លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្ដី​ការ​បរទេស​អាស៊ី-អឺរ៉ុប នៅ​លុចសំបួ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូមួយចំនួន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ី-អឺរ៉ុប លើកទី១២ នៅប្រទេសលុចសំបួ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមប្រធានបទ "ធ្វើការរួមគ្នាដើម្បីអនាគតប្រកបដោយចីរភាព និងសន្ដិភាព" ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងបទអន្ដរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គ "ការផ្លាស់ប្ដូរអាកាសធាតុ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយនិងកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្ដរាយ"។ លោកឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំមិនចំហ (Retreat Session) ផងដែរ។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ី-អឺរ៉ុប លើកទី១២នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបទ្វេភាគី ជាមួយលោក ប៊ច ប្រេនដ៍ រដ្ឋមន្រ្តីការបរទេសន័វេស លោក ហ្គ្សីហ្គោរស៍ សេ្ឆធីណា រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋប៉ូឡូញ លោក សាតាច អាហ្ស៊ី ទីប្រឹក្សានាយរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការសន្ដិសុខជាតិ និងកិច្ចការការបរទេសនៃប្រទេសប៉ាគីស្ថាន៕