ក្រុមហ៊ុន​ហូលីវូដ​នឹង​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​អំពី​របប​ខ្មែរ​ក្រហម​នៅ​ខេត្ត​សៀមរាប

ក្រុមហ៊ុន​ហូលីវូដ (Holly Wood) របស់​សហរដ្ឋ​អាមេរិក នឹង​មក​ថត​ខ្សែ​ភាពយន្ត​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប ដោយ​ចំណាយ​ពេល​ប្រមាណ ៣​ខែ ចាប់​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រហូត​ដល់​អំឡុង​ខែ​មករា ឆ្នាំ​២០១៦។

គោល​បំណង​ដែល​យក​ទីតាំង​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ គឺ​ដើម្បី​ផលិត​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ ដែល​និយាយ​អំពី​សោកនាដកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩។

ផលិតករ​ភាពយន្ត​របស់​ក្រុមហ៊ុន​ហូលីវូដ សហរដ្ឋ​អាមេរិក បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​តុលា ក្នុង​បំណង​សម្ដែង​ការ​គួរ​សម ព្រម​ទាំង​ស្នើសុំ​ការ​អនុញ្ញាត​រើស​យក​ទីតាំង​នៅ​តាម​តំបន់​ខ្លះ​នៃ​ខេត្ត​នេះ ដើម្បី​ថត​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​មួយ ដែល​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ខែ​ក្រោយ​នេះ។

ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​មាន​ចំណង​ជើង​ថា «ជា​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ» (The first they kill my father) គឺ​ជា​រឿង​ដែល​និយាយ​អំពី​ជីវិត​របស់​ក្មេង​ស្រី​ខ្មែរ​ម្នាក់ និង​សោកនាដកម្ម​ជាច្រើន​ក្នុង​របប​ខ្មែរ​ក្រហម នឹង​ចាប់​ផ្ដើម​ដឹក​នាំ​ការ​ផលិត​ដោយ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ហូលីវូដ គឺ​អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប ចាប់​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ផលិតករ​ខ្សែ​ភាពយន្ត​របស់​ហូលីវូដ គឺ​លោក ប៊ីល វីលសុន (Bill Wilson)។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​តុលា ក្នុង​ពេល​ជួប​ជាមួយ​អភិបាល​ខេត្ត​សៀមរាប ថា ក្រុមហ៊ុន​ហូលីវូដ នឹង​ចំណាយ​ពេល​ជិត ៣​ខែ ដើម្បី​ថត​ខ្សែ​ភាពយន្ត​រឿង «ជា​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​ខ្ញុំ» នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ លោក ប៊ីល វីលសុន បញ្ជាក់​ទៀត​ថា ការ​ថត​កុន​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប នេះ គឺ​ក្រុមហ៊ុន​បាន​រើស​យក​ទីតាំង​ជាច្រើន ដើម្បី​ថត​ឈុត​ដែល​ពួក​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង ឈុត​អំពើ​ព្រៃផ្សៃ​ដែល​ខ្មែរ​ក្រហម​ប្រើ​អាវុធ​បាញ់​ប្រជាពលរដ្ឋ ព្រម​ទាំង​កន្លែង​ខ្លះ​មាន​ប្រើ​ឧបករណ៍​បំផ្ទុះ ធ្វើ​ជា​សមរភូមិ​ប្រយុទ្ធ​ទៀត​ផង។ ការ​ថត​ឈុត​ទាំង​នេះ គឺ​ក្រុមហ៊ុន​ត្រូវ​ការ​ចំណាយ​ប្រាក់​ជាច្រើន ដើម្បី​ជួល​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សម្ដែង៖ «យើង​នឹង​ជួល​កម្លាំង​ពលកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ប្រាកដ​ថា​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​ទេ។ បើ​តាម​ខ្ញុំ​ប៉ាន​ប្រមាណ គឺ​យើង​នឹង​ត្រូវ​ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ​កម្ពុជា ប្រហែល ២.៥០០​នាក់​ទៅ ៣.០០០​នាក់ ឲ្យ​ធ្វើ​ឆាក ធ្វើ​ជា​អ្នក​សម្ដែង និង​ក្រុម​អ្នក​បច្ចេកទេស ជាដើម»

អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការ​ត្រេកអរ​ចំពោះ​ក្រុមហ៊ុន​ហូលីវូដ ដែល​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​ខេត្ត​សៀមរាប ដើម្បី​ថត​កុន​នេះ។

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប គឺ​ជា​តំបន់​ដែល​ទាក់ទាញ​ទេសចរ​បំផុត​របស់​កម្ពុជា។ លោក​សំណូមពរ​ឲ្យ​ក្រុមហ៊ុន នៅ​ពេល​ដែល​ត្រូវ​ការ​ថត​ឈុត​គ្រឿង​ផ្ទុះ គួរ​តែ​ទៅ​រក​តំបន់​ឲ្យ​ឆ្ងាយ​ពី​ទីក្រុង ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ទេសចរ។ ក្នុង​ដំណើរ​ការ​ថត​កុន​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​បញ្ជូន​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន ឲ្យ​ចូលរួម​សហការ​ពិនិត្យ​មើល​ភូមិសាស្ត្រ និង​ទីកន្លែង៖ «មន្ទីរ​ជំនាញ គឺ​ទំនាក់ទំនង​គ្នា​ជាប់​ជាមួយ​នឹង​ភាគី​ថត​ខ្សែ​ភាពយន្ត​នេះ ដើម្បី​បាន​ទទួល​ដឹង និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ»

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជៀប សុវិជ្ជា មាន​ប្រសាសន៍​ថា ការ​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង «ជា​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ» នេះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការងារ​ធ្វើ ហើយ​មួយ​ផ្នែក​ទៀត គឺ​វា​អាច​ជួយ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​អនាគត។

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង «ជា​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​របស់​ខ្ញុំ» ដែល​និយាយ​អំពី​ជីវិត​ក្មេង​ស្រី​ម្នាក់​ឈ្មោះ លឿង អ៊ុង (Loung Ung) នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ ក្រៅ​តែ​ពី​ចំណាយ​ពេល​ជិត ៣​ខែ​សម្រាប់​ថត​នៅ​ខេត្ត​សៀមរាប ក៏​មាន​គម្រោង​ទៅ​ថត​ឈុត​ខ្លះ​ទៀត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។