គយ ជំរុញឲ្យម្ចាស់ យានយន្តគ្មានពន្ធ រួសរាន់បង់ពន្ធ ខណៈដំណាក់កាល អនុគ្រោះជិតបញ្ចប់

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានជូនដំណឹងដល់ម្ចាស់យាន យន្ត គ្មានពន្ធគ្រប់ប្រភេទ ហើយមិនទាន់បានចូលទៅបង់ពន្ធ និងអាករ ដោយស្ម័គ្រចិត្តនោះ ឲ្យរួសរាន់ចូលទៅ  បង់ពន្ធ និងអាករ ដើម្បីឲ្យទាន់ដំណាក់កាលអនុគ្រោះលើប្រាក់ពិន័យ ខណៈការអនុគ្រោះនេះជិតបញ្ចប់ហើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានលើកឡើងនូវបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមានមួយចំនួន ដែលម្ចាស់យាន យន្តគ្មានពន្ធនានាត្រូវស្វែងយល់ ដូចខាងក្រោម៖

១- ច្បាប់ស្តីពីគយ មាត្រា៥ «ទំនិញនាំចេញ ឬនាំចូលទាំងអស់ គឺជាកម្មវត្ថុនៃការអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ។  ទំនិញទាំងឡាយដែលចូលមកក្នុង ឬ ចេញពីដែនគយ ត្រូវជាប់ពន្ធនាំចូល ឬ នាំចេញ និងអាករ ដូចមានចែងក្នុង តារាងពន្ធគយ»។

២- ច្បាប់ស្តីពីគយ មាត្រា៧២ «បុគ្គលណាដែលនាំចេញ ឬ នាំចូល ឬ ប៉ុនប៉ងនាំចេញ ឬ ប៉ុនប៉ងនាំចូលទំនិញ ដោយរំលោភបំពានលើច្បាប់ ឬ បញ្ញត្តិនានា ត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើស។ បុគ្គលណាដែលប្រព្រឹត្តបទ ល្មើសគយ ត្រូវផ្តន្ទាទោសពិន័យរដ្ឋបាលដែលកំណត់ដោយរដ្ឋបាលគយ និងទោសទណ្ឌតាមផ្លូវតុលាការដែល កំណត់ដោយតុលាការមានសមត្ថកិច្ច ឬ ទោសណាមួយនៃទោសទាំងពីរ»។

៣- ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៧៨ «ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរបណ្ណ សម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬ លិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារ ឬវត្ថុក្លែងក្លាយ  ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែង) នៃក្រមព្រហ្មទណ្ឌ»។

៤- ក្រមព្រហ្មទណ្ឌ មាត្រា៦៣០ «បទប្រើប្រាស់ឯកសារសាធារណៈក្លែង - ការប្រើប្រាស់ឯកសារក្លែងដែលមាន ចែងក្នុងមាត្រា ៦២៩ (បទក្លែងបន្លំ ឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ  ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល»៕

គយ ជំរុញឲ្យម្ចាស់ យានយន្តគ្មានពន្ធ រួសរាន់បង់ពន្ធ ខណៈដំណាក់កាល អនុគ្រោះជិតបញ្ចប់