យុទ្ធសាស្ត្រ​បង្វែរ​ព្រឹត្តិការណ៍​របស់​អ្នកនយោបាយ​

ភ្នំពេញ​: ក្រុមអ្នកវិភាគ កំពុង​តាមដាន និង​យកចិត្តទុកដាក់​ចំពោះ​ហេតុការណ៍ ដែល​នាំទៅដល់​ការវាយដំ​តំណាងរាស្ត្រ​បក្សប្រឆាំង ២​រូប កាលពីដើម​សប្តាហ៍​នេះ ព្រោះ​វា​ជា​ព័ត៌មាន ដែល​ពលរដ្ឋ កំពុងមាន​ការចាប់អារម្មណ៍​។​

​ក្រោយពី​បានឃើញ​សកម្មភាព​វាយដំ​តំណាងរាស្ត្រ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​អ្នក​ថត បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ព្រោងព្រាត​មក ទាំង​ក្រុមអ្នកវិភាគ និង​ប្រជាពលរដ្ឋ មានការ​ងឿងឆ្ងល់​ជាខ្លាំង ដោយសារ​សាច់រឿង​នៃ​ការប្រើ​អំពើហិង្សា​នេះ ហាក់ដូចជា​មិន​ស៊ីគ្នា​ទៅនឹង​ប្រធានបទ ដែល​ក្រុមបាតុករ​ស្រែក​តវ៉ា​ទាមទារ ទាល់តែសោះ​។

​គេ​នៅ​ចាំបាន​ថា ចាប់តាំងពី​វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ មាន​ក្រុមបាតុករ​ចម្រុះ​ជាង ៥​ពាន់​នាក់ បានមក​ប្រមូល​ផ្តុំគ្នា នៅខាងមុខ​ម​រដ្ឋសភា​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​ប្រធានរដ្ឋសភា លោក ហេង សំរិន និង​តំណាងរាស្ត្រ​ទាំងអស់ ដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។

​ក្រោយពី​មានការ​ស្រែក​ទាមទារ​ប្រមាណ​ជាង​៣​ម៉ោង ទើប​គេ​ឃើញ​តំណាងរាស្ត្រ នៃ​គណបក្ស​ដែលមាន​អាសនៈ ក្នុង​រដ្ឋសភា​បាន​ចេញមក​ទទួល​ញត្តិ​ពី​បាតុករ​ទាំងនោះ​។
​បន្ទាប់មក​ក្រុមបាតុករ បាន​បំបែកហ្វូង​ចេញ​អស់ពី​ខាងមុខ​រដ្ឋសភា ឆ្ពោះទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ ប៉ុន្តែ​ក្រុមបាតុករ​ខ្លះ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​ជា​បន្ត​នៅខាងមុខ​គេហដ្ឋាន​របស់លោក កឹម សុខា ដែល​ស្ថិតនៅ​ខណ្ឌទួលគោក​។​

​ចំណុច​ដែល​ក្រុមអ្នកវិភាគ និង​ប្រជាពលរដ្ឋ ដែល​បាន​មើល​វីដេអូ​ឃ្លី​ប មានការ​ងឿងឆ្ងល់​នោះ គឺ​ត្រង់​ថា ឈុត​ឆាក​វាយដំ​តំណាងរាស្ត្រ​ទាំងពីរ​រូប គឺ​ហាក់ដូច​ជាមាន​ការរៀប​ចំ ដើម្បី​បង្វែរ​សាច់រឿង​នៃ​ព្រឹត្តិការណ៍ ពី​ប្រធានបទ​ពលរដ្ឋ​តវ៉ា​ស្នើសុំ​ដកតំណែង​លោក កឹម សុខា ទៅជា​ប្រធានបទ​អំពើហិង្សា ទៅលើ​តំណាងរាស្ត្រ​ទៅវិញ​។
​វា​ហាក់ដូចជា​មានការ​ណាត់​ពេល​គ្នា​ច្បាស់លាស់ ក្នុង​ការធ្វើសកម្មភាព ពីព្រោះ​ក្រុម​អ្នក​ទៅ​វាយ​តំណាងរាស្ត្រ​ទាំងនោះ ទើបតែ​ជិះឡាន​កូរ៉េ​ពណ៌​ស (​ព័ត៌មាន​តាម​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​) មកដល់​ក្រោយពេល​ក្រុមបាតុករ​បំបែកហ្វូង​អស់​ទៅហើយ និង​គាប់​ជួន​ពេល​គ្នា ដែល​តំណាងរាស្ត្រ​បក្សប្រឆាំង ចេញពី​ប្រជុំ​តាម​ទ្វារក្រោយ​មន្ទីរ​រដ្ឋសភា​។
​ហេតុអ្វី​បានជា​មាន​មនុស្ស​មួយក្រុម​លេចមុខ​មកពីណា​? ជាទូទៅ គ្រប់​រថយន្ត​ទំនើប ដឹក​អ្នកធំ​ជាធម្មតា​តែងតែមាន​ចាក់សោរ​ទ្វារ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​សម្រាប់​ហេតុការណ៍​អំពើហិង្សា​នេះ រថយន្ត​របស់លោក​តំណាងរាស្ត្រ គង់ សភា និង ញ៉យ ចំរើន សុទ្ធតែ​អត់​មាន​ចាក់សោរ ហើយ​លោក​ទាំងពីរ មិនបាន​ស្រែក​ឲ្យ​គេ​ជួយ ឬ​រត់​បន្តិច​ណា​ឡើយ នៅពេល​ដែលមាន​ការចាប់​ទាញ​ចេញពី​រថយន្ត គឺ​ដេក​សំងំ​ឲ្យ​ក្រុម​ជនល្មើស​វាយ​ដោយ​សេរី​។

