៃ​ដី​ស្រែ​ប្រាំង​ប្រហែល ៣៦.០០០​ហិកតារ ដែល​ធ្លាប់​ទទួល​បាន​ផល ៤​តោន​ក្នុង​១​ហិកតារ ទិន្នផល​អាច​មាន​ការ​ថយ​ចុះ​ចំពោះ​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​នៅ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ ខាង​មុខ​នេះ៖ «យើង​បារម្ភ​ខ្លាំង​ដោយសារ​ថា ទឹក​អត់​ចូល​អាង​សោះ កាល​ណា​ទឹក​អត់​ចូល​ពេញ​អាង​ធ្វើ​ឲ្យ​ការងារ​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​យើង​មាន​ផល​លំបាក​មែន​ទែន។ បើ​មាន​ទឹក​ចូល​ហើយ​ចូល​អត់​គ្រប់គ្រាន់ បញ្ហា​សត្វល្អិត សត្វ​កណ្ដុរ​ក៏​មាន​បញ្ហា​ដែរ ពាក់ព័ន្ធ​រដូវ​ប្រាំង​យើង​ខាង​មុខ​នេះ»

តំបន់​បង្កបង្កើន​ផល​ស្រូវ​ប្រាំង ឬ​ស្រូវ​បណ្ដេញ​ទឹក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ប្រជា​កសិករ​ចងក្រង​ជា​សហគមន៍ ដើម្បី​ប្រមូល​ប្រាក់​ទិញ​ប្រេង​បូម​ទឹក​ពី​ប្រឡាយ​មេ​ដាក់​តាម​ស្រែ​ប្រាំង​ទាំង​នោះ។

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ឲ្យ​ដឹង​ថា ប្រជា​កសិករ​ស្ទើរ​គ្រប់​គ្នា​ផលិត​ស្រូវ​វស្សា​សម្រាប់​ទុក​ហូបចុក​ប្រចាំ​ឆ្នាំ​ចំណែក​ផល​ស្រូវ​ប្រាំង ឬ​ស្រូវ​បណ្ដេញ​ទឹក​ទុក​សម្រាប់​លក់ ហើយ​ឈ្មួញ​ធំៗ​បាន​កែច្នៃ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ កសិករ​ខេត្ត​កំពង់ឆ្នាំង និយម​ផលិត​ស្រូវ​ដែល​នាំ​ពូជ​ចូល​ពី​ប្រទេស​វៀតណាម ឈ្មោះ​ណាំបូង ឬ​ប្រភេទ​ស្រូវ ៥៤ ដែល​ស្រូវ​ប្រភេទ​នេះ​អាច​ប្រមូល​ផល​បន្ទាប់​ព្រោះ​រយៈ​ពេល ៣​ខែ ១០​ថ្ងៃ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ក​រយៈ​ពេល ៥​ខែ ដើម​ឆ្នាំ​២០១៥ មាន ២៤៣.០២៥​តោន ដែល​ចំនួន​នេះ​កើន​ឡើង ៩៤.៧៦៣​តោន លើស ៥​ខែ ដើម​ឆ្នាំ​២០១៤ ដែល​បាន​នាំ​ចេញ ១៤៨.២៦២​តោន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។