ផ្លូវជាតិ​លេខ​២១B​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​គ្មាន​ការ​ជួសជុល ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ជួសជុល​វិញ

ខេត្តកណ្តាល ៖ ផ្លូវជាតិ​លេខ​២១B​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​ខែ​មក​ហើយ មក​ដល់​ពេល​នេះ​គ្មាន​អាជ្ញាធរ ឬ​ក្រសួង​មន្ទីរ​ជំនាញ​ធ្វើការ​ជួសជុល​ឡើយ បណ្តែតបណ្តោយ​ទុក​ឱ្យ​ផ្លូវជាតិ​តាំងពី​ខូច​តិចតួច​រហូត​ដល់​ជង្ហុក​ធំ​ៗ​ច្រើន​កន្លែង ។

ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១B​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​ផ្លូវជាតិ​លេខ​២១B ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​រង​ការ​ខូចខាត​ច្រើន​កន្លែង មាន​កន្លែង​ខ្លះ​ជង្ហុក​ជ្រៅ​ធំ​ៗ​ជាប់​គ្នា​រដឹក​រក​កន្លែង​បើក​វាង​មិន​បាន ។ ផ្លូវ​នេះ​បាន​ចាប់ផ្តើម​ខូច​ជា​អន្លើ​ៗ​តាំងពី​៥​ខែ​មុន​មក​ម្ល៉េះ ដំបូង​ឡើយ​មាន​ជង្ហុក​តូច​ៗ​ទេ ប៉ុន្តែ​គ្មាន​ខាង​អាជ្ញាធរ ឬ​ក្រសួង​មន្ទីរ​ជំនាញ​ទៅ​ធ្វើការ​ជួសជុល​ឡើយ ទុក​បណ្តែតបណ្តោយ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ច្រើន​កន្លែង​ក៏​នៅ​តែ​គ្មាន​ការ​ជួសជុល​ទៀត ។ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​រអ៊ូរទាំ​គ្រប់​ៗ​គ្នា​ថា ពេល​នេះ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១B​ដូច​ធ្វើ​ដំណើរ​ទៅ​ឋាននរក​អ៊ីចឹង ។

អ្នក​បើករថយន្ត​ឈ្នួល​តាម​ផ្លូវជាតិ​លេខ​២១B ពី​តា​ខ្មៅ​ទៅ​ស្រុក​កោះធំ បាន​ប្រាប់​ថា ផ្លូវជាតិ​លេខ​២១B មាន​ជង្ហុក​ធំ​ៗ​ច្រើន​កន្លែង​ជាប់​ៗ​គ្នា ស្ទើរ​បើក​ទៅ​មុខ​មិន​រួច សូ​ម្បី​តែ​អ្នក​ជិះ​ក្នុង​រថយន្ត​ក៏​រអ៊ូរទាំ​ខ្លាំង​ណាស់​ដែរ​ថា រលាក់​ដូច​បើក​កាត់​ដី​អាចម៍បំណាស់​ខែប្រាំង ។ ពី​មុន​ ផ្លូវជាតិ​នៅ​ល្អ​បើករថយន្ត​ពី​តា​ខ្មៅ​ទៅ​ស្រុក​កោះធំ រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ តែ​ពេល​នេះ​ផ្លូវ​ខូចខាត​ច្រើន​កន្លែង​ប្រើ​រយៈពេល​រហូត​ដល់​ទៅ​ជាង​២​ម៉ោង​ទើប​ទៅ​ដល់ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មួយ​រយៈ​កន្លង​ទៅ​នេះ​ នៅ​តាម​ផ្លូវជាតិ​លេខ​២១B តែងតែ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស គឺ​ដោយសារ​តែ​អ្នកបើកបរ​បើក​ចៀស​ជង្ហុក​ទៅ​បុក​គ្នា​ស្លាប់ ។

មហាជន​បាន​រិះគន់​ត្រង់​ៗ​ទៅ​លើ​អាជ្ញាធរ​ខេត្ត ពិសេស​លោក ម៉ឹង យូ​ឡេ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល មួយ​រយៈ​នេះ​មិន​មានបាន​គិតគូរ​ពី​បញ្ហា​ផ្លូវថ្នល់​ខូចខាត​នោះ​ឡើយ ដេក​លក់​ឈឹង​តែ​ម្តង តែ​បែរជា​នាំ​គ្នា​រៀបចំ​ធ្វើ​កន្លែង​ថ្លឹង​រថយន្ត​យក​លុយ​ទៅ​វិញ ។

កន្លង​ទៅ​នេះ លោក ម៉ឹង យូ​ឡេ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​២១B​នេះ ការ​ជួសជុល​ជា​ភារកិច្ច​របស់​ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ខាង​មន្ទីរ​ចប់​អាណត្តិ​ថែរក្សា​ជួសជុល​ជាង​១​ឆ្នាំទៅ​ហើយ ។

ផ្លូវជាតិ​លេខ​២១B ចាប់ពី​ក្រុង​តាខ្មៅ​ទៅ​ដល់​ជ្រៃ​ធំ ស្រុក​កោះធំ មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ មាន​ស្ពាន​ច្រើន​កន្លែង ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​ពី​ប្រទេស​វៀតណាម និង​ដឹក​ជញ្ជូន​កសិផល​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​នានា ។ មួយ​រយៈ​មកនេះ ដោយសារ​តែ​ផ្លូវ​ខូច​ខ្លាំង និង​ច្រើន​កន្លែង​ពេក ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​មានការ​ថយ​ចុះ​ច្រើន ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឱ្យ​មានការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ដើម្បី​ប្រជាជន​ងាយស្រួល​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​បាន​រហ័ស​ទាន់​ពេលវេលា ៕