ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ចាំ​ការពារ​តំណែង​ជើងឯក​ក្រោយ​ឈ្នះ​ថា​យ​ហ្គឺ​រទាំង​ពីរ​ជើង​

​ម្ចាស់​ជើងឯក​៥​ជំនាន់​ភ្នំពេញ​ក្រោ​ន បាន​កក់​កៅអី​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៥ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ខណៈ នៅ​ជើង​ទីមួយ ពួកគេ​មាន​លទ្ធផល​ជ័យជម្នះ ៤-១ រួចទៅហើយ​។​

​នា​ការប្រកួត​រសៀល​ថ្ងៃទី​២៨ ខែតុលា​នេះ ខ្សែការពារ Odion Obadin និង​ខ្សែបម្រើ Booysen Shane រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ ២-០ សម្រាប់​ភ្នំពេញ​ក្រោ​ន​នៅ​តង់​ទីមួយ ហើយ​ខ្សែប្រយុទ្ធ Mbarga Privat វាយបក​បង្គ្រប់កិច្ច​ឲ្យ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​តង់​ទី​ពីរ​។​

​ជ័យជម្នះ​សរុប​ក្នុង​លទ្ធផល ៦-៣ នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​បន្ត​មានឱកាស​ប្រជែង​យក​តំណែង​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា និង​ជាការ​ប្រមាញ់​ពាន​កំពូល​លើក​ទី​៦​របស់​ក្លិប​កំពូល​មួយ​នេះ​។ ពួកគេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការប្រកួត​រវាង​ណាហ្គា​វើ​ល និង​បឹងកេត​អង្គរ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។​

​ណាហ្គា​វើ​ល​មានប្រៀប​ជាមួយនឹង​ជ័យជម្នះ ៣-១ នៅ​ជើង​ទីមួយ​។ ក្រុម​ដែលមាន​ពិន្ទុ​ឈ្នះ​លើ​ការប្រកួត​ទាំងពីរ​ជើង នឹងត្រូវ​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​បរាជ័យ​ត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​