​ចំណុច​ដែល​រឹតតែ​សង្ស័យ​ទៀត​នោះ គឺ​ក្រោយពី​ត្រូវបាន​វាយដំ​ម្តង​ហើយ លោក គង់ សភា ត្រូវបាន​អ្នកបើកបរ លើកដាក់​លើ​រថយន្ត​វិញ ហើយ​គ្មាន​ការបើក​រថយន្ត​រត់​នោះទេ គឺ​នៅ​រង់ចាំ​ឲ្យ​ក្រុម​ជនល្មើស បើកទ្វារ​ទាញ​យកមក​វាយដំ​ម្តងទៀត​។

​ម្យ៉ាងទៀត ក្រុមបាតុករ​ដែល​តវ៉ា​ពី​ព្រឹក គឺ​ទាមទារ​បណ្តេញ​លោក កឹម សុខា ចេញពី​តំណែង​ឯណោះ​ទេ ចុះ​ហេតុអ្វី​បាន​ជាមាន​មនុស្ស​មួយក្រុម​ផ្សេង ចេញមក​បង្ក​ហិង្សា​ជាមួយ​តំណាងរាស្ត្រ ដែល​នៅក្រៅ​សាច់រឿង​ទៅវិញ​?

​ក្រុមអ្នកវិភាគ តែង​និយាយ​ជា​រើ​យៗ​ថា "​ជាតិ​ជា​អ្នកនយោបាយ អ្វីៗ​ក៏​ហ៊ាន​ធ្វើ​ដែរ ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន​" ជាពិសេស យុទ្ធសាស្ត្រ​បង្វែរ​ព្រឹត្តិការណ៍ គឺ​ត្រូវបាន​ក្រុម​អ្នកនយោបាយ​យកមកប្រើ​ប្រាស់​ជាច្រើន​ជំនាន់ និង​នៅតែមាន​ប្រសិទ្ធភាព​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​។

​យ៉ាងណាមិញ ឆាកល្ខោន​មួយ​រឿង​ដែល​សម្តែង​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង កាលពីដើម​សប្តាហ៍​នេះ បើទោះបីជា​ប៉ះចំ​សាច់​ឯង​យ៉ាងណាក៏ដោយ ក៏ត្រូវ​តែ​ហ៊ាន​ចំណាយ​ដែរ​។

​ដូច្នេះហើយ ទើប​តំណាងរាស្ត្រ​ដែល​ទ្រមខ្លួន​ទាំងពីរ ត្រូវ​បានទទួល​ការចំណាយ​ព្យាបាល​នៅ​បរទេស​ដោយ​ថវិកា​គណបក្ស​ទាំងស្រុង​។​

​ទោះជា​យ៉ាងណា ការពិត​នឹងត្រូវ​បង្ហាញ​នាពេល​ឆាប់ៗ​ខាងមុខ ជាក់​ជាមិនខាន ព្រោះ​រាជរដ្ឋាភិបាល បានប្រកាស​ថ្កោលទោស ចំពោះ​ជនល្មើស ដែល​បាន​បង្ក​អំពើហិង្សា និង​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ករណីនេះ​រួចហើយ​ដែរ​។

​យើង​សង្ឃឹមថា សមត្ថកិច្ច នឹងមាន​វិធានការ​ច្បាប់​ដ៏​សមរម្យ និង​ម៉ឹងម៉ាត់ ចំពោះ​ជនដៃដល់ និង​មេក្លោង ដែល​បង្កើត​ឲ្យ​មាន​អំពើហិង្សា​នេះ​៕