បើករថយន្តឡើងផ្លូវ បែរជាធ្លាក់ផ្លូវ ផ្ងារជើង!

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កការភ្ញាក់ផ្អើល ដោយសារតែបើករថយន្ត ឡើងរង្វង់មូលស្ពាន បែរ​ជា​ហួស​ទៅ​ធ្លាក់​ពីផ្លូវទៅវិញ។
បើករថយន្តឡើងផ្លូវ បែរជាធ្លាក់ផ្លូវ ផ្ងារជើង!
បើករថយន្ដឡើងរង្វង់មូល តែជ្រុលទៅធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង។ (រូបថតហ្វេសប៊ុក)

បើតាមទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្សាយឲ្យដឹងថា រឿងគ្រោះថ្នាក់នេះ បាន​កើតមាននៅ ថ្ងៃទី២៨.១០.២០១៥វេលា ម៉ោង០០.៣០នាទី ត្រង់ចំណុចរង្វង់មូលស្ពាន ព្រែកសំរោង នៅ​តាមបណ្តោយផ្លូវលេខ១១៥ ស្ថិតក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បណ្តាលឲ្យ​ខូចខាត​រថយន្ត តែមិនប៉ះពាល់ដល់អាយុជីវិត មនុស្សឡើយ។

មុនពេលកើតហេតុ រថយន្តនេះធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលេខ ១១៥ លុះមកដល់ ចំណុច​ខាងលើ រថយន្តបានបើកឡើង លើរង្វង់មូល តែក៏ជ្រួលចង្កូតធ្លាក់ ចេញពីផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អ ដែល​មិនបណ្តាលឲ្យ មានមនុស្សរងគ្រោះទេ ក្នុងគ្រោះថ្នាក់នេះ។

រថយន្តប្រភេទ កាមរី ពណ៌សមានពាក់ផ្លាកលេខ ភ្នំពេញ 2C-4659 ដែលបើកធ្លាក់ ពីផ្លូវដោយឯកឯង នេះ​បើក​បរដោយលោក នាក់ សារឿន មានវ័យ ៥១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហូរកើត សង្កាត់ ព្រែកហូរ ក្រុង​តាខ្មៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី​បន្តចាត់ការតាមនីតិវិធី៕