​ភ្នំពេញ​ក្រោន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ក្រោយ​​ឈ្នះ Cam-Tiger ទាំង​ពីរ​ជើង៦-២​

​ភ្នំពេញ​ក្រោន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ក្រោយ​​ឈ្នះ Cam-Tiger ទាំង​ពីរ​ជើង៦-២​

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​បាល់​ទាត់​លីក​កំពូល​កម្ពុជា​​រដូវ​កាល​២០១៥​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី​ពីរ​ដោយ​លទ្ធផល ២-១ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន​នៅ​រសៀល​នេះ។

 

​​​ភ្នំពេញ​ក្រោន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ក្រោយ​​ឈ្នះ Cam-Tiger ទាំង​ពីរ​ជើង៦-២​

ការ​ប្រកួត​ភ្នំពេញ​ក្រោន (ខៀវ) និង Cambodian Tiger (លឿង)  ជើង​ទី​ពីរ

 

ក្រុម​ភ្នំពេញ​ក្រោន​បាន​វាយ​សម្រុក​តាំង​ពី​ដើម​តង់​ទី១ និង​មាន​ឱកាស​ជា​ច្រើន​ដង រហូត​បំបែក​ពង​មាន់​បាន​សម្រេច​នៅ​នាទី​១៣ ដោយ​ខ្សែ​ការពារ Odion Anthony Obadin។ បើ​ទោះ​បី​រក​បាន​មួយ​គ្រាប់​ហើយ​ក្ដី ក៏​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​នៅ​តែ​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ខេមបូឌានថាយហ្គឺរ រហូត​បន្ថែម​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី​២៣ ដោយ​កីឡាករ​សញ្ជាតិ​អាហ្វ្រិកខាងត្បូង Booysen Shane។ ចប់​តង់​ទី១ ក្រុម​ភ្នំពេញ​ក្រោន​បាន​នាំ​មុខ​ក្រុមខេមបូឌានថាយហ្គឺរ ២-០។

 

​ភ្នំពេញ​ក្រោន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ក្រោយ​​ឈ្នះ Cam-Tiger ទាំង​ពីរ​ជើង៦-២​

ភ្នំពេញ​ក្រោន (ខៀវ) និង Cambodian Tiger (លឿង)

 

ចូល​ដល់​តង់​ទី​ពីរ​ក្រុម​​ខេមបូឌានថាយហ្គឺរ ​បាន​ព្យាយាម​វាយ​ម្រុក​​ និង​មាន​ឱកាស​បណ្តើរ​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​ភ្នំពេញ​ក្រោន​​មួយ​លើក​ជា​ពីរ​លើក រហូត​សង​បាន​មួយ​គ្រាប់​វិញ​​នៅ​នាទី​ទី​៨៧​ដោយកីឡាករ​លេខ​៩ Privat។ ចំ​ណែក​ភ្នំពេញ​ក្រោន​បាន​ព្យាយាម​​ទប់​ការពារ​ និង​វាយ​បក ប៉ុន្តែ​នៅ​​តែ​មិន​អាច​អាច​​បន្ត​ស្វែង​រក​គ្រាប់​បាល់​បន្ថែម។ ចប់​​ការ​ប្រកួត​ភ្នំពេញ​ក្រោន​ឈ្នះ Cambodian Tiger នៅ​ជើង​ទីពីរ​ដោយ​លទ្ធផល ២-១។

 

ទី​បំផុត ភ្នំពេញ​ក្រោន​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥ បន្ទាប់​ពី​ឈ្នះ Cambodian Tiger ដោយ​លទ្ធផល​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល​ ៦-២។ ដូច្នេះ​ភ្នំពេញ​ក្រោន​​​រង់​ចាំ​ក្រុម​ណា​មួយ​រវាង​ក្រុម​ ណាហ្គាវើល និង​បឹងកេត​អង្គរ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥៕

 

អត្ថបទ៖ គង់ វិសាល