ញត្តិ​ទាមទារ​ដក​លោក កឹម សុខា​៖ គណៈកម្មការ​អចិន្ត្រយ៍​រង់ចាំ​របាយការណ៍​

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​បញ្ជាក់ថា មិនទាន់មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ញត្តិ​ស្នើ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បញ្ជូនមក​គណៈកម្មកា​រ​អ​វ​ចិ​ន្ត្រៃ​យ៍​នៃ​រដ្ឋសភា​នៅឡើយ​ទេ​។ លោក ឈាង វុន បន្ថែមថា មុននឹង​រដ្ឋសភា​សម្រេច​លើ​តួនាទី របស់លោក កឹម សុខា លុះត្រា​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បញ្ជូន​របាយការណ៍​មក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដើម្បី​ត្រួតពិនិត្យ និង​ពិភាក្សា​ជាមុនសិន ។​

​លោក ឈាង វុន បាន​ឲ្យ​ដឹងថា បើសិនជា​រដ្ឋសភា​មានការ​ពិភាក្សាគ្នា ប្រជុំ​សម្រេច​ដក​លោក កឹម សុខា មែន​នោះ គឺ​នឹង​អាចធ្វើ​ទៅបាន​ដោយ​សំឡេង​៥០​បូក​១ ដោយ​អនុវត្តតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« គណៈកម្មការ​ទី​១​រដ្ឋសភា ត្រូវ​សិក្សា​លើ​ញត្តិ​នោះ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ជាមុនសិន មុននឹង​បញ្ជូន​របាយការណ៍​មក​គណៈកម្មការ​អចិន្ត្រៃយ៍ ។ ហើយ​យើង​មិនទាន់​បានទទួល​របាយ​ការណ៍​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​នៅឡើយ​ទេ ដូច្នេះ​មិនទាន់​ដឹងថា​នឹងមាន​ចំណាត់​អ្វី​ឡើយ​»​។

​លោក ឈាង វុន បន្ថែមថា​៖«​គ្រាន់តែ​ជម្រាប​ជាគោលការណ៍ ចូល​តាម​ច្រក​ណា​គឺ​ចេញ​តាម​ច្រក​ហ្នឹង​។ បើសិនជា​មានការ​សម្រេច​ដក​លោក កឹម សុខា ពិតមែន គឺធ្វើឡើង​បាន​ដោយ​សំឡេង​៥០​បូក​១ ធ្វើតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​។ ប៉ុន្ដែ​ដក​តែ​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា​ទេ មិនអាច​ដក​តួនាទី​តំណាងរាស្ត្រ​បានឡើយ​»​។​

​កាលពី​ថ្ងៃទី​២៦ តុលា គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បាន​ចេញមក​ទទួលយក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា​នោះ ដើម្បី​យកទៅ​ដាក់ជូន​ប្រធានរដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​អង្គសភា​ទាំងមូល ដើម្បី​ត្រួតពិនិត្យ​និង​ពិចារណា​លើ​សំណើរ​នេះ​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​