គណៈកម្មការ​​​​​​បើក​​​កិច្ច​​​ប្រជុំ​​​ដើម្បី​​​​​​ប្រមូល​​​ភ័ស្តុតាង​​​ទាក់​​​ទង​​​នឹង​​​ការ​​​វាយ​​​ដំ​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​

មន្ត្រី​​​​​​នគរ​​​បាល​​​​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​​​​បាន​​​និយាយ​​​​​​​​​ថា ​គណៈ​កម្មការ​​​​​​​ដែល​​​បង្កើត​​​ឡើង​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដើម្បី​​​ស្រាវជ្រាវ ស្វែង​​​រក​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ដែល​​​វាយ​​​ដំ​​​​​​​​​តំណាង​​​រាស្រ្ត​​​​​​គណបក្ស​​​​​​ប្រឆាំង​​​ពីរ​​​រូប បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​មួយ​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​ ដើម្បី​​​​​​ស្វែង​​​រកសាក្សី និង​​​​​​ប្រមូល​​​ភ័​​​ស្តុ​​​​តាង។​​​

លោក ឆាយ ស៊ីណារិទ្ធ អគ្គស្នង​​​​​​ការរង​​​នគរបាលជាតិ ​​​ដែល​​​​​​ជា​​​​​​​​​​​​អនុ​​​ប្រធាន​​​​​​គណ​​​ៈ​​​កម្មការ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ឥឡូវ​​​​​​យើង​​​ប្រមែ​​​​​​ប្រមូល បញ្ហា​​​សំខាន់​​​ប្រមូល​​​ឲ្យ​​​បាន​​​ច្រើន​​​ដើម្បី​​​យក​​​មក​​​ផ្ទៀង​​​ផ្ទាត់​​​ ឈាន​​​ទៅ​​​រក​​​កំណត់​​​មុខ​​​សញ្ញា​​​សង្ស័យ។​​​ យើង​​​ពន្លឿន​​​ខិត​​​ខំ​​​​​​មែន​​​ទែន”។​​​​​​​​​​​​

​តំណាង​​​​​​រាស្ត្រ​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​គឺ លោក​​​​​​ ញ៉យ ចំរើន និង​​​លោក គង់​​​ សភា ត្រូវ​​​បាន​​​បាតុករ​​​​​​​​​មួយ​​​ក្រុម​​​វាយដំ​​​​​​ឲ្យ​​​រង​​​របួស​​​​​​​​​ជា​​​ទម្ងន់​​​​​​នៅខាងក្រៅ​​​​​​អគារសភាជាតិ​​​​​​​​​​​​កាល​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ​​​​​​ ក្នុងពេល​​​មាន​​​បាតុកម្ម​​​ទាមទារ​​​ឲ្យ​​​លោក​​​ កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ចុះ​​​ចេញពី​​​តំណែង​​​អនុប្រធាន​​​​​​សភា។​​​​​​​

បាតុកម្ម​​​​កាលពី​ថ្ងៃ​ច័ន្ទ​​​​បាន​​​​រៀបចំ​​​​ឡើង​ដោយ​ក្រុម​​​​យុវជន​​​គាំទ្រ​​​​គណបក្ស​​​​ប្រជា​​ជន​កម្ពុជា​ ដែល​កាលពី​ដើម​ឆ្នាំ​នេះ​បាន​ស្បថ​​​ថា​​​ស្មោះ​ស្ម័គ្រ​នឹង​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​ ហ៊ុន សែន ​ក្នុង​ពិធី​មួយ​នៅ​មាត់​​ទន្លេ​​​​ក្នុង​ក្រុង​​​​ភ្នំពេញ​។ ប៉ុន្តែ​​​ ក្រុម​នេះ​​​​បាន​​​​បដិ​​​សេធ​​​​​​​ថា​​​មិន​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​អំពើ​ហិង្សា​នេះទេ​​​​​ ដោយ​​​​អះអាង​​​​ថា​​​បាតុ​​​កម្ម​​​​របស់​ខ្លួន​​​​​​​បាន​បញ្ចប់​​​​​១​ម៉ោង​​​​​​​មុន​​​​​​មាន​​​​​​អំពើ​​​ហិង្សា​​នេះ​​​ផ្ទុះ​​​ឡើង​​​​៕

 

 

The post គណៈកម្មការ​​​​​​បើក​​​កិច្ច​​​ប្រជុំ​​​ដើម្បី​​​​​​ប្រមូល​​​ភ័ស្តុតាង​​​ទាក់​​​ទង​​​នឹង​​​ការ​​​វាយ​​​ដំ​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​ appeared first on ខេមបូឌា ដេលី.