រថយន្ដ​សាំ​យ៉ុង ដឹកឈើ​ទៅ​វៀតណាម បុក​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​៣​នាក់

រតនគិរី: ​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​រថយន្ដ​សាំ​យ៉ុងមួយគ្រឿង ដែល​ផ្ទុក​ឈើ​ប្រណីត​ពេញ ធ្វើដំណើរ​ឆ្ពោះទៅ​​កាន់​ព្រំដែន​ប្រទេស វៀតណាម បុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣ រសៀល​ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅលើ​កំណាត់​​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ថ្មី ឃុំ​ពីង​ចាក ស្រុក​បរ​កែវ ខេត្ដ​រតនៈគិរី ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ  គេ​បានឃើញរថយន្ដ​បង្ក​ដែល​ដឹកឈើ​ប្រណីត​ពេញ​រថយន្ដ​ជាច្រើន​ដុំ​ធ្វើដំណើរ​ក្នុង​ទិសដៅ ពី​លិចទៅ​កើត ដែល​គេ​ដឹងថា យកទៅលក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាមនោះ បាន​បុក​ម៉ូតូ​មួយគ្រឿង ជិះ​គ្នា​៣​នាក់ ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​​ក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ទាំង​៣​នាក់ តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​បាន​បញ្ជូនជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើករថយន្ត​បង្ក បានគេច​ខ្លួន​បាត់​បន្ទាប់ពី​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​រួចមក​។ ដោយឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបានកម្លាំង​ជំនាញ​បាន​វាស់វែង និង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់​៕​